Ejima Ikushima Jiken រឿងអាស្រូវនៅសម័យ Edo
តើនឹងមានអ្វីកើតឡើងបើអ្នកសិល្បៈ ឬអ្នកនយោបាយជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហាក្នុងប្រទេសរបស់អ្នក?
ក្នុងករណីនៅប្រទេសជប៉ុន ព័ត៌មាននោះនឹងត្រូវផ្សព្វផ្សាយពេញបណ្តាញសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក៏អាចជាការបញ្ចប់អាជីពរបស់ពួកគេផងដែរ។
យ៉ាងណាមិញ រឿងនេះមិនមែននិយាយអំពីរឿងអាស្រូវសម័យនេះទេ ប៉ុន្តែជារឿងអាស្រូវដែលកើតឡើងនៅសម័យសាមូរ៉ៃ ពោលគឺសម័យអេដូ។
ថ្ងៃនេះ ចូរស្វែងយល់អំពីរឿងអាស្រូវនៅសម័យអេដូដែលមានឈ្មោះថា Ejima Ikushima ។
ជាដំបូងសូមក្រឡេកមើលរូបភាពនេះ។
បុរសខាងឆ្វេងជាតារាសម្ដែង Kabuki មានឈ្មោះថា Ikushima Shingorou រីឯស្រ្តីនោះមានឈ្មោះ Ejima ។ ក្នុងរូបភាព Ejima បង្ហាញរូបរាងល្បួងបុរសនេះ តាមពិតទៅនាងជាមនុស្សដែលមានឋានៈ។ តើអ្នកស្គាល់ទស្សនៈ Ooku ដែរទេ? ទស្សនៈនោះសំដៅលើដំណាក់ខាងក្រោយរបស់មេទ័ពនៅជប៉ុន។ នៅសម័យអេដូ ត្រកូល Tokugawa កាន់អំណាចច្រើនជំនាន់។ ហើយដើម្បីបន្តរបបនេះ បញ្ហាអ្នកស្នងតំណែងសំខាន់ខ្លាំងណាស់។
កាលពីមុនវេជ្ជសាស្រ្តមិនទាន់រីកចម្រើន ដូច្នេះអត្រាទារកស្លាប់ខ្ពស់។ ហេតុនេះត្រកូល Tokugawa តម្រូវឱ្យមានកូនច្រើន ដើម្បីស្វែងរកអ្នកស្នងតំណែង។
ចំណុចនេះមិនត្រឹមតែសំខាន់ចំពោះមុខតំណែងរបស់ត្រកូល Tokugawa ប៉ុណ្ណោះទេ ព្រោះបើអំណាចគ្រួសារ Tokugawa រង្គោះរង្គើ ប្រទេសជប៉ុននឹងធ្លាក់ក្នុងស្ថានភាពអស្ថិរភាព ដូច្នេះបញ្ហាមានច្រើន ដើម្បីធានាសន្តិភាពប្រទេស។
ហើយដើម្បីសម្រួលដល់ការបង្កើតអ្នកស្នងតំណែង លោកមេទ័ព Tokugawa មានស្រីស្នំនៅដំណាក់ក្រោយ។
តួអង្គ Ejima ដែលបានរៀបរាប់ខាងលើអាចនិយាយបានថាជាមនុស្សនាំមុខដំណាក់ក្រោយ ស្ត្រីម្នាក់មិនអាចឡើងឋានៈខ្ពស់បានឡើយ លុះត្រាតែនាងមានសមត្ថភាពពិតប្រាកដ និងត្រូវបានមនុស្សគ្រប់គ្នាទទួលស្គាល់។
Ejima ថែមទាំងត្រូវបានលោកមេទ័ពបញ្ជាឱ្យតំណាងខ្លួនទៅមើលផ្នូររបស់ថ្នាក់លើជំនួសគាត់។ កន្លែងដែលនាងទៅគឺប្រាសាទ Zoujou សព្វថ្ងៃស្ថិតនៅ Minato ទីក្រុងតូក្យូ។ លុះត្រាតែទុកចិត្ត បើមិនដូច្នេះមិនអាចប្រគល់ភារកិច្ចបែបនេះឱ្យនរណាម្នាក់ឡើយ ត្រង់ចំណុចនេះឃើញថា Ejima ទទួលបានការទុកចិត្តប៉ុណ្ណា។
ក្នុងនាមជាមនុស្សដំណាក់ក្រោយ មិនងាយមានឳកាសចេញទៅក្រៅទេ។ យូរមកហើយដែល Ejima អាចដើរហើរបែបនេះ។ ក្រោយពេលទៅមើលផ្នូរនាងមិនបានត្រឡប់ទៅដំណាក់ក្រោយវិញទេ ប៉ុន្តែសម្រេចទៅកាន់ទីប្រជុំជនអ៊ូអរ។ បន្ទាប់ពីបានទៅមើលហាង Kimono មុខច្រកចូលដំណាក់ក្រោយ នាងបានទៅមើលការសម្តែង Kabuki ។
ក្រោយពេលសម្តែងក្រុមចម្រៀងបើកពិធីជប់លៀងធំ។ សិល្បករ Shingoro Ikushima ក៏ចូលរួមខណៈដែល Ejima កំពុងមានអារម្មណ៍ល្អ ថែមទាំងស្រវឹងបន្តិចទៀតផង។
សិល្បករ Shingoro Ikushima សង្ហាខ្លាំងណាស់ ហើយមានអ្នកគាំទ្រច្រើន ល្បីទូទាំងទីក្រុង Edo ។ ពាក្យចចាមអារ៉ាមថា អំឡុងពេលជប់លៀងនោះ Ejima ល្បួង Shingoro Ikushima ធ្វើរឿងលាក់លៀម។
រឿងដែលស្រ្តីអភិជនមានទំនាក់ទំនងផ្លូវកាយជាមួយតារាសម្តែងប្រុសវណ្ណៈទាបធ្វើអោយរដ្ឋាភិបាលបាក់មុខ។ ពួកគេទាំងពីរត្រូវគេចោទសួរ និងធ្វើទារុណកម្មយ៉ាងតឹងរ៉ឹង ប៉ុន្តែអ្នកទាំងពីរបានបដិសេធថាគ្មានទំនាក់ទំនងប្រុសស្រី។
ថ្វីត្បិតតែមានមតិជាច្រើនទាមទារឱ្យកាត់ទោសប្រហារជីវិតពួកគេធ្វើជាគំរូ ប៉ុន្តែនៅទីបំផុត Shingoro Ikushima ត្រូវនិរទេសទៅកាន់កោះដាច់ស្រយាល ចំណែក Ejima ត្រូវឃុំឃាំងនៅតំបន់ភ្នំ Nagano ម្នាក់ឯង។
លើសពីនេះ អ្នកដែលជាប់ពាក់ព័ន្ធនឹងក្រុមល្ខោន Kabuki សុទ្ធតែត្រូវនិរទេស។ អ្នកដែលរងទុក្ខខ្លាំងជាងគេគឺបងប្រុសរបស់ Shingoro Ikushima ។ គាត់ត្រូវកាត់ទោសប្រហារជីវិតដោយសារមិនអាចគ្រប់គ្រងប្អូនប្រុសរបស់ខ្លួន។
បញ្ហាត្រង់ថា រដ្ឋាភិបាលមិនមានភស្តុតាងទេ គ្មានអ្នកពាក់ព័ន្ធណាម្នាក់ចេញមុខសារភាពឡើយ។ គ្រាន់តែជាពាក្យចចាមអារ៉ាម តើ Ejima ពិតជាធ្វើខុសឆ្គង ឬនាងជាអ្នករងគ្រោះ។ ប្រហែលជា Ejima ត្រូវនរណាម្នាក់ទម្លាក់កំហុសព្រោះតែច្រណែន។
បច្ចុប្បន្ននៅ Nagano មានវិមានមួយឈ្មោះថា Kakomi Yashiki ជាកន្លែងឃុំខ្លួន Ejima ត្រូវបានស្ដារឡើងវិញ។
https://news.yahoo.co.jp/articles/111bc76798cb7f9566211aeb8da0773fb8742137?page=3
ជាមួយនឹងរបងរឹងមាំ នាងមិនអាចចេញទៅក្រៅទៀតទេ។ នាងរស់នៅក្នុងភាពឯកោ មិនអាចផ្ញើសំបុត្រ មិនមានទំនាក់ទំនងជាមួយអ្នកក្រៅ។
តើ Ejima និងតារាសម្ដែងរូបនោះសមនឹងទទួលទោសធ្ងន់បែបនេះទេ?
Kengo Abe