បុរសជនជាតិចិនទទួលបានទិដ្ឋាការជប៉ុនគ្មានដែនកំណត់ដំបូងគេ
ព័ត៌មានពីក្រសួងហេដ្ឋារចនាសម្ព័ន្ធបានប្រកាសថា បុរសជនជាតិចិនអាយុ ៣៥ ឆ្នាំម្នាក់បានក្លាយជាមនុស្សដំបូងគេដែលទទួលបានសិទ្ធិស្នាក់នៅសម្រាប់ Blue-collar worker (ពលកម្មដៃជើង) ជនបរទេសស្នាក់នៅប្រទេសជប៉ុនដោយគ្មានកំណត់។
លោក Weng Fei បុគ្គលិកក្រុមហ៊ុនសំណង់នៅខេត្ត Gifu ភាគកណ្តាលប្រទេសជប៉ុន ទទួលបានងារជាកម្មករជំនាញលេខ ២ តាមគោលនយោបាយដែលដាក់ចេញដោយជប៉ុននៅខែមេសា ឆ្នាំ ២០១៩ ដើម្បីទាក់ទាញពលករបរទេស និងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរក្នុងប្រទេស។
ប្រព័ន្ធនេះអនុញ្ញាតឱ្យជនបរទេសដែលមានកម្រិតភាសាជប៉ុន និងជំនាញវិជ្ជាជីវៈជាក់លាក់អាចដាក់ពាក្យសុំស្នាក់នៅដែលគេហៅថាកម្មករមានជំនាញជាក់លាក់លេខ ១ ផ្តល់សិទ្ធិធ្វើការលើវិស័យចំនួន ១៤ ដូចជា សំណង់ កសិកម្ម និងគិលានុបដ្ឋាយិកា។ល។ រហូតដល់ ៥ ឆ្នាំ។
កម្មករជំនាញខាងផ្នែកសំណង់ និងការសាងសង់កប៉ាល់អាចបន្តការស្នាក់នៅដោយសម្រេចបានស្ថានភាពកម្មករជំនាញជាក់លាក់លេខ ២ ។ ត្រង់ចំណុចនេះអនុញ្ញាតឱ្យនាំសមាជិកគ្រួសារ និងមិនមានដែនកំណត់ចំពោះចំនួនទិដ្ឋាការ។
លោក Weng បានមកដល់ប្រទេសជប៉ុនលើកដំបូងក្នុងឆ្នាំ ២០១០ ក្នុងនាមជាអ្នកហាត់ការផ្នែកបច្ចេកទេសធ្វើការនៅក្រុមហ៊ុនសំណង់សព្វថ្ងៃ។ គាត់ទទួលបានងារជាកម្មករជំនាញលេខ ១ ក្នុងឆ្នាំ ២០២០។
បន្ទាប់មកគាត់ទទួលបានពិន្ទុលេខ ១ ក្នុងការប្រលងជំនាញបច្ចេកទេស ប្រព័ន្ធជាតិសម្រាប់បញ្ជាក់សមត្ថភាពវិជ្ជាជីវៈដែលបង្ហាញថាលោកមានជំនាញកម្រិតខ្ពស់ ចាំបាច់សម្រាប់មុខតំណែងដែលមិនមែនជាអ្នកគ្រប់គ្រង។
Miki Sawamura អនុប្រធានសហករណ៍គម្រោងអេកូឡូស៊ី ជាសហជីពគាំទ្រកម្មករបរទេសយ៉ាងសកម្មដែលមានមូលដ្ឋាននៅទីក្រុង Gifu បាននិយាយថាសមិទ្ធផលនេះគឺជា “លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់និយោជកក្នុងការបង្កើតបរិយាកាសការងារប្រកបដោយផាសុកភាពសម្រាប់ជនបរទេស” ។
Sawamura បាននិយាយថា “ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្ម ខ្ញុំសង្ឃឹមថាវិស័យសំណង់នឹងខិតខំប្រឹងប្រែងកែលម្អការប្រព្រឹត្តិចំពោះជនបរទេស” ។
Sacchan