ហាង Shiseido ប្រវត្តិម៉ាកយីហោដែលអ្នកនិពន្ធជប៉ុនចូលចិត្ត

នៅអគារពណ៌ឥដ្ឋត្រង់ចំណុចប្រសព្វ Ginza ៨ chome កាច់ជ្រុង Tokyo Ginza Shiseido គឺហាងកាហ្វេ Shiseido Parlour ។

តើអ្នកដឹងទេ Shiseido ដែលជាម៉ាកគ្រឿងសំអាងលំដាប់ពិភពលោក ក៏មានហាងកាហ្វេដែរ?

ហាងនេះមានប្រវត្តិយូរណាស់មកហើយ ជាង ១០០ ឆ្នាំ ហើយក៏ជាកន្លែងដែលអ្នកនិពន្ធចូលចិត្តផងដែរ។

ថ្ងៃនេះយើងនឹងស្វែងយល់អំពី Shiseido ដែលមិនមែនគ្រប់គ្នាសុទ្ធតែស្គាល់នោះទេ។

តាំងពីដើម Shiseido មិនមែនជាក្រុមហ៊ុនជំនាញខាងគ្រឿងសំអាងទេ។ Shiseido ត្រូវ​បាន​បង្កើត​ឡើង​ជា​កន្លែង​ចែកចាយឱសថស្ថាន​បែប​បស្ចិម​ប្រទេស​ដំបូង​គេ​ក្នុង​ប្រទេស​ជប៉ុន។ នាពេលនោះជាសម័យ Meiji បន្ទាប់​ពី​បញ្ចប់​សម័យ​សាមូរ៉ៃ។ ក្រុមហ៊ុនបង្កើតឡើងអំឡុងពេលភាវូបនីយកម្មឧស្សាហកម្មវេជ្ជសាស្ត្រជប៉ុន ខណៈដែល​ឱសថ​បូព៌ា​នៅតែជាមូលដ្ឋាន។ បន្ទាប់មកក្រុមហ៊ុនចាប់ផ្តើមលក់គ្រឿងសំអាង ហើយអភិវឌ្ឍទៅជាម៉ាកយីហោធំក្នុង​វិស័យ​នេះ។

ទោះជាយ៉ាងណា អត្តបទថ្ងៃនេះនិយាយពីហាង​កាហ្វេ Shiseido ។ នៅជ្រុងម្ខាងក្នុងហាងមានកន្លែងដាក់សូដា និងការ៉េម។

សូមក្រឡេកមើលរូបភាពដែលបានថតនៅឆ្នាំ ១៩០២ ។

មើលទៅធំទូលាយ និងប្រណិតណាស់មែនទេ?

ភេសជ្ជៈ និងអាហារសម្រន់ដូចជា Sandwich ស្រដៀងទៅនឹងរចនាប័ទ្មហាងកាហ្វេសម័យនេះ។

គួរអោយសោកស្តាយ ក្នុងអំឡុងពេលរញ្ជួយដី Kanto បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរនៅទីក្រុងតូក្យូ អគារដួលរលំ។ ហេតុ​ដូច្នេះ Shiseido ចាប់ផ្តើមឡើងវិញនៅកន្លែងមួយផ្សេងទៀតក្រោមឈ្មោះ Shiseido Ice Cream Parlour ។

បរិយាកាសកន្លែងថ្មីកាន់តែប្រណិតជាងមុន ជាមួយនឹងចង្កៀងព្យួរលើពិដាន និងក្រណាត់តុពណ៌ស ដែលមើល​ទៅ​ដូច​ជា​ភោជនីយ​ដ្ឋានអាពាហ៍ពិពាហ៍ជាងហាងកាហ្វេ។ នៅជាន់ទី ២ ទុកសម្រាប់កម្មវិធីប្រគុំតន្ត្រី ភ្ញៀវមកចូលរួមភាគ​ច្រើន​ជា​អភិជន។

នៅទីនេះក៏ជាកន្លែងប្រមូលផ្តុំអ្នកនិពន្ធ ដូចជាអ្នកនិពន្ធ Ogai Mori ល្បីល្បាញដោយសារស្នាដៃដូចជា Maihime ឬ Takasebune ជាដើម។

អ្នកនិពន្ធស្រឡាញ់កូនស្រីច្បងខ្លាំងណាស់ ហើយតែងតែនាំនាងមកហាងកាហ្វេ Shiseido ញ៉ាំការ៉េម។ នៅពេលនោះការ៉េមមានលក់​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង ប៉ុន្តែមនុស្សគ្រប់គ្នាគិតថាមានតែនៅ Shiseido ទើបអាចញ៉ាំការ៉េម​គុណ​ភាព​ខ្ពស់។

Osamu Dazai ដែលជាអ្នកនិពន្ធតំណាងឱ្យសម័យដើម Showa ក៏ជាភ្ញៀវរបស់ Shiseido Parlour ផងដែរ។ អ្នកនិពន្ធ Dazai ត្រូវបានគេស្គាល់ជាមួយនឹងស្នាដៃដូចជា Ningen Shikkaku, Hashire Merosu ។ល។ ជាអ្នកនិពន្ធដែល​ខ្ញុំ​ចូល​ចិត្ត។ ប៉ុន្តែជីវិតរបស់បុរសម្នាក់នេះមានរឿងអាស្រូវច្រើន ក្រៅពីភរិយា Osamu Dazai មានស្រីស្នេហ៍ ២ នាក់។ គាត់ធ្លាប់ព្យាយាមធ្វើអត្តឃាតជាច្រើនដងមិនបានសម្រេច ហើយនៅទីបំផុតសម្រេចដូចបំណង។ ជីវិតរបស់​អ្នក​និពន្ធ​ត្រូវ​បំផ្លាញដូចជាតួអង្គក្នុងស្នាដៃនិពន្ធរបស់គាត់។

ភេសជ្ជៈដែលលោក Osamu Dazai ចូលចិត្តគឺសូដាការ៉េម។

អ្នកនិពន្ធ​ជាមនុស្សសម្បូរស្នេហ៍ ដូច្នេះ​ហើយ​នេះ​ជា​កន្លែង​ដែលគាត់ចូលចិត្តណាត់​ជួបគូស្នេហ៍។

អ្នកនិពន្ធចុងក្រោយក៏ផ្សារភ្ជាប់នឹងហាងកាហ្វេ Shiseido នេះដែរ ឈ្មោះ Shotaro Ikenami ដែលល្បីដោយសារប្រលោម​លោក​ប្រវត្តិសាស្ត្រ។ ទីកន្លែងកំណើតនៅ Asakusa អ្នកនិពន្ធ Shotaro ជាអ្នកដែលចូលមិនទទួលទាន។ គាត់​ស្វែង​យល់​មុខម្ហូបបស្ចិមប្រទេសនៅហាង Ginza ហើយជាពិសេសចូលចិត្តបាយមាន់នៅទីនេះ។

បច្ចុប្បន្នបើមកដល់ Shiseido Parlour អ្នកនឹងមើលឃើញឈុតគ្រឿង​សង្ហារិម​ដ៏​ប្រណិត និង​ថ្លៃថ្នូរ។

ជាក់ស្តែងនៅទីនេះមានបរិយាកាសខុសពីហាងកាហ្វេផ្សេងទៀត។ ជួនកាលមកដល់ទីនេះរីករាយនឹងភាពប្រណិតក៏​ល្អ​ម្យ៉ាង​ដែរ។

រីករាយជាមួយអាហារ និងភេសជ្ជៈដ៏បរិបូរណ៍ ដែលធ្លាប់ត្រូវបានអ្នកនិពន្ធចូលចិត្ត រំលឹករឿងចាស់ៗ ឬពិភាក្សាស្នា​ដៃ​របស់​អ្នក​និពន្ធ។

ប្រសិនបើអ្នកមានឱកាសទៅ Ginza សង្ឃឹមថាអ្នកនឹងឈានចូល។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: