ប៉ូលីសជប៉ុនផ្តល់ជំនួយដល់អតីត Yakuza ក្នុងការបើកគណនីធនាគារ
នៅប្រទេសជប៉ុន អតីត Yakuza អាចបើកគណនីធនាគារ ក្រោយពេលចាកចេញពីក្រុម ៥ ឆ្នាំ។ ទោះជាយ៉ាងណា ក្នុងខែកុម្ភៈ ទីភ្នាក់ងារប៉ូលីសជាតិ NPA (National Police Agency) ចេញការណែនាំដល់នាយកដ្ឋានប៉ូលីសក្នុងតំបន់ចំពោះនីតិវិធីបើកគណនីធនាគារសម្រាប់អតីត Yakuza ។ ក្រៅពីនេះ ពួកគេក៏បានជូនដំណឹងដល់ធនាគារតូច ធំចំពោះវិធានការគាំទ្រដល់អ្នកដែលចាកចេញពីក្រុមសង្គមងងឹត។
ការដែលមិនអាចបើកគណនីធនាគារធ្វើឱ្យបញ្ហាចូលរួមសង្គម ចាប់ផ្តើមជីវិតថ្មីរបស់អតីត Yakuza ជួបបញ្ហា ដោយសារតែពួកគេពិបាកក្នុងការទទួលប្រាក់ខែតាមរយៈការផ្ទេរប្រាក់តាមអុីនធឺណេត។ វិធានការខាងលើរបស់ NPA ដើម្បីលើកទឹកចិត្ត Yakuza កាន់តែច្រើនចាកចេញពីក្រុមសង្គមងងឹត និងចូលរួមក្នុងសហគមន៍ឡើងវិញ។
មន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់បាននិយាយថា “នោះជាកត្តាសំខាន់នៃវិធានការប្រឆាំងក្រុមជនពាល ដោយអនុញ្ញាតឱ្យអ្នកដែលចាកចេញពីក្រុម Yakuza អាចបើកគណនីធនាគារផ្ទាល់ខ្លួន។ យើងសង្ឃឹមថានឹងដំណើរការប្រកបដោយស្ថិរភាព” ។
កាលពីមុន សេចក្តីសម្រេចចិត្តបើកគណនីធនាគារអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុ។ ធនាគារតែងតែប្រើប្រាស់ប្រព័ន្ធទិន្នន័យសម្ងាត់ និងព័ត៌មានផ្សេងទៀត ដើម្បីកំណត់ថាតើបុគ្គលដែលចង់បើកគណនីនោះជា Yakuza ដែរឬទេ។ លើសពីនេះ ពួកគេអាចបើកគណនីបានលុះត្រាតែបើកប្រាក់បៀវត្សរ៍ និងចាកចេញពីក្រុមបាន ៥ ឆ្នាំ។ ទន្ទឹមនឹងនេះ ធនាគារមួយចំនួនក៏ដាក់ចេញលក្ខខណ្ឌផ្សេងទៀត។
ឧទាហរណ៍ពួកគេត្រូវបានសហគ្រាសសហករណ៍ទទួលចូលធ្វើការ ក្រុមហ៊ុនទាំងនេះយល់ព្រមជួលអតីត Yakuza ឱ្យធ្វើការដោយមានជំនួយពីប៉ូលីស ឬពី “មជ្ឈមណ្ឌលលុបបំបាត់ក្រុមឧក្រិដ្ឋកម្ម” ។ មជ្ឈមណ្ឌលបែបនេះមាននៅគ្រប់ខេត្តក្រុងក្នុងប្រទេសជប៉ុនដែលត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម។
គិតត្រឹមដំណាច់ឆ្នាំ ២០២០ នៅទូទាំងប្រទេសជប៉ុន សមាជិក Yakuza ផ្លូវការ និងបម្រុងមានប្រហែល ២៥,៩០០ តួលេខនេះធ្លាក់ចុះជាង ៧០% ធៀបនឹងរយៈពេលបីទសវត្សរ៍មុន។ នៅពេលដែលច្បាប់ប្រឆាំងឧក្រិដ្ឋកម្មចូលជាធរមាន ប៉ូលីស និងមជ្ឈមណ្ឌលលុបបំបាត់ឧក្រិដ្ឋកម្មជួយដល់ Yakuza ប្រមាណ ១៧,៥០០ នាក់ចាកចេញពីក្រុមសង្គមងងឹត ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២០ ។ ប៉ូលីស និងភាគីផ្សេងទៀតបានជួយដល់អតីតសមាជិកក្រុមចំនួន ១,១៧៦ នាក់ឱ្យទទួលបានការងារធ្វើ។ ក្រុមមន្ត្រីបាននិយាយថា អាជីវកម្មប្រហែល ១,៥០០ សហការ។
ចលនាវិជ្ជមាន
លោក Noboru Hirosue អាយុ ៥១ ឆ្នាំ ជាអ្នកជំនាញខាងឧក្រិដ្ឋកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវឧក្រិដ្ឋកម្មនៃសាកលវិទ្យាល័យ Ryukoku គាំទ្រយ៉ាងខ្លាំងចំពោះដំណោះស្រាយបើកគណនីធនាគារសម្រាប់អតីត Yakuza និយាយថា “នេះជាជំហានសំខាន់ ដើម្បីគាំទ្រដល់ដំណើរការចូលរួមសហគមន៍ឡើងវិញ” ។
លោកបានបន្ថែមថា “អ្នកដែលចាកចេញពី Yakuza នឹងមានទស្សនវិស័យកាន់តែប្រសើរឡើងក្នុងការចូលរួមសង្គម នៅពេលដែលពួកគេទទួលបានការអនុញ្ញាតបើកគណនីធនាគារផ្ទាល់ខ្លួន” ។
លោកបាននិយាយថា អ្នកដែលត្រូវបដិសេធបើកគណនីធនាគារប្រឈមនឹងការរឹតបន្តឹងជាច្រើនលើការទទួលប្រាក់ឈ្នួល ជួលផ្ទះ និងចុះឈ្មោះសម្រាប់សេវាទូរស័ព្ទ។
រូបភាព https://www.asahi.com/ajw/articles/14580003
ប្រសិនបើអតីត Yakuza ពន្យល់ប្រាប់និយោជកថា ពួកគេជាអតីត Yakuza ដូច្នេះពួកគេមិនអាចបើកគណនីធនាគារបានទេ អាជីវកម្មអាចនឹងសម្រេចចិត្តមិនជួលពួកគេ។
លោក Hirosue វិភាគ ពេលខ្លះក្រុមសង្គមងងឹតប្រើមូលហេតុខាងលើដើម្បីអូសទាញសមាជិកដែលចង់ចាកចេញពីក្រុម។ នៅពេលជួបបញ្ហាចូលរួមក្នុងសង្គមឡើងវិញ ពួកគេអាចត្រឡប់ទៅរកក្រុមសង្គមងងឹត ហើយប្រើល្បិចបោកប្រាស់ដើម្បីចិញ្ចឹមជីវិត។
លោក Hirosue បាននិយាយថា “មិនងាយទេដែលអតីត Yakuza អាចស្វែងរកការងារភ្លាមៗ បន្ទាប់ពីចាកចេញពីក្រុមក្នុងតំបន់ដែលមានអាជីវកម្មតិចសហការជាមួយប៉ូលីស ហើយចំណុចនេះនឹងកាត់បន្ថយឳកាសបើកគណនីធនាគាររបស់ពួកគេ។ សំខាន់ត្រូវធានាថាអាជីវកម្មកាន់តែច្រើនចូលរួមសហប្រតិបត្តិការ” ។
Japo Cambobia