អតីតព្រះនាង Mako ធ្វើការស្ម័គ្រចិត្តមិនយកប្រាក់កម្រៃនៅសារមន្ទីរសិល្បៈ

បច្ចុប្បន្នអតីតព្រះនាងជប៉ុន Mako Komuro កំពុងកាន់តំណែងមួយនៅសារមន្ទីរសិល្បៈ Metropolitan ទីក្រុង New York ។ Mako កំពុងធ្វើការនៅសារមន្ទីរក្នុងនាមជាអ្នកស្ម័គ្រចិត្តដែលមិនទទួលប្រាក់កម្រៃ ដោយជួយអ្នក​រៀប​ចំការតាំងពិព័រណ៍គំនូរទាក់ទងនឹងព្រះសង្ឃរស់នៅសតវត្សទី ១៣ ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសជប៉ុនដើម្បី​ផ្សព្វ​ផ្សាយ​ព្រះពុទ្ធសាសនា។

Mako និងស្វាមីរបស់នាង Kei Komoro បានផ្លាស់ទៅរស់នៅទីក្រុង New York កាលពីឆ្នាំមុន បន្ទាប់ពីរៀបការនៅប្រទេសជប៉ុនកាលពីខែតុលាឆ្នាំមុន។ Mako ជាសមាជិកគ្រួសាររាជវង្សបានរៀបការជាមួយ Komoro ហើយ​បោះ​បង់​ឋានៈរបស់ខ្លួន ព្រមទាំងប្រាក់ចំនួន ១,៣ លានដុល្លារដែលនាងនឹងទទួលបានប្រសិនបើរៀបការជាមួយអភិជន។

គូស្នេហ៍មួយគូនេះជួបគ្នានៅឆ្នាំ ២០១៣ ពេលកំពុងសិក្សានៅសាកលវិទ្យាល័យគ្រីស្ទានអន្តរជាតិ និង​ភ្ជាប់​ពាក្យ​នៅ​ឆ្នាំ ២០១៧ ។ អាពាហ៍ពិពាហ៍​របស់​ពួក​គេធ្វើឡើងនៅឆ្នាំ ២០២១ ដែលជា​លើក​ដំបូង​ក្នុង​ប្រទេស​ជប៉ុន​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ ២ សមាជិកគ្រួសាររាជវង្សរៀបការមិនធ្វើតាមពិធីប្រពៃណី។

អាពាហ៍ពិពាហ៍នេះប្រឈមមុខនឹងការប្រឆាំងជាច្រើនក្នុងប្រទេសជប៉ុន នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបាន​ជីក​កកាយអតីតកាលរបស់ Kei និងបានចោទប្រកាន់ម្តាយរបស់គាត់មិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុ។ មនុស្សជាច្រើន​ក៏បានប្រៀបធៀបអាពាហ៍ពិពាហ៍នេះទៅនឹងអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ Harry និង Meghan Markle ដែល​ត្រូវ​បានគេដាក់រហ័សនាមថា “Harry និង Meghan នៃប្រទេសជប៉ុន” ។

យោងទៅតាមទីភ្នាក់ងារគ្រួសាររាជវង្ស ព្រះនាង Mako មានជម្ងឺស្ត្រេសក្រោយពេលប៉ះទង្គិចផ្លូវចិត្ត ដោយសារតែព័ត៌មាន​អវិជ្ជមាន​រីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយ និងការរិះគន់របស់សាធារណៈជន។

ប្តីរបស់នាង Komoro ជាមេធាវីម្នាក់ដែលមានមហិច្ឆតាចំពោះសញ្ញាប័ត្រច្បាប់នៅសាកលវិទ្យាល័យ Fordham ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើការនៅក្រុមហ៊ុនច្បាប់ Lowenstein Sandler នៅ Manhattan ។ គាត់កំពុងតែព្យាយាមប្រឡង​ជាប់មេធាវីនៅ New York ។ អ្នកទាំងពីររស់នៅក្នុងផ្ទះដែលមានបន្ទប់គេងមួយនៅ New York អាចមើលឃើញទន្លេ Hudson មានចម្ងាយពីសារមន្ទីរត្រឹម​ ១០ នាទី។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: