ព្រះសង្ឃជប៉ុនបោះពុម្ពសៀវភៅគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាតាមទស្សនៈព្រះពុទ្ធសាសនា

ខណៈពេលដែលសាសនាដទៃទៀតចាត់ទុកសហគមន៍ LGBTQ ជាអំពើបាប ចំណែកឯ Kodo Nishimura ជាព្រះសង្ឃ LGBTQ នៅ​ជប៉ុន កំពុង​ផ្សព្វ​ផ្សាយ​ការ​បង្រៀន​របស់​ព្រះពុទ្ធសាសនាដែលមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា មិនមាន​ការ​លើក​លែង​នោះ​ទេ។

Kodo Nishimura អាយុ ៣៣ ឆ្នាំ ក្រៅពីធ្វើជាព្រះសង្ឃ គាត់ក៏ជាអ្នកផាត់មុខល្បីឈ្មោះ LGBTQ+ បានបោះ​ពុម្ព​សៀវ​​ភៅ​ជា​ភាសា​អង់​គ្លេស​ដែលមានចំណងជើងថា “This Monk Wears Heels: Be Who You Are” ក្នុងខែកុម្ភៈ។

Kodo Nishimura ចង់ចែករំលែកជាមួយពិភពលោក “ជារឿងដែលមានតែព្រះសង្ឃស្រលាញ់ភេទដូចគ្នាទើបអាចនិយាយ​ចេញ” ។ នៅ​ប្រទេស​ជប៉ុន កម្រណាស់ដែលជីវិតរបស់មនុស្សម្នាក់ត្រូវវិនាសដោយសារប្រឆាំងនឹងការបង្រៀន​របស់​សាសនា ប៉ុន្តែនៅខាងក្រៅប្រទេសជប៉ុន គ្រប់យ៉ាងខុសគ្នា។

ព្រះសង្ឃ Nishimura បានបន្ថែមថា “ខ្ញុំដឹងថាមានប្រមាណ ៧០ ប្រទេស ជាកន្លែងដែលសហគមន៍ LGBTQ + ត្រូវចាត់ទុកជាអំពើបាបព្រោះតែមូលហេតុ​សាសនា។ នោះជាមូលហេតុ​ដែលខ្ញុំចង់រំលឹកទៅកាន់សហគមន៍ LGBTQ+ នៅ​ខាង​ក្រៅ​ប្រទេស​ជប៉ុន​តាម​រយៈសៀវភៅនេះ” ។

រៀនធ្វើជាខ្លួនឯង

Nishimura កើត និងធំដឹងក្តីនៅប្រាសាទនិកាយ Jodo នៅទីក្រុងតូក្យូ ជាកន្លែងដែលឪពុករបស់គាត់កាន់តំណែង​ចៅ​អធិការ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ មិនធ្វើជាព្រះសង្ឃ គាត់ធ្វើផ្ទុយនឹងទំនៀមទម្លាប់គ្រួសារជ្រើសរើស​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក។ ឆ្នាំ ២០១៣ Nishimura បញ្ចប់ការសិក្សាពីសាលា Parsons School of Design នៅញូវយ៉ក។

មុន​ពេលទៅ​រៀន​នៅ​អាមេរិក Nishimura តែងតែអាក់អន់ចិត្ត ដោយសារខ្លួនឯងខុសពីបុរសដទៃទៀត។ Nishimura មិន​អាច​ចែក​រំលែក​អាថ៌កំបាំង​​របស់​ខ្លួន​ជាមួយនរណាម្នាក់ឡើយ ហើយធ្លាក់ក្នុងទុក្ខសោក។

គាត់​បាន​រំលឹកថា “ខ្ញុំចាកចេញពីប្រទេសជប៉ុន ដើម្បីស្វែងរកកន្លែងណាមួយ​ដែល​ខ្ញុំ​អាច​ធ្វើជា​ខ្លួនឯងបាន” ។

ទោះជាយ៉ាងណាគាត់នៅតែស្ទាក់ស្ទើរ “ទទួលយកការពិត” ទាំងនៅលើទឹកដីអាមេរិក។

ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលគាត់មានឱកាសទៅលេងសហគមន៍ LGBTQ+ ក្នុងតំបន់ ចូលរួមក្នុងពិធីបុណ្យ Pride NYC និងទទួលបានបទពិសោធន៍ជាច្រើនទៀត។ បន្ទាប់មក Nishimura យល់ថាអាថ៌កំបាំងដ៏ធំបំផុតរបស់គាត់ គឺជាផ្នែកមួយនៃមនុស្សពិតរបស់ខ្លួន ដែលគាត់មិនចាំបាច់លាក់បាំង។

នៅសាលារចនា New York គាត់តាមរៀនផ្នែកវិចិត្រសិល្បៈ។

ប្រធានផ្នែករបស់ Nishimura ក៏ជាមនុស្សស្រលាញ់ភេទដូចគ្នាដែរ ហើយគាត់មិនបានព្យាយាមលាក់បាំងទំនាក់ទំនងរបស់ខ្លួនជាមួយគូស្នេហ៍ឡើយ ដែលជាមិត្តរួមការងារនៅសាកលហាវិទ្យាល័យ។ នៅសាលាមានគ្រូណែនាំជាច្រើន​ទៀត​មក​ពី​សហគមន៍ LGBTQ+ ផងដែរ។

Nishimura សរសេរក្នុងសៀវភៅមានចំណងជើងថា “This Monk Wears Heels: Be Who You Are” គាត់ដឹងយ៉ាង​ច្បាស់ថាមិនមានអ្វីខុសទេពេលផាត់មុខ ឬ​បើក​ចំហ​រឿងខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នា បន្ទាប់ពីបានឃើញ​មនុស្ស​រាល់​គ្នាកំពុងរស់នៅជីវិតរបស់ពួកគេ។

ទោះ​ជា​បែប​នេះ​ក្ដី Nishimura នៅ​តែ​ពិបាក​ចែករំលែករឿងនេះជាមួយឪពុកម្តាយខ្លួន។

ពេលកំពុងសិក្សានៅសហរដ្ឋអាមេរិក Nishimura បានជួបក្មេងប្រុស Mexico ម្នាក់ អាយុ ១៦ ឆ្នាំក្នុងសហគមន៍ LGBTQ+ នៅ Boston ។ ប្អូនប្រុសប្រាប់ការពិតទៅឪពុកម្តាយនៅ Mexico ប៉ុន្តែឪពុកម្តាយរបស់ប្អូនមិនអាចទទួល​យក​បាន ហើយបោះបង់ចោលគាត់ ដូច្នេះប្អូនហោះទៅអាមេរិកក្នុងនាមជាជនអន្តោប្រវេសន៍។

គាត់ចងចាំយ៉ាងច្បាស់ក្មេងប្រុសជនជាតិ Mexico មើលទៅក្មេងល្ហក់ តែងតែឳនក្បាល ហើយមិននិយាយអ្វីទាំងអស់។

នៅទីបំផុត Nishimura អាច​បើក​ចិត្តចំពោះឪពុកម្តាយកាលអាយុ ២៤ ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាសាលារចនា​នៅ​សហរដ្ឋ​អាមេរិក។ គាត់​នឹក​ឃើញអារម្មណ៍ថប់ដង្ហើម​ដូចជា​អ័ព្ទព័ទ្ធជុំវិញ។

នៅពេលនោះម្តាយរបស់ Nishimura មើលទៅហាក់ដូចជាធូរស្រាលជាងមុន ដោយសាររឿងនេះធ្វើអោយអ័ព្ទរលាយបាត់បន្តិចម្តងៗ។ ឪពុករបស់ Nishimura ដែលជាចៅអធិការ និងទស្សនវិទូព្រះពុទ្ធសាសនា បាននិយាយប្រាប់គាត់​ថា ចូររស់នៅតាមចិត្តរបស់ខ្លួន ព្រោះនោះជាជីវិតរបស់កូន។

ពេលក្រឡេកមើលឡើងវិញ Nishimura មានអារម្មណ៍ធូរចិត្ត ព្រោះឪពុកម្តាយទទួលយកកូនប្រុសរបស់ពួកគាត់ទាំង​មិន​ស្ទាក់ស្ទើរ។

ទោះ​បី​ជា​មាន​ជម្រើស​អាជីព​​ច្រើន​ដូច​ជាធ្វើអ្នកផាត់មុខបន្ទាប់ពីបញ្ចប់ការសិក្សា ដោយសារគាត់ប្រមូលបានបទពិសោធន៍​តាមរយៈការអនុវត្តកាលនៅជានិស្សិត Nishimura ជ្រើសរើសផ្លូវថ្មីសម្រាប់ជីវិតរបស់ខ្លួន នៅពេលដែលសម្រេច​​ចិត្ត​​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ព្រះពុទ្ធសាសនា។

Nishimura កើត និងធំដឹងក្តីនៅប្រាសាទដែលមានតាំងពីមជ្ឈិមសម័យនៅប្រទេសជប៉ុន ហើយគាត់មិនធ្លាប់គិត​ថា​នឹង​ទទួល​តំណែង​ចៅ​អធិការ​ពី​ឳពុក​របស់​ខ្លួន​ឡើយ។

តាមពិត Nishimura មិនចូលចិត្តព្រះពុទ្ធសាសនាទេ ព្រោះគាត់គិតថាមានការរឹតត្បឹតមួយចំនួន ហើយព្រះពុទ្ធសាសនាមិនទទួលយកមនុស្សស្រលាញ់​ភេទ​ដូចគ្នាដូចគាត់។

យ៉ាង​ណា​មិញ គាត់យល់ថា​ងាក​ចេញ​ពី​ឫសគល់​របស់​ខ្លួនគឺជា​ការ​ខ្ជះខ្ជាយ​ឱកាស។ គាត់ទទួលស្គាល់ខ្លួនឯងមិនទាន់​យល់​ច្បាស់​​អំពី​​ពុទ្ធសាសនា ហើយធ្លាប់វាយតម្លៃ​សាសនាក្រោមក្រសែភ្នែករើសអើង។

មិនយូរប៉ុន្មានបន្ទាប់ពី Nishimura ចាប់ផ្តើមបួស គាត់ប្រទះឃើញធម៌ព្រះមួយឃ្លាសរសេរថា (បកប្រែ) “នៅក្នុងស្រះកំណប់ទាំងប្រាំពីរមានផ្កាឈូកជាច្រើនប្រភេទ ទំហំផ្កាធំប៉ុនកង់។ ផ្កាឈូកពណ៌បៃតងបញ្ចេញពន្លឺពណ៌បៃតង ផ្កាឈូកពណ៌លឿងបញ្ចេញពន្លឺពណ៌លឿង ផ្កាឈូកក្រហម​បញ្ចេញ​ពន្លឺ​ពណ៌​ក្រហម ផ្កាឈូកពណ៌សបញ្ចេញពន្លឺពណ៌​ស។ ក្រៅពីបញ្ចេញពន្លឺ ផ្កាឈូក​ក៏​បញ្ចេញ​ក្លិន​ក្រអូបអស្ចារ្យ និង​បរិសុទ្ធ” ។

ប្រភេទផ្កាឈូកនីមួយៗបញ្ចេញពណ៌រៀងៗខ្លួន ដែលមានន័យថាមនុស្សម្នាក់ៗគួរតែបញ្ចេញពន្លឺជាមួយនឹងពណ៌រៀងៗ​ខ្លួន ហើយលក្ខណៈចម្រុះក៏ជាចំណុចអស្ចារ្យម្យ៉ាងដែរ។

Nishimura បាននិយាយថា “ព្រះពុទ្ធបានបង្រៀនថាមនុស្សគ្រប់រូបស្មើគ្នា ក្នុង​នាម​ជា​ព្រះសង្ឃ កាតព្វកិច្ច​របស់​ខ្ញុំ​គឺ​នាំ​យក​ដំណឹង​នេះប្រាប់​ពិភព​លោក” ។

បន្ទាប់ពីបួសជាបន្តបន្ទាប់រយៈពេល ២ ឆ្នាំ Nishimura មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយជាអាចារ្យនៅឆ្នាំ ២០១៥ ។

នៅពេលបោះពុម្ពសៀវភៅខាងក្រៅប្រទេសជប៉ុន Nishimura គិតដល់មិត្តជនជាតិអុីតាលីរបស់ខ្លួន។ ប្រយោគដែល​មិត្ត​ម្នាក់នោះត្រូវបានឪពុកម្តាយបង្រៀនថាស្រឡាញ់ភេទដូចគ្នាជាអំពើបាប។

បន្ទាប់ពីក្លាយជាព្រះសង្ឃ Nishimura បានប្រាប់មិត្តរបស់ខ្លួនថា ព្រះពុទ្ធបានបង្រៀន LGBTQ+ មិនមែនជារឿង​អាក្រក់​ទេ ហើយការស្មោះត្រង់ចំពោះខ្លួនឯង រីករាយជាមួយនឹងមនុស្សដែលអ្នកស្រលាញ់ជារឿងដែលអាចទៅ​រួច។

នៅពេលដែលមិត្តម្នាក់នេះអរគុណ Nishimura ព្រះសង្ឃវ័យក្មេងមានអារម្មណ៍ដូចជាបន្ទុកទាំងអស់នៅលើស្មារបស់​មិត្ត​រូប​នេះត្រូវបានយកចេញ។

ដើម្បីស្វែងយល់បន្ថែមអំពីសៀវភៅរបស់ព្រះសង្ឃ Nishimura អ្នកអាចចូលទៅកាន់តំណភ្ជាប់។

https://www.watkinspublishing.com/shop/this-monk-wears-heels-be-who-you-are/

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: