ជីវិតរបស់ Masako Katsura កំពូលស្រ្តីលេងប៊ីយ៉ានៅជប៉ុន
នៅទសវត្សរ៍ឆ្នាំ ១៩៥០ ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Masako Katsura បានធ្វើឱ្យកក្រើកពិភពប៊ីយ៉ា និងបង្កើតកេរ្តិ៍ឈ្មោះក្នុងពិភពកីឡាដែលភាគច្រើនជាបុរស។
នៅឆ្នាំ ១៩៥២ ស្តេចប៊ីយ៉ា Willie Hoppe ប្រឈមមុខនឹងគូប្រជែងដែលមិនធ្លាប់មានពីមុនមក គឺកីឡាការិនី Masako Katsura ។ នៅពេលដែលលោកយកឈ្នះជើងឯកពិភពលោកលើកដំបូង Masako Katsura មិនទាន់ចាប់កំណើតផង។
Masako Katsura ជាស្ត្រីដំបូងគេដែលចូលរួមការប្រកួតប៊ីយ៉ាលើឆាកអន្តរជាតិ ហើយគាត់បានក្លាយជាស្រ្តីអស្ចារ្យម្នាក់។
ទោះជាយ៉ាងណា អ្នកស្រីបានបង្កើតកេរ្តិ៍ឈ្មោះក្នុងពិភពប៊ីយ៉ាជប៉ុន ហើយបានក្លាយជាការចាប់រអារម្មណ៍នៃពិភពកីឡា។ Masako Katsura នាំយកបទពិសោធន៍ជាច្រើនដែលបានមកពីសាលប៊ីយ៉ានៅទីក្រុងតូក្យូទៅកាន់ឆាកពិភពលោក ក្នុងនាមជាស្ត្រីដំបូងចូលរួមក្នុងការប្រកួតប៊ីយ៉ាអន្តរជាតិ។
តើ Masako Katsura ជានរណា?
Masako Katsura អាយុ ១៤ ឆ្នាំចាប់ផ្តើមលេងប៊ីយ៉ា។ គាត់កើតនៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩១៣ Masako Katsura ធំដឹងក្តីក្រោមការមើលថែរបស់ម្តាយ ជាពិសេសបន្ទាប់ពីឪពុករបស់គាត់ទទួលមរណភាព ម្តាយរបស់គាត់ជាអ្នកណែនាំល្បែងបុកប៊ីយ៉ា។
Masako Katsura បាននិយាយថា “ស្ថានភាពរាងកាយរបស់ខ្ញុំខ្សោយណាស់ តែងតែមានអារម្មណ៍អស់កម្លាំង” ។ “ដូច្នេះហើយម្តាយខ្ញុំចង់ឱ្យខ្ញុំលេងប៊ីយ៉ា ដើម្បីហាត់ប្រាណ និងធ្វើឱ្យខ្ញុំរឹងមាំជាងមុន” ។
ក្នុងទសវត្សរ៍ឆ្នាំ ១៩២០ កន្លែងលេងប៊ីយ៉ាពេញនិយមខ្លាំងនៅទីក្រុងតូក្យូ។ បងថ្លៃរបស់ Masako Katsura ក៏ជាម្ចាស់ហាង ហើយបង្រៀននាងឱ្យទម្លាប់នឹងល្បែងនេះផងដែរ។ មិនយូរប៉ុន្មាននាងតែងតែចំណាយពេលទំនេរនៅលើតុប៊ីយ៉ា ដោយចាប់ផ្តើមហាត់ក្នុងនាមជាអ្នកជួយ។
ខំប្រឹងហ្វឹកហាត់ជារៀងរាល់ថ្ងៃ មិនយូរប៉ុន្មាន Masako Katsura មានជំនាញបុកប៊ីយ៉ាពិសេស។
កាលអាយុ ១៥ ឆ្នាំ Katsura យកឈ្នះជើងឯកប៊ីយ៉ាសេរីនារីជប៉ុន។ ជំនាញរបស់នាងបានទាក់ទាញចំណាប់អារម្មណ៍ម្ចាស់ជើងឯកជប៉ុន Kinrey Matsuyama ។ គាត់ទទួលហ្វឹកហាត់ និងណែនាំនាងឱ្យលេងប៊ីយ៉ា carom ។
ដោយមានភាពស្មុគស្មាញ អ្នកលេងត្រូវស្ទាត់ជំនាញទើបទទួលបានពិន្ទុ ២ ខ្ទង់ក្នុងមួយលើក។ មិនយូរប៉ុន្មាន Katsura ឈានដល់កម្រិតកំពូល ដោយសារភាពប៉ិនប្រសប់បានផ្ដួលកីឡាករល្បីៗជាច្រើន។
Masako Katsura ផ្លាស់ទៅសហរដ្ឋអាមេរិក
សង្គ្រាមលោកលើកទី ២ បានធ្វើឱ្យអាជីពប៊ីយ៉ារបស់ Katsura ត្រូវផ្អាក។ ក្នុងកំឡុងពេលសង្រ្គាម នាងធ្លាប់សម្តែងបុកប៊ីយ៉ាកំសាន្តសម្រាប់កងទ័ពជប៉ុន។ ក្រោយសង្គ្រាម នាងបានបន្តបង្ហាញពីទេពកោសល្យនេះនៅក្នុងក្លឹបបម្រើយោធាអាមេរិក។
ការសម្តែងទាំងនោះបានចាប់ផ្តើមអាជីពជាអ្នកលេងប៊ីយ៉ាអន្តរជាតិរបស់ Katsura ។ ទាហានអាមេរិកម្នាក់បានសរសេរសំបុត្រផ្ញើឪពុករបស់គាត់ ដែលជាម្ចាស់ជើងឯកប៊ីយ៉ាឈ្មោះ Welker Cochran និយាយពី Masako Katsura ។ គាត់បាននិយាយថា “នារីម្នាក់នេះលេងពូកែជាងពុកទៅទៀត” ។ នៅពេលនោះ Katsura បានយកឈ្នះជើងឯកល្បែងប៊ីយ៉ាថ្នាក់ជាតិនារី និងចាប់ផ្តើមប្រកួតប្រជែងជើងឯកថ្នាក់ជាតិបុរស។
ជីវិតរបស់ Katsura ផ្លាស់ប្តូរបន្តិចម្តងៗ នៅពេលដែលនាងបានជួប Vernon Greenleaf ដែលជាពលបាលត្រីក្នុងជួរកងទ័ពអាមេរិក ជាកន្លែងដែលនាងសម្តែងទេពកោសល្យលេងប៊ីយ៉ាជារៀងរាល់យប់ បន្ទាប់មកពួកគេបានរៀបការ។
នៅឆ្នាំ ១៩៥១ Katsura និងស្វាមីបានផ្លាស់ទៅរស់នៅ California នាងមើលឃើញពិភពមួយខុសពីទីក្រុងតូក្យូ។ នៅប្រទេសជប៉ុន ស្រ្តីបន្ទាប់ពីបញ្ចប់ការងាររកកន្លែងលេងប៊ីយ៉ា ប៉ុន្តែបន្ទប់លេងប៊ីយ៉ានៅអាមេរិកជាកន្លែងសម្រាប់បុរស។
Katsura សារភាពថា “នៅទីនេះខ្ញុំទើបតែបានជួបអ្នកលេងប៊ីយ៉ាស្រីម្នាក់ប៉ុណ្ណោះ នៅហាងប៊ីយ៉ាគេចាត់ទុកដូចជាកន្លែងសម្រាប់បុរស។ អ្នកដឹងទេ ប្រសិនបើនរណាម្នាក់បើកហាងប៊ីយ៉ាសម្រាប់តែមនុស្សស្រី ពិតជាល្អណាស់” ។ Masako Katsura ក្លាយជាអ្នកលេងប៊ីយ៉ាអន្តរជាតិ។
Masako Katsura ទទួលបានជោគជ័យផ្នែកប៊ីយ៉ាអាមេរិកក្នុងទស្សវត្សរ៍ឆ្នាំ ១៩៥០ បានបង្កការភ្ញាក់ផ្អើល។ ជើងឯក Welker Cochran ក្លាយជាអ្នកគ្រប់គ្រងរបស់ Katsura ។
លោក Welker Cochran បានប្រាប់កាសែតថា “ល្បែងនេះត្រូវការកីឡាការិនីម្នាក់ដែលមានជំនាញគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយកីឡាករឆ្នើម។ ហើយខ្ញុំជឿថានៅទីបំផុតរឿងនេះបានមកដល់” ។
Katsura បានក្លាយជាប្រធានបទនៅលើបណ្តាញផ្សព្វផ្សាយអាមេរិក ប៉ុន្តែសារព័ត៌មានច្រើនតែចាប់អារម្មណ៍លើភេទជាជាងជំនាញរបស់នាង។
ទោះជាយ៉ាងណា អ្នកលេងប៊ីយ៉ាជាច្រើនបានផ្តល់ការគោរពជាពិសេសចំពោះ Katsura ។ Willie Hoppe បាននិយាយថា “នៅបូព៌ា ពួកគេបានប្រាប់ខ្ញុំថា នាងពូកែណាស់ ប៉ុន្តែខ្ញុំមិននឹកស្មានថាអាចមើលឃើញកីឡាការិនីដ៏អស្ចារ្យបែបនេះទេ។ នាងយកឈ្នះការប្រកួតអ្នកលេងដែលពូកែបំផុត” ។
Katsura ត្រូវបានទំព័រកាសែតមួយហៅថា “កំពូលស្រ្តីប៊ីយ៉ាជនជាតិជប៉ុន” ប៉ុន្តែ Katsura បាននិយាយថា នាងគ្រាន់តែចង់ឱ្យអ្នករាល់គ្នាហៅថា Katsy ប៉ុណ្ណោះ។
ការប្រកួតប្រជែងឆ្នាំ ១៩៥២ រវាង Hoppe ដែលជាម្ចាស់ជើងឯកពិភពលោក ៥១ ដង និង Katsura ដែលជាស្ត្រីជនជាតិជប៉ុនមាឌតូចម្នាក់បានបង្កការភ្ញាក់ផ្អើលនៅលើទំព័រកាសែត។
ម្ចាស់ជើងឯកប៊ីយ៉ា Willie Hoppe កាលនៅក្មេង។
ទោះបីជាមិនអាចទម្លាក់ជើងឯកពិភពលោក Hoppe ប៉ុន្តែ Katsura បានក្លាយជាស្ត្រីដំបូងចូលរួមការប្រកួតប៊ីយ៉ាអន្តរជាតិ។
បន្ទាប់ពីបំបាត់គំនិតរើសអើងយេនឌ័រក្នុងពិភពប៊ីយ៉ា Masako Katsura បានក្លាយជាអ្នកតំណាងកីឡានេះ។ នៅឆ្នាំ ១៩៥៨ នាងបង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ នាងស្ទើរតែជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រកួតអន្តរជាតិ។
គ្រូបង្វឹកយូរឆ្នាំរបស់ Katsura ឈ្មោះ Welker Cochran បានសរសើរជំនាញរបស់នាងថា “Masako Katsura បើកវិស័យថ្មីសម្រាប់ស្ត្រី។ វត្តមានរបស់នាងបានធ្វើឱ្យកីឡានេះមានភាពទាក់ទាញសម្រាប់ស្រី្ត។ នាងមានកម្លាំងរបស់បុរស” ។
ទោះជាយ៉ាងណា នៅឆ្នាំ ១៩៦១ Katsura ចូលនិវត្តន៍បន្ទាប់ពីចាញ់ម្ចាស់ជើងឯកពិភពលោក។
ពិន្ទុសម្រាប់ការប្រកួតដំបូងរបស់ Masako Katsura នៅសហរដ្ឋអាមេរិក។
“កំពូលស្រ្តីលេងប៊ីយ៉ា” បង្ហាញខ្លួនលើកចុងក្រោយនៅឆ្នាំ ១៩៧៦ នៅហាងប៊ីយ៉ានៅសាន់ហ្វ្រាន់ស៊ីស្កូ។ គាត់ចូលទៅលេងទទួលបាន ១០០ ពិន្ទុ ក្រោយមកបាត់ខ្លួនម្តងទៀត។
នៅទសវត្សរ៍ឆ្នាំ ១៩៧០ កីឡាប៊ីយ៉ាបានផ្លាស់ប្តូរ។ នៅទសវត្សរ៍នោះអ្នកលេងមួយក្រុមបានបង្កើតសមាគមកីឡាប៊ីយ៉ាអាជីពស្រ្តី។ ពួកគេបានបញ្ចូល Katsura ចូលទៅក្នុងសាលកិត្តិនាមរបស់ពួកគេ។
ចំណែកអតីតជើងឯក Katsura បានផ្លាស់ទៅនៅជប៉ុន ហើយទទួលមរណភាពនៅឆ្នាំ ១៩៩៥ ។
នេះជារឿងក្នុងទស្សវត្សរ៍ឆ្នាំ ១៩៥០ Masako Katsura ត្រូវគេចាត់ទុកជាកំពូលស្រ្តីលេងប៊ីយ៉ា ព្រោះតែបានបំបាត់ការរើសអើងយេនឌ័រក្នុងកីឡាដែលធ្លាប់តែពេញនិយមសម្រាប់បុរស។
AD