Hasegawa Heizou រឿងនិយាយពីអ្នកការពារសន្តិភាពមិនគោរពច្បាប់
តើអ្នកចូលចិត្តមើលភាពយន្តបែបប្រវត្តិសាស្ត្រដែរទេ? រឿងភាគប្រវត្តិសាស្ត្រលើកញ្ចក់ទូរទស្សន៍ជប៉ុនកំណត់បរិបទសម័យសាមូរ៉ៃ ជាពិសេសមនុស្សវ័យចំណាស់ចូលចិត្ត។ ពួកគាត់តែងតែផឹកតែមើលរឿង រំលឹកពីអតីតកាល។
ក្នុងចំណោមរឿងភាគប្រវត្តិសាស្ត្រល្បីឈ្មោះជាច្រើន មានរឿងមួយដែលខ្ញុំចូលចិត្តមានចំណងជើងថា Onihei Hankachou ។
ខ្សែភាពយន្តនេះត្រូវបានកែសម្រួលពីប្រលោមលោកដើមរបស់ Ikenami Shoutaro ដែលសម្តែងដោយតារាសម្តែងប្រុស Nakamura Kichiemon សរុបទៅគឺល្អមើលណាស់។
https://www.bsfuji.tv/oniheispamabiki/pub/index.html
តួអង្គឯកក្នុងខ្សែភាពយន្តនេះគឺ Hasegawa Heizou ដែលជាតួអង្គមានពិត។ កាលពីក្មេង បុគ្គលនេះបានធ្វើអំពើអាក្រក់ជាច្រើន។ ប៉ុន្តែនៅទីបំផុត តួអង្គបានក្លាយជាវីរបុរសសុចរិត។ ថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីជីវិតរបស់បុរសម្នាក់នេះ ជាបុគ្គលដែលខ្ញុំចូលចិត្តយ៉ាងខ្លាំង។
ខ្សែភាពយន្ដនេះកំណត់បរិបទនៅចុងសតវត្សទី ១៨ ដែលជាសម័យកាលបញ្ចប់របស់សាមូរ៉ៃ។ ទោះជាយ៉ាងណា នេះជាដំណាក់កាល ២៦០ ឆ្នាំដែលច្របូកច្របល់បំផុតនៃសម័យកាលនេះ។
ក្នុងអំឡុងពេល ១០ ឆ្នាំជាប់ៗគ្នា គ្រោះទុរភិក្សបានសម្លាប់មនុស្ស ១,៤ លាននាក់ ទន្ទឹមនឹងនេះករណីផ្ទុះភ្នំ Asama ធ្វើអោយមនុស្សស្លាប់ ២ ម៉ឺននាក់។ មិនត្រឹមតែប៉ុណ្ណឹង ភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ទើរតែដុតបំផ្លាញក្យូតូទាំងមូល។ ដោយសារគ្រោះមហន្តរាយជាបន្តបន្ទាប់តម្លៃអង្ករឡើងថ្លៃ ជីវភាពប្រជាជនជួបទុក្ខលំបាក។ ប្រជាជនធម្មតាប្រមាណ ១០០០ នាក់បះបោរវាយប្រហារក្រុមឈ្មួញ។ កសិករ និងអ្នកក្រុងរងទុក្ខ ភាពអត់ឃ្លានធ្វើអោយពួកគេប្រកបមុខរបរទុច្ចរិត ជាពិសេសនៅតំបន់ Edo ។ នេះជាកន្លែងប្រមូលផ្តុំចោរគ្រប់ប្រភេទមកពីតំបន់ផ្សេងៗគ្នា។ ដោយសារស្ថានភាពវឹកវរនេះ បម្រាមត្រូវបានដាក់ចេញ។
Heizou Hasegawa បង្ហាញខ្លួនក្នុងបរិបទច្របូកច្របល់បែបនេះ។ នៅពេលនោះគាត់ជាអ្នកដឹកនាំ Hitsuke Tōzoku Aratamekata ដែលជាក្រុមស៊ើបអង្កេតករណីបង្កអគ្គីភ័យ ប្លន់ សម្លាប់មនុស្ស។ ម្យ៉ាងវិញទៀត ក្រុមមានសកម្មភាពផ្ទាល់ខ្លួន មានសិទ្ធិចាត់ចែងបុគ្គលនៅនឹងកន្លែងដោយមិនចាំបាច់ចាប់ទាំងរស់។
Heizou ទទួលតួនាទីជាអ្នកដឹកនាំសរុប ៩ ឆ្នាំ ដោះស្រាយជាង ២០០ ករណី។ នេះជាសមិទ្ធផលអស្ចារ្យបំផុតដែលមិនថារៀមច្បង ឬអ្នកស្នងតំណែងសុទ្ធតែមិនអាចប្រៀបបាន។
ហេតុនេះហើយបានជា Heizo ត្រូវបានគេហៅថា 鬼平 (Onihei) អក្សរកាត់ 鬼の平蔵 (បិសាច Heizou) ។ យ៉ាងណាមិញ តើគាត់ជាបិសាចបែបណា?
Heizou កើតនៅ ១៧៤៥ ឈ្មោះវ័យកុមារភាពគឺ Testusaburou ។ ទោះបីជាគាត់កើតមកគ្មានឋានៈខ្ពស់ ប៉ុន្តែនៅតែជាសាមូរ៉ៃ។ ឪពុករបស់ Heizou ក៏ជាអ្នកដឹកនាំក្រុម Hitsuke Tōzoku Aratamekata ដែលក្រោយមកត្រូវបានកាន់កាប់ដោយកូនប្រុស។
ឪពុករបស់ Heizou ទទួលមរណភាព បន្ទាប់ពីធ្វើបេសកកម្មនៅក្យូតូ ខណៈដែល Heizou អាយុ ២៨ ឆ្នាំ។ ពីក្យូតូត្រឡប់ទៅអេដូ Heizou ប្រាប់រឿងនេះដល់មន្ត្រីមកជូនដំណើរ។
សូមអ្នកទាំងអស់គ្នាមានភាពម៉ឺងម៉ាត់ ខិតខំធ្វើការ។
Heizou Hasegawa នឹងត្រូវបានពិភពលោកសរសើរថាជាវីរបុរសលើសពីការស្មាន។
នៅពេលនោះ ខ្ញុំនឹងក្លាយទៅជាមនុស្សអស្ចារ្យ ហើយប្រសិនបើមានឱកាសនឹងត្រលប់ទៅអេដូជួបអ្នករាល់គ្នា។
មនុស្សជាច្រើនគិតថាអ្នកដែលមិនបានធ្វើអ្វី ហេតុអ្វីបានជាអាចនិយាយពាក្យសម្តីថ្លៃថ្នូបែបនេះ។
នៅដំណាក់កាលមួយក្នុងជីវិត Heizou មានភាពចាស់ទុំជាងមុន។ ប៉ុន្តែកាលពីក្មេង ពេលរស់នៅអេដូ គាត់ត្រូវគេចាត់ទុកដូចជាមនុស្សអាក្រក់។
ថែមទាំងត្រូវគេហៅថា Honjo no Tetsu ដែលសំដៅទៅលើមនុស្សអាក្រក់លេខ ១ នៃតំបន់ Honjo (សព្វថ្ងៃជាសង្កាត់ Sumida ទីក្រុងតូក្យូ) ។ តួអង្គនេះត្រូវបានយុវវ័យក្នុងពិភពលោកកោតសរសើរចំពោះជំនាញដាវយ៉ាងប៉ិនប្រសប់ ល្បិចកលច្រើន។ លើសពីនេះគាត់ជាអ្នកមានចិត្តទូលាយ ដូច្នេះទើបអ្នកក្រោមបង្គាប់គោរព។ ជនពាលទាំងអស់ក្នុងតំបន់ Honjo ចង់ក្លាយជាមនុស្សដូច Heizou ។ ថ្វីត្បិតតែល្បីខ្លាំង ប៉ុន្តែមនុស្សដូចជា Heizou អាចនិយាយបានថា មនុស្សជាច្រើនឮឈ្មោះប្រាកដជាអស់សំណើច។
នៅខែមេសាឆ្នាំ ១៧៧៤ បុគ្គលនេះត្រូវបានចាត់តាំងឱ្យធ្វើជាសាមូរ៉ៃការពារប្រាសាទអេដូ។ សាមូរ៉ៃ ៤០០ នាក់ រួមទាំង Heizou ត្រូវបានប្រមូលផ្តុំ ដើម្បីចាប់អ្នកបះបោរ ១០០០ នាក់ គាត់ធ្វើបានយ៉ាងល្អក្នុងការប្រយុទ្ធនេះ។
ចាប់ពីពេលនោះភាពជោគជ័យរបស់ Heizou កាន់តែច្រើនឡើង។ ក្នុងខ្លួនបុគ្គលនេះអំពើអាក្រក់ត្រូវបង្ក្រាប និងអំពើអាក្រក់ចាំបាច់។ គាត់មិនបានប្រព្រឹត្តហួសហេតុឡើយ ដោយវិនិច្ឆ័យខ្លួនឯងត្រូវធ្វើអ្វីម្យ៉ាងក្នុងនាមជាមនុស្ស។ វិធីដោះស្រាយឧក្រិដ្ឋកម្មរបស់បុគ្គលនេះត្រូវបានបែងចែកជាពីរប្រភេទ។
ប្រភេទចោរលួចប្រាក់មិនធ្វើបាបអ្នកដ៏ទៃ ធ្វើសកម្មភាពគ្មាននរណាម្នាក់ដឹង។ ជាការពិតណាស់ លួចជាអំពើខុសច្បាប់ ប៉ុន្តែចំពោះ Heizou បានវិនិច្ឆ័យថា ចោរបែបនេះមិនសមនឹងត្រូវកាត់ក្បាល ឬធ្វើទារុណកម្មនោះទេ។
ចោរមួយប្រភេទទៀតកំពុងបង្កចលាចលខណៈពេលនោះ។ កាលពីមុន លួចចំណាយពេលច្រើន ដំបូងកំណត់គោលដៅ បង្កើតមិត្តភាព បន្ទាប់ពីយកបានព័ត៌មានទើបលួច។ សព្វថ្ងៃចោរដូចជាធុញទ្រាន់នឹងវិធីលួចបែបនេះ ទើបប្តូរមកប្លន់វិញ។ ដើម្បីយករបស់អ្នកដទៃ ពួកគេធ្វើគ្រប់យ៉ាង រួមទាំងវាយប្រហារស្រ្តី។ ចំពោះចោរប្រភេទនេះ Heizou មិនចុះចាញ់ឡើយ។
ដោយប្រើវិធីចាស់របស់ចោរ Heizou ជ្រៀតចូលក្រុមចោរថ្មី ចាប់ផ្តើមប្រមូលព័ត៌មាន។ ប្រសិនបើអ្នកទាំងនេះមានការសង្ស័យ ហើយមិនផ្តល់ព័ត៌មាន Heizou នឹងបង្ខំពួកគេឱ្យសារភាពដោយប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ។
ចំពោះពួកចោរ Heizou ដូចជាបិសាច ប៉ុន្តែដោយសារវត្តមានរបស់ Heizou ទើបចោរមួយចំនួនកែខ្លួន ឈប់លួចប្លន់។ តាមពិតទៅ Heizou ជាបិសាចផង ជាវីរបុរសផង។
រឿង Heizou ត្រូវបាននិពន្ធឡើងយ៉ាងកក់ក្តៅ និងពោរពេញដោយទឹកចិត្ត ទាំងក្នុងប្រលោមលោក ក៏ដូចជារឿងភាគទូរទស្សន៍ផងដែរ។ តាមពិតទៅគាត់ក៏ជាមនុស្សម្នាក់មានភាពកក់ក្តៅ។
ទោះបីរវល់ខ្លាំងយ៉ាងណា ក៏គាត់នៅតែអត់ធ្មត់ដោះស្រាយរឿងឈ្លោះប្រកែកគ្នារវាងប្ដីប្រពន្ធក្នុងទីក្រុង។ ហើយថែមទាំងមកពិនិត្យមើលទំនាក់ទំនងរបស់ពួកគេល្អឬអត់។ គ្រួសារជាច្រើនមានភាពសុខសាន្តក៏ដោយសារវត្តមានរបស់ Heizou ។
ជាងនេះទៅទៀត បុគ្គលនេះក៏មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាជនអនាថាផងដែរ។ Heizou គិតថាបុគ្គលទាំងនេះងាយនឹងធ្លាក់ក្នុងផ្លូវអាក្រក់ ដូច្នេះរកមធ្យោបាយផ្តល់កន្លែងស្នាក់នៅ។ ជនអនាថា ឬអ្នកប្រព្រឹត្តកំហុសស្រាលត្រូវបានបញ្ជូនចូលទីនោះ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងសង្គមវិញ។
ទោះបីជាធ្លាប់ប្រព្រឹត្តអំពើអាក្រក់ ប៉ុន្តែ Heizou មានឧត្តមគតិសីលធម៌ផ្ទាល់ខ្លួន។ ជាបុគ្គលដែលមានអតីតកាលមិនល្អ តែមិនលាក់បាំង ហើយថែមទាំងមានមោទនភាពចំពោះខ្លួនឯង។ ដោយសារគាត់ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ ទើបគាត់យល់ពីមនុស្សអាក្រក់ក្នុងសង្គម។ ដូច្នេះប្រសិនបើឧក្រិដ្ឋជនអាចកែខ្លួន ហេតុអ្វីបានជាបិទផ្លូវរបស់ពួកគេ។ ចំពោះប្រភេទឧក្រិដ្ឋជនលើសដែនកំណត់ មិនអាចលើកលែងទោសជាដាច់ខាត។
តើអ្នកយល់យ៉ាងណាចំពោះវីរបុរសមួយរូបនេះ?
Kengo Abe