ចូលរួមសម្អាត Sento អាចងូតទឹកដោយឥតគិតថ្លៃ ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងជួយយុវជនសម្រេចក្តីស្រមៃរបស់ខ្លួន
Sento គឺជាលក្ខណៈវប្បធម៌ពិសេសរបស់ជប៉ុន វប្បធម៌នេះកើតឡើងដោយសារកាលពីមុនប្រជាជនជប៉ុនមិនធ្វើបន្ទប់ទឹកក្នុងផ្ទះ។ សព្វថ្ងៃនេះគ្រួសារជាច្រើនសាងសង់បន្ទប់ទឹក ដូច្នេះវប្បធម៌នេះក៏បាត់បង់បន្តិចម្តងៗ។
នៅសម័យរបស់ខ្ញុំចាប់ផ្ដើមពេញនិយមងូតទឹកតាមផ្ទះទៅហើយ ប៉ុន្តែពេលខ្លះខ្ញុំក៏ចង់ទៅ Sento ដើម្បីងូតអាងទឹកធំដែរ។
តាមការចង់ចាំរបស់ខ្ញុំ Sento គឺជាអាងទឹកធំ ជាកន្លែងដែលក្មេងៗប្រឡែងលេងអ៊ូអរ និងត្រូវមនុស្សធំស្តីបន្ទោស។
ថ្វីត្បិតតែមនុស្សមួយចំនួនមិននិយាយស្តី ប៉ុន្តែរូបសាក់លើខ្លួនរបស់ពួកគេធ្វើអោយមនុស្សជាច្រើននៅស្ងៀម។
នោះជាកន្លែងដ៏ល្អសម្រាប់ក្មេងៗស្វែងយល់សង្គម។
ឥឡូវនេះផ្ទះជួលភាគច្រើនមានបន្ទប់ទឹក ម្យ៉ាងមនុស្សជាច្រើនរវល់ធ្វើការរហូតដល់ពាក់កណ្តាលអធ្រាត្រ ចំនួនអ្នកទៅ Sento ក៏ថយចុះយ៉ាងខ្លាំងផងដែរ។
ទោះជាយ៉ាងណា Chidori Onsen នៅ Osaka មានការផ្លាស់ប្តូរថ្មីក្នុងប្រព័ន្ធ Sento ដើម្បីស្ដារវប្បធម៌នេះ។ ក្រោយម៉ោង ១១ ម៉ោងបិទទ្វារ មានយុវជននៅសម្អាតបន្ទប់ទឹក។
មនុស្សចំនួន ៩ នាក់ទាំងប្រុស ទាំងស្រីធ្វើការនៅតំបន់ Onsen នេះ។ ការងារសម្អាតបុរសជាអ្នកទទួលខុសត្រូវ ចំណែកស្ត្រីទទួលតួនាទី bandai (ស្រដៀងអ្នកទទួលភ្ញៀវ)។ យុវជនដែលធ្វើការនៅទីនេះក៏ចូលរួមសកម្មភាពសិល្បៈដូចជាតារាចម្រៀង សិល្បករជាដើម។
ទាំងនេះជាយុវជនដែលខំប្រឹងសម្រេចក្តីស្រមៃរបស់ខ្លួនតែគ្មានប្រាក់។ ភាគច្រើនពួកគេរស់នៅក្នុងផ្ទះជួលតូច ថែមទាំងមិនមានបន្ទប់ទឹក។ ដោយសារមាន Sento ថ្មីនេះ ពួកគេកំពុងរស់នៅយ៉ាងសប្បាយរីករាយ។
ម្ចាស់តំបន់ Sento នេះជា Salary man (បុគ្គលិកសុីឈ្នួល)។
ដោយដឹងថា Chidori Onsen ផ្អាកដំណើរព្រោះតែគ្មានអ្នកគ្រប់គ្រង ដូច្នេះបុគ្គលម្នាក់នេះលាឈប់ពីការងារ ដើម្បីចាប់ផ្តើមការងារគ្រប់គ្រងបន្ទប់ទឹក។ ជារៀងរាល់ថ្ងៃត្រូវចាប់ផ្តើមរៀបចំអាងងូតទឹក ហើយបញ្ចប់ការងារនៅពាក់កណ្តាលអធ្រាត្របន្ទាប់ពីសម្អាតរួចរាល់។ គាត់រវល់ខ្លាំងរហូតស្រក ៤ គីឡូក្រាមក្នុងរយៈពេល ៤ ខែ។ ដោយឃើញថាគ្មានកម្លាំងគ្រប់គ្រាន់ធ្វើការ គាត់បានបង្ហោះការងារនៅលើ Twitter ។
អ្នកដែលមកជួយសម្អាតអាចចូលងូតទឹកដោយឥតគិតថ្លៃ ថែមទាំងអាចជួលបន្ទប់បានដោយឥតគិតថ្លៃ។ យុវជនដែលចូលរួមក្នុងគម្រោងនេះត្រូវបានជ្រើសរើសម្តងម្នាក់ៗ។
ដោយផ្តើមចេញពីគំនិតគ្មានពេលវេលាសាងសង់ Chidori Onsen ប៉ុន្តែក្រោយមកសកម្មភាពនេះបានងាកទៅជួយយុវជនដែលមានក្តីស្រមៃចង់ធ្វើការខាងវិស័យសិល្បៈ។
តាមរយៈរឿងនេះ មនុស្សកាន់តែច្រើនចង់ជួយយុវជនសម្រេចក្តីស្រមៃរបស់ខ្លួន។ ម្ចាស់អាងងូតទឹកគិតថាទីក្រុងទាំងមូលនឹងមានភាពស្រស់ស្រាយឡើងវិញ។
យុវជនដែលមានក្តីស្រមៃដូចគ្នា អាចសម្អាតផង ចែករំលែករឿងរ៉ាវរបស់ខ្លួនផង នេះជាកន្លែងដ៏ល្អសម្រាប់យុវវ័យស្វែងរកដៃគូឆ្ពោះទៅកាន់ក្តីស្រមៃរបស់ខ្លួន។
Kengo Abe