អាពាហ៍ពិពាហ៍នយោបាយ និងសោកនាដកម្មជាបន្តបន្ទាប់ក្នុងជីវិតរបស់នារីម្នាក់
នៅសម័យសង្រ្គាមរដ្ឋជាតំណាក់កាលប្រយុទ្ធគ្នាដណ្តើមអំណាចរវាងពួកសាមូរ៉ៃ។ នៅសម័យនោះសាមូរ៉ៃវ័យក្មេងតិចណាស់ដែលមានសេរីភាពជ្រើសរើសគូរស្រករ។ ហើយថែមទាំងមានរឿងក្មេងស្រីអាយុ ៧ ឆ្នាំត្រូវបង្ខំឲ្យរៀបការ ក្រោយមកជីវិតរបស់នាងអភ័ព្វណាស់។
កាន់តែឈឺចាប់ជាងនេះ ជីវិតរបស់នាងធ្លាក់ក្នុងដៃរបស់បុរសជាសាច់ញាតិ។
អំឡុងសម័យសង្រ្គាមរដ្ឋ សេ្តចក្រាញ់តំបន់ៗប្រយុទ្ធគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជជាអ្នកដែលមានសិទ្ធិអំណាចបង្រួបបង្រួមប្រទេសជប៉ុន ប៉ុន្តែក្រោមការបង្រួបបង្រួមនោះកើតមានសង្រ្គាមប្រកួតប្រជែងដណ្តើមទឹកដី និងអំណាច។
ដើម្បីឲ្យកាន់តែងាយស្រួលយល់ សាកស្រមៃមើលអ្នកជាប្រមុខទឹកដីតូចមួយ។ មានប្រទេសមួយមានអំណាចខ្លាំងជាងគេ ហៅថាប្រទេស ក នៅក្បែរអ្នក ហើយមានបំណងលើទឹកដីរបស់អ្នក។ ក្រៅពីនេះ ប្រទេស ខ ក៏នៅក្បែរនោះ ហើយមានកម្លាំងយោធាប្រហាក់ប្រហែលប្រទេស ក ។
តើអ្នកនឹងធ្វើអ្វីក្នុងស្ថានភាពនេះ?
ប្រសិនបើអ្នកមិនធ្វើអ្វីសោះ ទឹកដីរបស់អ្នកនឹងត្រូវប្រទេស ក ឈ្លានពាន កាន់កាប់។ ប៉ុន្តែប្រសិនបើអ្នកបង្កើតទំនាក់ទំនងជាមួយប្រទេ ខ ដើម្បីទទួលបានការការពារ ឬឈ្លានពានប្រទេស ក នោះទឹកដីរបស់អ្នកនឹងទទួលបានការពារ។
តើធ្វើយ៉ាងណាបង្កើតទំនាក់ទំនងជាមួយប្រទេស ខ? យុទ្ធសាស្ត្រដែលគេប្រើក្នុងសម័យនោះគឺអាពាហ៍ពិពាហ៍នយោបាយ។
គេតែងតែនិយាយថា រៀបការជារឿងសំខាន់ក្នុងជីវិត ប៉ុន្តែចំពោះជនជាតិជប៉ុនអាពាហ៍ពិពាហ៍សង្កត់ធ្ងន់លើគ្រួសារជាជាងបុគ្គល។ ហេតុនេះរឿងកូនរៀបការត្រូវសម្រេចដោយមនុស្សធំ។
ក្នុងករណីខាងលើ អ្នកត្រូវលើកកូនស្រីរបស់ខ្លួនទៅឲ្យកូនប្រុសរបស់អ្នកគ្រប់គ្រងប្រទេស ខ ។ ចំណុចនេះនឹងពង្រឹងទំនាក់ទំនងរបស់ភាគីទាំងសងខាងរយៈពេលយូរអង្វែង។
ទាំងនេះក៏មានន័យថា កូនស្រីរបស់អ្នកកំពុងទទួលបន្ទុកទំនាក់ទំនង និងវាសនាប្រទេសជាតិ។ តម្លៃដែលត្រូវលះបង់គឺជីវិតរបស់នាង ប្រសិនបើអ្នកក្បត់ប្រទេស ខ កូនស្រីនឹងត្រូវគេសម្លាប់។
ត្រង់ចំណុចនេះ នាងមិនមែនរៀបការធ្វើជាកូនប្រសាស្រីឡើយ ប៉ុន្តែត្រូវទៅធ្វើជាចំណាប់ខ្មាំង។
តួអង្គក្នុងរឿងសោកនាដកម្មនេះគឺ Senhime ជាចៅស្រីរបស់ Ieyasu Tokugawa ដែលជាអ្នកបង្រួបបង្រួមប្រទេសជប៉ុន។
ត្រកូល Tokugawa បង្រួបបង្រួមជប៉ុនក្នុងឆ្នាំ ១៦០៣ បង្កើតជា Bakufu Edo ។ មេទ័ពដំបូងដែលជាប្រមុខ Bakufu គឺ Ieyasu Tokugawa ។ Senhime ជាកូនស្រីរបស់ Hidetada Tokugawa កូនប្រុសរបស់មេទ័ពជំនាន់ទី ២ នាងកើតឆ្នាំ ១៥៩៧ ។
នៅពេលដែលនាងកើត Ieyasu Tokugawa គឺជាមនុស្សដែលមានអំណាចលេខ ១ ប៉ុន្តែអំណាចដ៏គួរឲ្យភ័យខ្លាចរបស់ Hideyoshi Toyotomi ក៏ធ្វើឲ្យមនុស្សជាច្រើនមានការប្រុងប្រយ័ត្នផងដែរ។ Ieyasu Tokugawa ធ្លាប់គាំទ្រ Hideyoshi តាំងពីដើមភាគីទាំងពីរមានទំនាក់ទំនងល្អ។ បន្ទាប់ពី Hideyoshi Ieyasu ស្លាប់ គាត់ដណ្តើមអំណាចវិញ និងឡើងកាន់អំណាច ក្រោយមកបង្កកំហឹងនឹងពួកសាមូរ៉ៃ ឈរខាងត្រកូល Toyotomi ។
នៅឆ្នាំ ១៦០៣ Senhime ត្រូវលើកទៅឲ្យ Hideyori ដែលជាកូនប្រុសរបស់ Hideyoshi ។ នៅពេលនោះ Senhime ទើបអាយុ ៧ ឆ្នាំ ចំណែក Hideyori អាយុ ១១ ឆ្នាំ។
នេះជាអាពាហ៍ពិពាហ៍បែបនយោបាយ ប៉ុន្តែមិនត្រឹមតែដើម្បីរក្សាទំនាក់ទំនងរវាងភាគីទាំងពីរប៉ុណ្ណោះទេ សំខាន់ដាក់សម្ពាធលើភាគីម្ខាងកុំឲ្យបះបោរ។ យ៉ាងណាមិញ ពួកគេទាំងពីររស់នៅស្និទ្ធស្នាលគ្នា មិនអាចនិយាយថាស្នេហានោះទេ ប៉ុន្តែជាមិត្តភក្តិកុមារភាព។
រឿងនោះកាន់តែឈឺចាប់ នៅពេលដែល Senhime មានអាយុ ១៨ ឆ្នាំ។
ត្រកូលទាំងពីរសំបកក្រៅរក្សាទំនាក់ទំនងព្រោះតែឥទ្ធិពលអាពាហ៍ពិពាហ៍នយោបាយ។ ប៉ុន្តែនៅឆ្នាំ ១៦១៤ ត្រកូល Tokugawa ស្រាប់តែវាយលុក Osaka ជាកន្លែងដែលត្រកូល Toyotomi រួមទាំង Senhime កំពុងរស់នៅ។ លទ្ធផលសង្គ្រាម ប្តីរបស់នាង Hideyori និងម្តាយរបស់គាត់ Yodogimi ធ្វើអត្តឃាត ត្រកូល Toyotomi ត្រូវបំផ្លាញ។
ក្នុងស្ថានភាពនោះ តាមបញ្ជាជីតារបស់នាង Ieyasu នាងត្រូវបានធានាសុវត្ថិភាព។ មនុស្សជាច្រើននិយាយថា Senhime ព្យាយាមធ្វើអត្តឃាតតាម Hideyori ។
Senhime កំពុងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ប្តីរបស់នាងស្លាប់ ដោយសារការវាយប្រហាររបស់ឪពុក និងជីតារបស់នាង។ ប៉ុន្តែសោកនាដកម្មរបស់ Senhime មិនត្រឹមតែប៉ុណ្ណឹងឡើយ។
Ieyasu ពេលនោះបានសន្យាលើក Senhime អោយបុរសវ័យកណ្តាលម្នាក់ ប្រសិនបើបុគ្គលនោះអាចជួយសង្រ្គោះនាង។
ប៉ុន្តែនៅពេលនោះ Senhime គ្រោងនឹងលើកឲ្យសាមូរ៉ៃម្នាក់ទៀត។ ដឹងរឿងនេះ បុរសវ័យកណ្តាលខឹងខ្លាំងក៏រៀបគម្រោងប្លន់កូនក្រមុំ។
គម្រោងប្លន់កូនក្រមុំត្រូវលាតត្រដាង និងរារាំង។ នៅទីបំផុតមេក្លោងធ្វើអត្តឃាត ហើយភាគីទាំងពីរត្រូវកាត់ផ្តាច់។
សោកនាដកម្មទាំងអស់ធ្លាក់មកលើ Senhime នាងមិនបានធ្វើអ្វីសោះ តាំងពីដើមដល់ចប់នាងជាជនរងគ្រោះ បែរជាត្រូវគេហៅថា “ស្ត្រីបិសាច” ។
នៅឆ្នាំ ១៦១៦ Senhime ត្រូវកំណត់រៀបការជាថ្មីជាមួយសាមូរ៉ៃដែលមានឈ្មោះថា Honda Tadatoki ។ បុគ្គលនេះជាចៅប្រុសរបស់មេទ័ពសំខាន់ម្នាក់ដែលស្ថិតក្រោមសម្ព័ន្ធមិត្តរបស់ត្រកូល Tokugawa ។ បុរសម្នាក់នេះសង្ហា ថ្លៃថ្នូរ។
Senhime ក៏ស្រលាញ់មនុស្សម្នាក់នេះដែរ ហើយយល់ព្រមរៀបការ។ ប៉ុន្តែមួយឆ្នាំក្រោយមក សោកនាដកម្មផ្សេងទៀតបានកើតឡើង។ ព្រោះតែត្រកូល Honda កាន់តំណែងសំខាន់ក្នុងជួរយោធា ត្រកូលនេះកាន់អំណាចច្រើន។ ក្នុងនាមជាអ្នកគ្រប់គ្រង ត្រកូល Tokugawa មិនត្រូវប្រគល់អំណាចក្នុងដៃនរណាម្នាក់ច្រើនពេកទេ បើមិនចង់ត្រូវគេក្បត់ ដូច្នេះបានបញ្ជាឲ្យទម្លាក់គ្រួសារ Honda ។
ចំណែក Senhime ពេលនោះនាងទៅរស់នៅប្រាសាទ Himeji នៅ Hyogo ។ នៅពេលរៀបការ នាងយកតាម ១០ ម៉ឺនត្បូងមានតម្លៃ និងប្រាក់ច្រើនសន្ធឹកសន្ធាប់ ដែលប្រហែលជារាប់សិបពាន់លានយ៉េនគិតជារូបិយប័ណ្ណសព្វថ្ងៃ។
នៅឆ្នាំ ១៦១៨ នាងសម្រាលបានកូនស្រីម្នាក់ ហើយឆ្នាំបន្ទាប់សម្រាលបានកូនប្រុសម្នាក់។ ប៉ុន្តែសុភមង្គលមិនស្ថិតស្ថេរនោះទេ លុះកូនប្រុសអាយុ ៣ ឆ្នាំ ស្វាមីជាទីស្រលាញ់របស់ Senhime លាចាកលោក ដែលម្តងទៀតបណ្តាលមកពីត្រកូលរបស់ខ្លួនបង្កឡើង។
យោងតាមផែនការ Senhime ត្រូវបានបញ្ជូនទៅវិញ ហើយបន្តក្លាយជាអុករបស់ Tokugawa ។ ប៉ុន្តែលើកនេះ នាងបានតាំងចិត្តចាកចេញ ទៅបួសធ្វើជាដូនជី។
ច្រើនឆ្នាំក្រោយមក មិនមានដំណឹងរបស់ Senhime ហើយក៏មិនច្បាស់ដែរថា តើត្រកូល Tokugawa ដេញតាមនាងដែរឬអត់។
កូនចៅរបស់សាមូរ៉ៃខាងលើមានអំណាចច្រើន ប៉ុន្តែក្នុងពេលជាមួយគ្នានោះជាជនរងគ្រោះនៃសង្គ្រាមត្រកូល និងអាពាហ៍ពិពាហ៍នយោបាយ។ ដូច្នេះហើយស្នេហា និងជីវភាពធម្មតាគ្រាន់តែជាក្តីស្រមៃមិនអាចធ្វើបាន មិនដឹងថាសំណាងឬអភ័ព្វឡើយ។
តើអ្នកគិតថាជីវិតបែបណាទើបមានសុភមង្គល?
Kengo Abe