កុមារបរទេសចំនួន ១ ម៉ឺននាក់នៅជប៉ុនមិនបានទៅសាលារៀន
យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំជប៉ុនដែលធ្វើឡើងនៅខែឧសភា ឆ្នាំ២០២១ មានកុមារបរទេសប្រមាណ ១ ម៉ឺននាក់ដល់អាយុចូលរៀនមិនបានទៅសាលា។
ក្រសួងអប់រំបានអោយដឹងថា ទោះស្ថានភាពនៅតែមានសភាពអាក្រក់ ប៉ុន្តែបានប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបទៅនឹង ៣ ឆ្នាំមុន។
ការស្រាវជ្រាវស្រដៀងគ្នាដែលបានធ្វើឡើងនៅឆ្នាំ ២០១៩ បង្ហាញថាក្រុមប្រឹក្សាអប់រំមូលដ្ឋានមិនបានពិនិត្យមើលស្ថានភាពរបស់កុមារបរទេសប្រមាណ ១០,២០០ នាក់ដល់អាយុចូលរៀនជាកំហិត។
ក្នុងចំណោមតួលេខកុមារសរុបចំនួន ១៩,៤៧១ នាក់នៅជប៉ុនដែលត្រូវបានរកឃើញថាមិនទៅសាលារៀន។
ទោះបីជារដ្ឋធម្មនុញ្ញ និងច្បាប់អប់រំមូលដ្ឋានរបស់ជប៉ុនតម្រូវឱ្យឪពុកម្តាយជប៉ុនបញ្ជូនកូនដល់អាយុចូលរៀនទៅសាលា ប៉ុន្តែបទប្បញ្ញត្តិនេះមិនអនុវត្តចំពោះជនបរទេសទេ។
ទោះជាយ៉ាងណា ក្រសួងអប់រំជប៉ុនបានស្នើឱ្យក្រុមប្រឹក្សាអប់រំមូលដ្ឋានផ្តល់ឱកាសចូលរៀនដល់កុមារបរទេស ដោយផ្អែកលើសន្ធិសញ្ញាអន្តរជាតិ ដូចជាសេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
ការស្ទង់មតិបង្ហាញថា មានកុមារបរទេសប្រហែល ១៣៣,០០០ នាក់មានឈ្មោះក្នុងបញ្ជីស្នាក់នៅ ស្ថិតក្នុងអាយុដែលគួរតែចូលរៀនបឋមសិក្សា ឬអនុវិទ្យាល័យ។
ក្រសួងអប់រំបានទាក់ទងទៅក្រុមប្រឹក្សាអប់រំក្រុង ហើយបានរកឃើញថា កុមារបរទេសចំនួន ១០,០៤៦ នាក់មិនបានទៅសាលា ចែកចេញជា ៣ ករណីធំៗ។
- មាន ៦៤៩ ករណីកុមារទាំងនេះគ្រាន់តែមិនចង់ទៅសាលារៀន។
- ក្រសួងអប់រំក៏បានរកឃើញថាកុមារចំនួន ៨,៥៩៧ ករណីដែលមានឈ្មោះក្នុងបញ្ជីស្នាក់នៅមូលដ្ឋាន ប៉ុន្តែមិនអាចបញ្ជាក់កន្លែងស្នាក់នៅខណៈដែលមន្ត្រីមូលដ្ឋានបានទៅដល់អាសយដ្ឋានដែលឪពុកម្តាយកត់ត្រាក្នុងបញ្ជីស្នាក់នៅ។
- ក្រៅពីនេះ មិនអាចកំណត់ស្ថានភាពកុមារដែលនៅសល់ចំនួន ៨០០ ករណី។
ចំនួននេះថយចុះសល់កុមារប្រមាណ ៩,៤០០ នាក់ បើធៀបនឹងការស្រាវជ្រាវធ្វើឡើងកាលពីបីឆ្នាំមុន។ នៅឆ្នាំ ២០១៩ ក្រុមប្រឹក្សាអប់រំមូលដ្ឋានប្រហែល ២០% មិនបានចងក្រងបញ្ជីកុមារបរទេសដែលដល់អាយុចូលរៀន ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកត្រឹម ៤%។
ទោះជាយ៉ាងនេះក្តី ក្រសួងអប់រំក៏បានរកឃើញថា ៩,៨% ក្រុមប្រឹក្សាសាលាមិនបានផ្ញើលិខិតជូនដំណឹងទៅឪពុកម្តាយដែលមានកូនដល់អាយុចូលរៀន។
ក្រសួងអប់រំបានបន្ថែមថា នឹងលើកកម្ពស់ការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងជំរុញពួកគេឱ្យខិតជិតគ្រួសារបរទេស។
ដើម្បីជួយកុមារបរទេស ក្រសួងបានសម្រេចយកប្រព័ន្ធទទួលស្គាល់ថ្នាក់ភាសាជប៉ុននៅវិទ្យាល័យជប៉ុនជាមុខវិជ្ជាផ្លូវការ។
គ្រួសារជនជាតិជប៉ុនទទួលបានសេចក្តីជូនដំណឹងដោយស្វ័យប្រវត្តិនៅពេលដែលពេលវេលាមកដល់។
AD