គុណសម្បត្តិរបស់ Miso មិនត្រឹមតែឆ្ងាញ់ ថែមទាំងល្អចំពោះសុខភាព
Miso និង Shoyu ត្រូវបានគេចាត់ទុកដូចជាគ្រឿងទេសដែលតំណាងឲ្យម្ហូបជប៉ុន។
តើអ្នកដឹងពីភាពអស្ចារ្យនៃការផលិត miso ដែរទេ?
មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងល្អចំពោះសុខភាពទៀតផង ដូច្នេះហើយ miso ជាគ្រឿងទេសថ្នាក់ខ្ពស់។ Miso ត្រូវបានគេប្រើជាមួយនឹងមុខម្ហូបជាច្រើនដូចជា Ramen ហើយពេញនិយមបំផុតគឺស៊ុប Miso ។
ប្រសិនបើអ្នកធ្លាប់ភ្លក់មុខម្ហូបបែបជប៉ុន អ្នកប្រាកដជាធ្លាប់ទទួលទានជាមួយ Miso ។ ឥឡូវនេះ ចូរក្រឡេកមើលទិន្នន័យវេជ្ជសាស្រ្ដ អ្នកនឹងមើលឃើញភាពអស្ចារ្យរបស់ miso ទាំងអស់គ្នា។
កាល់ស្យូមច្រើន
កាល់ស្យូមគឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការបង្កើតឆ្អឹង និងធ្មេញ។ ក្នុងសមាសភាព miso មានកាល់ស្យូម ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹង ពេលចម្អិនស៊ុប Miso ប្រជាជនជប៉ុនប្រើ Dashi (出汁) ។ Dashi ជាទឹកស៊ុបបន្ទាប់ពីស្ងោរត្រី និងសារ៉ាយសមុទ្រ ជាត្រីខកំប៉ុងក្រៀម (Niboshi – ប្រភេទត្រីតូច) ឬត្រីក្រៀមហាន់ស្តើងៗ (Katsuobushi) មានកាល់ស្យូមច្រើន។ លើសពីនេះ គ្រឿងផ្សំដែលល្អចំពោះសុខភាពដូចជាតៅហ៊ូ សារ៉ាយសមុទ្រ និងបន្លែផ្សេងៗទៀតក៏នឹងបន្ថែមទៅក្នុងស៊ុបផងដែរ។
មុខម្ហូបនេះសំខាន់សម្រាប់កុមារដែលកំពុងអភិវឌ្ឍឆ្អឹង ក៏ដូចជាមនុស្សចាស់ដែលមានប្រព័ន្ធឆ្អឹងខ្សោយ។
កាត់បន្ថយហានិភ័យជំងឺមហារីកក្រពះ
វិទ្យាស្ថានមហារីកជាតិបានប្រកាសថា miso ជួយកាត់បន្ថយអត្រាកើតជំងឺមហារីកក្រពះ និងហានិភ័យមរណ។
ជាពិសេសសម្រាប់បុរស មានភាពខុសគ្នា ៤៨% អត្រាមរណភាពរវាងអ្នកហូបស៊ុប miso រាល់ថ្ងៃ និងអ្នកមិនហូប។ នេះជាភាពខុសគ្នាជាក់ស្តែងណាស់។
ការពារជំងឺមហារីកសុដន់
នេះជាការស្ទង់មតិដែលធ្វើឡើងដោយក្រុមស្រាវជ្រាវរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។ ពួកគេស្រាវជ្រាវប្រសិទ្ធភាពក្នុងការទទួលទានស៊ុប miso សណ្តែក និង Natto លើអត្រាកើតជំងឺមហារីកសុដន់រយៈពេល ១០ ឆ្នាំ។
ការស្ទង់មតិបង្ហាញថា អ្នកហូបស៊ុប miso ពីរចានក្នុងមួយថ្ងៃអាចកាត់បន្ថយជំងឺមហារីក ២៦% បើធៀបទៅនឹងអ្នកហូបស៊ុបមួយចានក្នុងមួយថ្ងៃ។ តួលេខនេះចំពោះអ្នកដែលហូបបីចានក្នុងមួយថ្ងៃគឺ ៤០% ។
កាត់បន្ថយស្នាមអុចខ្មៅ អាចម៍រុយ
ស្នាមអុចខ្មៅ និងអាចម៍រុយលើស្បែកដោយសារឥទ្ធិពលពន្លឺព្រះអាទិត្យខ្លាំង ហើយក៏ជាសត្រូវរបស់ស្រ្តីផងដែរ។
បច្ចុប្បន្នវិធីសាស្ត្រប្រើ miso កាត់បន្ថយស្នាមអុចខ្មៅ មិនទាន់ត្រូវបានធ្វើតេស្តទូលំទូលាយនៅឡើយទេ ទោះជាយ៉ាងណាលទ្ធផលបង្ហាញថាស្ត្រីហូបស៊ុប miso ដែលចម្អិនដោយ miso អង្កររាល់ថ្ងៃជួយកាត់បន្ថយកម្រិតស្នាមអុចខ្មៅលើថ្ពាល់ អាចម៍រុយ។
តើ miso អាចជួយសម្រកទម្ងន់ដែរទេ?
សណ្តែកសៀងផ្ទុកសារធាតុជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ដូចជាអាស៊ីត linoleic, lecithin និង saponin ។
របាយការណ៍មួយចំនួនបង្ហាញថា ទទួលទានស៊ុប miso ម្តងក្នុងមួយថ្ងៃរយៈពេល ៦ ខែកាត់បន្ថយកម្រិតសារធាតុខ្លាញ់ក្នុងចរន្តឈាម។
ប្រសិនបើរបាយការណ៍នេះត្រូវបានបញ្ជាក់ Miso ល្អចំពោះរបបអាហារសម្រកទម្ងន់។
តើអ្នកយល់យ៉ាងណាចំពោះគុណសម្បត្តិរបស់ Miso ?
ចាប់ពីថ្ងៃស្អែកទៅ កុំភ្លេចទទួលទាន Miso ជារៀងរាល់ថ្ងៃ។
Abe Kengo