ក្តីស្រមៃឡើងកំពូលភ្នំ Fuji របស់បុរសវ័យ ៧៩ ឆ្នាំបានក្លាយជាការពិត
ភ្នំ Fuji ជាភ្នំដែលខ្ពស់ជាងគេនៅប្រទេសជប៉ុនមានកម្ពស់ ៣៧៧៦ ម៉ែត្រ មានមនុស្សជាច្រើនប្រាថ្នាចង់ឡើង។ បុរសជាឪពុកវ័យ ៧៩ ឆ្នាំក្នុងរឿងនេះមានបំណងចង់ឡើងកំពូលភ្នំ។
ដូច្នេះបានជាកូនប្រុសជួយឪពុកធ្វើដំណើរសម្រេចក្តីស្រមៃ។ ទោះបីជាមានជំងឺខ្លាចខ្ពស់ ក៏លោកនៅតែចង់ឈរលើកំពូលភ្នំជប៉ុន។ នៅទីនោះមានទេសភាពស្អាតដែលគាត់មិនធ្លាប់បានឃើញពីមុនមក។
ឡើងភ្នំនៅអាយុ ៨០ ឆ្នាំ
នោះជាលើកទីមួយដែលលោក Tsuneo Moriya អាយុ ៧៩ ឆ្នាំ មកពីទីក្រុង Fukuyama ខេត្ត Hiroshima ឡើងភ្នំ។ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ ជាលើកដំបូងក្នុងជីវិតគាត់សម្រេចចិត្តឡើងភ្នំ Fuji ក្នុងដំណើរកំសាន្តមួយ។
ទោះគាត់ធ្វើដំណើរមកដល់ស្ថានីយ៍ទី ៥ ជាច្រើនដង ប៉ុន្តែគាត់មិនធ្លាប់ទៅឆ្ងាយជាងហ្នឹងឡើយ។ ហេតុនេះហើយទើបលោកមានក្តីស្រមៃចង់គយគន់ទេសភាពនៅលើកំពូលភ្នំពេលលោកមានអាយុ ៨០ ឆ្នាំ។
ថ្ងៃចេញដំណើរពីស្ថានីយ៍ទី ៥ ។
លោក Tsuneo កាលនៅក្នុងជួរកងទ័ពធ្លាប់ចូលរួមរត់ Half marathon ។ ទោះបីជាគាត់មានអាយុច្រើនជាងគេក្នុងក្រុមក៏ដោយ ប៉ុន្តែគាត់មានទំនុកចិត្តយ៉ាងខ្លាំងចំពោះកាយសម្បទារបស់ខ្លួន ហើយគាត់ក៏មិនធ្លាប់ឡើងភ្នំផងដែរ។
កូនប្រុសរបស់លោក Tsuneo ឈ្មោះ Koichi អាយុ ៥១ ឆ្នាំដោយមានការព្រួយបារម្ភសម្រេចចិត្តចូលរួមជាមួយឪពុក។
លោក Tsuneo ពេលមើលឃើញកូនរបស់ខ្លួនញញឹមនិយាយថា “ឡើងភ្នំជាមួយគ្នាក៏ល្អដែរ ប៉ុន្តែកូនមិនចាំបាច់ធ្វើដល់ថ្នាក់នឹងទេ។ ពុកមានអ្នកណែនាំល្អម្នាក់ហើយ” ។
នៅពេលនោះក្តីស្រមៃមិនអាចក្លាយជាការពិត
Koichi រំលឹកថា “នៅទីបំផុតពេលនោះ ឪពុកខ្ញុំមិនអាចឡើងដល់កំពូលភ្នំ” ។
នៅពេលក្រុមកំពុងឡើងកំពូលភ្នំមើលថ្ងៃរះ មេឃពេលនោះងងឹតសូន្យ។ ព្រោះតែលោក Tsuneo មានវ័យចំណាស់ និងមានជំងឺដាច់សរសៃឈាមខួរក្បាល ដូច្នេះអ្នកណែនាំអនុញ្ញាតអោយគាត់នៅក្នុងតង់។ ថ្វីត្បិតតែក្នុងអុីម៉ែលផ្ញើអោយកូនប្រុសគាត់បានសរសេរថា “ដំណើរកម្សាន្តគួរឱ្យចាប់អារម្មណ៍ណាស់” ប៉ុន្តែកូនប្រុសដឹងថាឪពុករបស់ខ្លួននៅតែសោកស្តាយ។ ដោយសារតែមានទំនុកចិត្តលើកម្លាំងកាយ ដូច្នេះអារម្មណ៍សោកស្តាយកាន់តែធំ។
លោក Tsuneo បើកចិត្តនិយាយថា “ពិតជាគួរអោយសោកស្តាយណាស់។ ខ្ញុំសាកល្បងម្តងទៀត ប៉ុន្តែអាយុ ៧៩ ឆ្នាំទៅហើយ។ ខ្ញុំមិនដឹងថាអាចធ្វើបានយូរប៉ុណ្ណាទេ” ។
លោក Koichi សម្រេចចិត្តនាំឪពុកឡើងភ្នំដើម្បីបំបាត់អារម្មណ៍សោកស្ដាយនេះ។ ដំបូងឡើយ លោក Tsuneo បានបដិសេធ ព្រោះខ្លាចរំខានដល់កូនប្រុស ប៉ុន្តែបន្ទាប់ពីបានឃើញការប្តេជ្ញាចិត្តរបស់កូន គាត់ក៏បានយល់ព្រម។
តាំងពីពេល Koichi អាយុ ១៨ ឆ្នាំ ឪពុកកូនលែងរស់នៅជាមួយគ្នា ហើយជួបគ្នាត្រឹម ២ ទៅ ៣ ដងក្នុងមួយឆ្នាំប៉ុណ្ណោះ។ នេះជាដំណើរកំសាន្តលើកដំបូងរបស់ពួកគាត់។
មួយខែក្រោយមក នៅថ្ងៃទី ២៥ ខែសីហា អ្នកទាំងពីរបានសាកល្បងឡើងវិញ នៅស្ថានីយ៍ទី ៥ ។
ពេលចាប់ផ្តើមរលូនល្អ ប៉ុន្តែស្រាប់តែមានបញ្ហាកើតឡើង
ដើមឡើយដំណើររបស់ឪពុកកូនអំណោយផលណាស់។ នៅស្ថានីយ៍ទី ៦ លោក Koichi ស្ពាយទាំងកាបូបរបស់ឪពុក។ មកដល់ស្ថានីយ៍ទី ៧ ល្បឿនរបស់ពួកគេលឿនជាង ៤០ នាទី។
ទោះជាយ៉ាងណា នៅស្ថានីយ៍បន្ទាប់មកទៀត ជំងឺខ្លាចខ្ពស់របស់លោក Tsuneo រើឡើង។ លោក Tsuneo ជជែកគ្នាជាមួយកូននៅស្ថានីយ៍មុន ប៉ុន្តែមកដល់ស្ថានីយ៍ទី ៨ លោកបានត្រឹមតែនៅស្ងៀម។ គាត់តែងតែត្អូញត្អែរថាឈឺខ្នង ទោះគាត់មិនមែនជាមនុស្សត្អូញត្អែរក៏ដោយ។ ពេលវេលាសម្រាកច្រើនឡើង លោក Koichi ត្រូវទុកឱ្យឪពុកសម្រាកនៅពាក់កណ្ដាលភ្នំ និងប្រើអុកស៊ីសែនចល័ត។
លោក Koichi បាននិយាយថា “ព្រោះតែធ្លាប់បរាជ័យម្តង ដូច្នេះខ្ញុំពិតជាមានការបារម្ភ។ ខ្ញុំគិតថាខ្លួនធ្វើខុសនៅពេលដែលឡើងខ្ពស់ពេក” ។
ស្ទើរតែបោះបង់ចោល
ឪពុកកូនព្យាយាមទៅដល់ស្ថានីយទី ៩ មានរយៈកម្ពស់ ៣៦០០ ម៉ែត្រ កំពូលភ្នំកំពុងខិតមកជិត។ ហើយលោក Tsuneo ក៏ឈានដល់ដែនកំណត់របស់គាត់ដែរ។ លោក Koichi ព្រួយបារម្ភ មិនដឹងថាគួរត្រឡប់ទៅស្ថានីយ៍ទី ៨ វិញឬអត់ នៅទីនោះមានផ្ទះសំណាក់មួយ។
ខណៈពេលកូនប្រុសរបស់គាត់កំពុងច្របូកច្របល់ លោក Tsuneo បាននិយាយថា “ពុកត្រូវតែឡើងដល់កំពូល” ។
ដោយឮពាក្យទាំងនេះ លោក Koichi ក៏សម្រេចចិត្តបន្តដំណើរ។ ដោយផ្ទាល់លោក Koichi ក៏ពិបាកណាស់ដែរ កាបូបទាំងពីរមានទម្ងន់ប្រហែល ៣០ គីឡូក្រាម។ ក្រៅពីសម្លៀកបំពាក់ លោកក៏បានត្រៀមទឹក អាហារ និងថ្នាំមួយចំនួនផងដែរ។ លោក Koichi ចូលចិត្តឡើងភ្នំ ហើយទម្ងន់មិនជាបញ្ហាសម្រាប់គាត់ទេ ប៉ុន្តែឡើងផង ជួយទាញលោក Tsuneo ផងពិតជាលំបាកណាស់។ ទោះបីជាយ៉ាងណា កូនប្រុសនៅតែព្យាយាមលើកទឹកចិត្តឪពុក។
ក្រឡេកមើលទៅលើកំពូលភ្នំឃើញមានក្រុមយុវជន ៣ នាក់បក់ដៃ។ លោក Tsuneo បាននិយាយថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ មានអារម្មណ៍ថាខ្លួនរឹងមាំជាងនេះ” ។
ក្តីស្រមៃក្លាយជាការពិត
កំពូលភ្នំនេះជាលទ្ធផលនៃការខិតខំរបស់ឪពុកកូនទាំងពីរ។
នៅពេលពួកគាត់ទាំងពីរឡើងដល់កំពូលភ្នំ មេឃងងឹតនៅឡើយ។ ក្រឡេកមើលជើងភ្នំឃើញ Kagefuji ស្រមោលភ្នំលាតសន្ធឹង ជាទិដ្ឋភាពដ៏អស្ចារ្យលើភ្នំដែលខ្ពស់ជាងគេនៅជប៉ុន។
ពេលនោះគាត់ក៏និយាយប្រាប់កូនថា “ពុកសប្បាយចិត្តណាស់ នេះជាអនុស្សាវរីយ៍ដែលគាត់យកតាមពេលលាចាកលោក” ។
ដោយសាររយៈពេលឡើងរបស់លោក Tsuneo យូរពេក ដូច្នេះគាត់មិនត្រូវបានគេបញ្ចូលក្នុងកំណត់ត្រាអ្នកឡើងភ្នំដែលមានអាយុជាង ៧០ ឆ្នាំទេ (គណនាតាមអាយុ)។ ទោះជាយ៉ាងណាក៏ដោយ លោក Tsuneo បានឃើញអ្វីដែលគាត់ចង់ឃើញ សម្រេចក្តីស្រមៃរបស់ខ្លួន ហើយជាងនេះទៅទៀត គាត់អាចធ្វើរឿងនេះជាមួយកូនប្រុសរបស់ខ្លួន។
Sacchan