លោកយាយជនជាតិជប៉ុនចំណាស់ជាងគេលើពិភពលោកបានទទួលមរណភាពនៅជន្មាយុ ១១៩ ឆ្នាំ
លោកយាយជនជាតិជប៉ុនចំណាស់ជាងគេនៅលើពិភពលោក បានទទួលមរណភាពនៅជន្មាយុ ១១៩ ឆ្នាំ។
លោកយាយ Kane Tanaka កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ នៅ Fukuoka ភាគនិរតីប្រទេសជប៉ុន ក្នុងឆ្នាំដដែលនោះ បងប្អូនគ្រួសារ Wright ហោះហើរជាលើកដំបូង ហើយ Marie Curie បានក្លាយជាស្ត្រីដំបូងគេដែលឈ្នះរង្វាន់ណូបែល។
លោកយាយ Tanaka មានសុខភាពល្អគួរសម រហូតមកដល់ពេលថ្មីៗនេះយាយស្នាក់នៅមណ្ឌលថែទាំមនុស្សចាស់។ លោកយាយចូលចិត្តលេង board Game ដោះស្រាយគណិតវិទ្យា ផឹកសូដា និងហូបសូកូឡា។
កាលនៅក្មេង លោកយាយ Tanaka ធ្លាប់គ្រប់គ្រងអាជីវកម្មផ្សេងៗដូចជាម្ចាស់ហាងមី និងហាងនំអង្ករ។ យាយរៀបការជាមួយលោកតា Hideo Tanaka ក្នុងឆ្នាំ ១៩២២ មានកូនចំនួន ៤ នាក់ និងទទួលកូនចិញ្ចឹមទី ៥ ម្នាក់។ លោកយាយ Tanaka ធ្លាប់មានបំណងអង្គុយលើកៅអីរុញ និងចូលរួមក្នុងព្រឹត្តិការណ៍បញ្ជូនភ្លើងគប់កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២១ ប៉ុន្តែគួរអោយសោកស្តាយជំងឺរាតត្បាតមិនអនុញ្ញាតឱ្យគាត់ចេញក្រៅ។
នៅពេលដែលកំណត់ត្រា Guinness ទទួលស្គាល់គាត់ជាមនុស្សចំណាស់ជាងគេលើពិភពលោកនៅឆ្នាំ ២០១៩ ពេលទទួលបានសំណួរ តើពេលវេលាណាក្នុងជីវិតធ្វើឱ្យគាត់មានសុភមង្គលបំផុត? ចម្លើយរបស់គាត់គឺ “បច្ចុប្បន្ន” ។
នៅពេលនោះ គាត់បានចែករំលែកថា ទម្លាប់ប្រចាំថ្ងៃរបស់គាត់ គឺក្រោកពីគេងនៅម៉ោង ៦ ព្រឹក ពេលរសៀល គាត់ចំណាយពេលរៀនគណិតវិទ្យា និងហាត់សរសេរអក្សរផ្ចង់។ នេះបើតាមកំណត់ត្រា Guinness បានឱ្យដឹង “ល្បែងកំសាន្តរបស់លោកយាយ Kane គឺអុក Othello ។ គាត់ជាអ្នកជំនាញខាងល្បែង board game តែងតែយកឈ្នះបុគ្គលិកនៅមណ្ឌលថែទាំមនុស្សចាស់” ។
លោកយាយបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែមេសា។
ជប៉ុនជាប្រទេសដែលមានប្រជាជនចំណាស់ជាងគេលើពិភពលោក។ យោងទៅតាមទិន្នន័យរបស់ធនាគារពិភពលោក ប្រទេសនេះមានប្រហែល ២៨% អ្នកដែលមានអាយុជាង ៦៥ ឆ្នាំ។
ស្រ្តីចំណាស់ជាងគេដែលធ្លាប់ត្រូវបានកំណត់ត្រា Guinness ទទួលស្គាល់គឺ Jeanne Louise Calment ជនជាតិបារាំង បានទទួលមរណភាពនៅជន្មាយុ ១២២ ឆ្នាំ ក្នុងឆ្នាំ ១៩៩៧ ។
Sacchan