ធានារ៉ាប់រងសុខភាពសាធារណៈជប៉ុនទូទាត់ ៧០% ចំណាយលើ IVF ដើម្បីលើកទឹកចិត្តដល់ការសម្រាលកូន

ចាប់ពីថ្ងៃទី ១ ខែមេសា ប្រព័ន្ធធានារ៉ាប់រងសុខភាពសាធារណៈរបស់ជប៉ុនទូទាត់ ៧០% សម្រាប់ថ្លៃចំណាយព្យាបាល​គ្មាន​កូន។

កាលពីមុន ការចំណាយបង្កកំណើតក្នុងបំពង់ពិសោធន៍ (IVF) ជាង ៥០ ម៉ឺនយ៉េន (ជាង ៤០០០ ដុល្លារ) ដែលខ្ពស់ជាងប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់គ្រួសារជប៉ុន។

បណ្ឌិត Atsushi Tanaka នាយកគ្លីនិក Saint Mother នៅ Kita Kyushu ភាគខាងត្បូងប្រទេសជប៉ុន សង្ឃឹមថាគ្លីនិក​របស់​ខ្លួន​នឹងមានអ្នកមកកាន់តែច្រើន។

“ខ្ញុំគិតថាចំនួនអ្នកជំងឺនឹងកើនច្រើនឡើង” លោកមានប្រសាសន៍ និងប៉ាន់ប្រមាណចំនួនករណីបង្កកំណើតក្នុងបំពង់ពិសោធន៍នៅទូទាំងប្រទេសអាចកើនឡើងទ្វេដង។

ទោះជាយ៉ាងណាលោក Tanaka និងអ្នកជំនាញផ្សេងទៀតនិយាយថា គោលការណ៍ថ្មីនេះមិនអាចទប់ស្កាត់ស្ថាន​ភាព​ចំនួន​ប្រជាជនជប៉ុនធ្លាក់ចុះឡើយ។ ប្រហែលជាអ្នកជំងឺត្រូវប្រឈមនឹងការចំណាយសំខាន់ៗផ្សេងទៀត ដូច​ជា​ធានា​រ៉ាប់​រង​ពិនិត្យ​ហ្សែន និងអូវុលរបស់អ្នកបរិច្ចាគ។

អ្នកជំនាញបាននិយាយថា ដោយសារចំនួនស្ត្រីវ័យបង្កើតកូនមានការថយចុះនាប៉ុន្មានឆ្នាំខាងមុខ រដ្ឋាភិបាល​ត្រូវ​ខំប្រឹងជាងនេះ។

បច្ចុប្បន្ននេះ ជប៉ុនជាប្រទេសដំបូងគេលើពិភពលោកចំណាយប្រាក់ច្រើនជំនួយការបន្តពូជ។ ជប៉ុនជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេសដែលមានចំនួនស្ត្រីប្រើ IVF ច្រើនជាងគេនៅលើពិភពលោក ជាមួយនឹង ៧% បង្កកំណើត​ក្នុងបំពង់​ពិសោធន៍ បើធៀបនឹង ២% នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ ។ 

ទោះជាយ៉ាងណាអត្រាកំណើតរបស់ជប៉ុននៅតែស្ថិតក្នុងកម្រិត ១,៣ ទាបជាងអត្រា ២,១ ដែលអង្គការកិច្ចសហប្រតិបត្តិ​ការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចាត់ទុកថាចាំបាច់ក្នុងការរក្សាចំនួនប្រជាជនដែលមានស្ថិរភាព។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជប៉ុនបានផ្តល់ជំនួយហិរញ្ញវត្ថុដល់សាលាមត្តេយ្យ និងឧបត្ថម្ភប្រចាំ​ខែ​សម្រាប់​គ្រួសារដែលមានកូន។ គោល​ការណ៍​ឈប់សម្រាកថែទាំកូនរបស់ជប៉ុនត្រូវគេចាត់ទុកជាគោល​ការណ៍​សប្បុរសបំផុតលើពិភពលោក ដោយផ្តល់ឱ្យឪពុកឈប់សម្រាករយៈពេល ៤ សប្តាហ៍ ទោះមិនសូវមានអ្នកប្រើអត្ថប្រយោជន៍​នេះ។

រដ្ឋាភិបាលក៏ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុមួយចំនួនដល់គូស្វាមីភរិយាដែលមានប្រាក់ចំណូលទាបកំពុងទទួលការព្យាបាល​បញ្ហា​គ្មាន​កូន ប៉ុន្តែការផ្លាស់ប្តូរថ្មីក្នុងគោលបំណងផ្តល់លទ្ធភាពដល់អ្នកដែលចង់ប្រើ IVF (បំពង់ពិសោធន៍) ។

Yuko Imamura បុគ្គលិកវិទ្យាស្ថានសុខភាព និងគោលការណ៍សកលដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបាននិយាយ​ថា៖

“ពិតជាល្អណាស់ ព្រោះគោលការណ៍នេះផ្តល់ឱ្យអ្នកដែលមានវ័យ ៣០ មានឳកាសព្យាបាលដោយ IVF ប៉ុន្តែមិនទាន់មានប្រាក់” ។

បងស្រី Yuko Imamura និងស្វាមីបានព្យាយាមមានផ្ទៃពោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនធ្លាប់ធ្វើ IVF ព្រោះថ្លៃពេក។ ទាំង​មាន​ធានារ៉ាប់រង ពួក​គេ​នៅ​តែ​ត្រូវ​ចំណាយ ១៥ ម៉ឺនយ៉េនរាល់ដំណាក់កាលព្យាបាល។

ស្រ្តីអាយុ ៣១ ឆ្នាំបាននិយាយថា “ព្រោះតែចង់មានកូន ជីវភាពរបស់យើងស្ទើរតែខ្វះខាត” ។

បច្ចុប្បន្ននាងកំពុងលេបថ្នាំជួយជំរុញការបញ្ចេញអូវុល។ ចាប់តាំងពីពេលមានផ្ទៃពោះក្រៅស្បូន ដែលបង្ខំឱ្យនាងត្រូវ​កាត់​បំពង់ស្បូនមួយផ្នែក នាងតែងតែមានអារម្មណ៍តានតឹងនឹងដំណើរការស្វែងរកកូន ជាពិសេសនៅពេលដែល​ស្វាមីរបស់នាងធ្វើជាអ្នកបើកឡានដឹកទំនិញផ្លូវឆ្ងាយ តែងតែចេញពីផ្ទះអំឡុងពេលងាយមានកូន។

ដើម្បីចំណាយលើធានារ៉ាប់រងថ្មី រដ្ឋាភិបាលបានកំណត់ថវិកាចំនួន ១៧,៤ ពាន់លានយ៉េនក្នុងថវិកាសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមនៅថ្ងៃសុក្រ។

ប៉ុន្តែស្ត្រីជាច្រើននិយាយថាបញ្ហាមិនស្ថិតលើការចំណាយនោះទេ។ តាមការស្រាវជ្រាវថ្មីៗនេះរបស់ក្រុមហ៊ុនធានារ៉ាប់​រង​អាយុ​ជីវិត Sumitomo បង្ហាញ​ថា​ស្ត្រី​ជប៉ុន​ភាគច្រើនគិតថាមិនអាចទទួលការព្យាបាល និងធ្វើការក្នុងពេលតែ​មួយ​ឡើយ។

Megumi Takai អាយុ ៣៣ ឆ្នាំគ្រោងនឹងចាកចេញពីការងារការិយាល័យពេញម៉ោងក្នុងពេលឆាប់ៗនេះ ដោយប្តូរទៅ​ការ​ងារ​ក្រៅ​ម៉ោង ដើម្បីផ្តោតលើការព្យាបាលបញ្ហាគ្មានកូន។

នាង​បាន​និយាយ​ថា ស្ត្រី​ជា​ច្រើន​មិន​មាន​ពេល​ទៅ​ជួប​គ្រូពេទ្យអំឡុងពេល​កំពុង​ធ្វើ​ការឡើយ ពួកគេគិតថានេះជាប្រធាន​បទ​រសើបខ្លាំង។

នាងនិយាយថា “ខ្ញុំសង្ឃឹមថាសង្គមគាំទ្រច្រើន​ជាង​នេះ ហើយអ្នករាល់គ្នាអាចចំណាយពេលសម្រាកតាមតម្រូវការ​” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: