សេចក្តីបង្គាប់ដែលមិនច្បាស់លាស់ក្នុងបរិយាកាសការិយាល័យជប៉ុន
នៅពេលធ្វើការក្នុងអាជីវកម្មជប៉ុន ខ្ញុំប្រាកដថាមនុស្សជាច្រើនស្គាល់ភាសាបង្កប់មួយចំនួន ដូចជាលក្ខណៈនិយាយមិនច្បាស់លាស់ទុកឲ្យភាគីទាយ។ ឧទាហរណ៍ដូចខាងក្រោម៖
細かいところは御社に一任いたします。
ព័ត៌មានលម្អិតសូមប្រគល់ទៅឲ្យក្រុមហ៊ុន។
一般的なレベルで、、、
ក្នុងកម្រិតទូទៅ…
目立つ傷はないようにお願いします。
សូមកុំធ្វើឲ្យមានស្នាមឆ្កូតធំពេក។
ពេលលើកជាសំណើទូទៅបែបនេះ បុគ្គលិកដឹងតែធ្វើតាមដើម្បីឆ្លើយតបស្តង់ដារ បន្ទាប់មកបែរជាត្រូវត្អូញត្អែរ។
“ប្រាប់ហើយថាគល់ទៅឲ្យ” ពិតជាអយុត្តិធម៌ណាស់។ ទោះជាយ៉ាងណា នោះជាផ្នែកមួយនៃបញ្ហាដែលអ្នកត្រូវប្រឈមមុខពេលធ្វើការក្នុងអាជីវកម្មជប៉ុន។
ជាការពិតណាស់ កំហុសមិនមែនមកពីអ្នកនោះទេ ប៉ុន្តែមកពីវប្បធម៌ការងាររបស់ជនជាតិជប៉ុន។ ក្នុងអត្តបទនេះខ្ញុំចង់និយាយពីប្រភេទ “ដង្ហើមការិយាល័យ” ដែលហៅថា 阿吽の呼吸 (Aun no kokyuu) ប្រែថា “សម្របសម្រួលដោយរលូន ស្របទៅនឹងដង្ហើមនីមួយៗ” ឃ្លានេះមានន័យថា “មិនចាំបាច់និយាយក៏យល់” ។
ប៉ុន្តែបើមិននិយាយធ្វើម៉េចដឹង??? ជាពិសេសចំពោះជនបរទេស។
ទំនិញខូចដោយសារការយល់ច្រលំអំឡុងពេលផ្លាស់ប្តូរ ផលិតកម្មអាចបង្វិលសងវិញ ឬលក់បញ្ចុះតម្លៃ ប៉ុន្តែនាពេលអនាគតទំនិញទាំងនេះត្រូវប្រមូលមកវិញទាំងស្រុង។ ចំណុចដែលគួរឲ្យបារម្ភ មិនត្រឹមតែផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងជាការបាត់បង់ផ្នែកស្មារតីរបស់អ្នកដែលខិតខំបង្កើតផលិតផល។ ភាគីអាជីវកម្មជប៉ុនក៏ខុសដែរ ព្រោះមិនបានផ្តល់សេចក្តីបង្គាប់ច្បាស់លាស់ ដូច្នេះមិនអាចទាមទារសំណងអ្វីបាន។
ដូច្នេះសូមរួមគ្នា “ការពារប្រសើរជាងព្យាបាល” ។
ដំណោះស្រាយគឺផ្លាស់ប្តូរសេចក្តីបង្គាប់មិនច្បាស់លាស់ទាំងនេះដោយពាក្យដែលងាយស្រួលយល់។
ឧទាហរណ៍ដូចជាសេចក្តីបង្គាប់ថា “សូមកុំធ្វើឲ្យមានស្នាមឆ្កូតធំពេក” ឬអាចនិយាយថា “ស្នាមឆ្កូតមើលមិនឃើញអាចទទួលយកបាន” ។
ដូច្នេះមុនពេលផលិត អ្នកផ្ញើអុីម៉ែលទៅកាន់អតិថិជន ភ្ជាប់រូបថតផលិតផលគំរូ ដើម្បីពិនិត្យមើលថាកម្រិតស្នាមឆ្កូតបែបនេះអាចទទួលយកបានដែរទេ។
ក្នុងករណីទំហំផលិតផលខុសគ្នា អ្នកអាចអុីម៉ែលកែប្រែទំហំខុសគ្នា ±○○mm ។
ប្រសិនបើអ្នកត្រូវតម្រូវឲ្យជួសជុលក្នុងរយៈពេលខ្លីបំផុត នៅពេលនោះសូមបញ្ជាក់តារាងពេលវេលាខ្លីបំផុតសម្រាប់ភាគីម្ខាងទៀត។ ហើយគួរតែបញ្ជាក់យ៉ាងច្បាស់ក្នុងករណីខ្លះអាចបណ្តាលឲ្យយឺតយ៉ាវប៉ុន្មានថ្ងៃ។
សរុបទៅ យើងត្រូវបញ្ជាក់សេចក្តីបង្គាប់ដែលមិនច្បាស់លាស់ដោយតួលេខជាក់ស្តែង។ ក្រៅពីនេះ សូមផ្ញើអុីម៉ែលដើម្បីពិភាក្សាមុនពេលចាប់ផ្តើមធ្វើការ។ ក្នុងករណី deadline ជិតមកដល់ ចូរបញ្ជាក់ប្រាប់ភាគី deadline អាចនឹងផ្លាស់ប្តូរ ដោយសារតែស្ថានភាពកើតឡើងមិនដឹងមុន។
តាមទ្រឹស្តី តម្រូវការទាំងអស់គួរតែត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងកិច្ចសន្យា ប៉ុន្តែជាក់ស្តែង ពិតជាពិបាកបញ្ជាក់គ្រប់យ៉ាងក្នុងកិច្ចសន្យាណាស់។ អាស្រ័យហេតុនេះ រាល់ការពិភាក្សាដែលកើតឡើង សូមធ្វើតាមរយៈអុីម៉ែលជៀសវាងករណីគេចវេសមិនទទួលខុសត្រូវ។
ខ្ញុំដឹងថាមានមនុស្សជាច្រើនមិនចង់ធ្វើការជាមួយអាជីវកម្មជប៉ុន ព្រោះយល់ថាមានបញ្ហាច្រើនទាក់ទងនឹងភាពមិនច្បាស់លាស់ក្នុងសេចក្តីបង្គាប់។ ទោះជាយ៉ាងណា មិនថាវិជ្ជាជីវៈណានោះទេ សុទ្ធតែទាមទារភាពប៉ិនប្រសប់ កត់សម្គាល់ ហើយប្រសិនបើអ្នកអាចប្រមើលមើលបញ្ហាដែលអាចកើតមាន សមត្ថភាពការងាររបស់អ្នកនឹងកើនឡើង។
សូមចាត់ទុកអត្តបទនេះដូចជាឯកសារយោងពេលអ្នកដាក់ពាក្យនៅអាជីវកម្មជប៉ុន។
Kengo Abe