នាយកក្រុមហ៊ុនតាក់ស៊ីធំនៅជប៉ុនបានប្រកាសចូលនិវត្តន៍នៅអាយុ ១០០ ឆ្នាំ
នាយកតំណាង និងជាប្រធាន Daiichi Kotsu Sangyo ដែលជាក្រុមហ៊ុនតាក់ស៊ីធំនៅក្នុងប្រទេសជប៉ុន បានប្រកាសចូលនិវត្តន៍នៅថ្ងៃទី ៦ ខែមេសា នៅអាយុ ១០០ ឆ្នាំ។
លោក Hajime Kurotsuchi បានអោយដឹងក្នុងសន្និសីទសារព័ត៌មានថា លោកនឹងចុះចេញពីតំណែងក្នុងកិច្ចប្រជុំម្ចាស់ហ៊ុនរបស់ក្រុមហ៊ុននៅខែមិថុនា ហើយនឹងក្លាយជាទីប្រឹក្សារបស់ក្រុមហ៊ុន។
លោក Kurotsuchi បានបង្កើតក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងនេះដើម្បីដំណើរការទូទាំងប្រទេស។ គាត់បាននិយាយថា “ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចរស់នៅរហូតដល់អាយុ ១០០ ឆ្នាំឡើងទៅ” ។
លោក Kurotsuchi កើតនៅ Nakatsu ខេត្ត Oita ។ គាត់ចេញពីវិទ្យាល័យពាណិជ្ជកម្ម Oita (ឥឡូវនេះជាផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Oita) មុនពេលបញ្ចប់ការសិក្សា គាត់ត្រូវបំពេញកាតព្វកិច្ចយោធាក្នុងកំឡុងសង្គ្រាមលោកលើក ២ ។
បន្ទាប់ពីត្រឡប់មកពីប្រទេសចិន គាត់ចូលបម្រើកងទ័ពអធិរាជជប៉ុន គាត់ធ្វើការក្នុងក្រុមហ៊ុនពាណិជ្ជកម្មមួយ និងកន្លែងផ្សេងទៀតក្រោយសង្គ្រាម។ លោក Kurotsuchi បានបង្កើតក្រុមហ៊ុនដំបូង Daiichi Kotsu ជាមួយនឹងតាក់ស៊ី ៥ គ្រឿង ក្នុងឆ្នាំ ១៩៦០ ។
លោក Kurotsuchi បានពង្រីកដំណើរការអាជីវកម្មតាមរយៈការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនតាក់ស៊ីផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន។ ហើយក៏ដំណើរការនៅទីក្រុងតូក្យូផងដែរ បច្ចុប្បន្ន Daiichi Kotsu ជាម្ចាស់រថយន្តតាក់ស៊ីច្រើនជាងគេក្នុងប្រទេសជប៉ុន ដោយមានចំនួន ៨០០០ គ្រឿង។
លោក Kurotsuchi ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុនក្នុងឆ្នាំ ២០០១ ។ គាត់បានប្រគល់សិទ្ធិតំណាងរបស់ខ្លួនទៅឱ្យក្រុមហ៊ុនក្នុងឆ្នាំ ២០១៥ ពេលគាត់រងរបួស ហើយបន្ទាប់មកបានត្រឡប់មកធ្វើជានាយកតំណាងនៅឆ្នាំ ២០១៧ ។
គាត់នៅតែមកការិយាល័យជារៀងរាល់ថ្ងៃ និងចូលរួមស្ទើរតែរាល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលដែលធ្វើឡើងតាមអនឡាញ។
លោកបានថ្លែងជាសារដល់បុគ្គលិករបស់ខ្លួនក្នុងសន្និសីទសារព័ត៌មានថា “សូមអនុវត្តគោលការណ៍របស់ក្រុមហ៊ុន ដូចជាគោរពមនុស្សគ្រប់គ្នា ហើយចងចាំ និងដឹងគុណចំពោះអតិថិជន” ។
លោក Kurotsuchi បានចែករំលែកបន្ថែមអំពីអាថ៌កំបាំងនៃការរស់នៅប្រកបដោយសុខភាពល្អ “កុំបរិភោគ ឬផឹកច្រើនពេក ហើយហាត់ប្រាណជារៀងរាល់ថ្ងៃរយៈពេល ១០ ទៅ ២០ នាទី” ។
ក្នុងសន្និសីទសារព័ត៌មាន លោកមានប្រសាសន៍ពេលឈានចូលអាយុ ១០០ ឆ្នាំនាខែមករាឆ្នាំនេះថា “ឥឡូវនេះខ្ញុំមានអាយុ ១០០ ឆ្នាំហើយ។ ពេលវេលាដើរលឿនណាស់” ។
លោកមានគម្រោងបង្កើតមូលដ្ឋានដើម្បីជួយដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។
yuki