គ្រូបង្រៀនជនជាតិជប៉ុនត្រូវផ្អាកការងារដោយសារយកច្រាសដុសធ្មេញមិត្តរួមការងារដាក់ក្នុងមាត់ប្រមាណ ២០ ដង
គ្រូបង្រៀនអាយុ ៥១ ឆ្នាំម្នាក់ នៅសាលាអនុវិទ្យាល័យរដ្ឋទីក្រុង Shunan ខេត្ត Yamaguchi ភាគខាងលិចប្រទេសជប៉ុន ត្រូវផ្អាកការងាររយៈពេល ៣ ខែ ដោយសារអាកប្បកិរិយាមិនសមរម្យដដែលៗ រួមទាំងទង្វើដាក់ច្រាសដុសធ្មេញរបស់មិត្តរួមការងារក្នុងមាត់ខ្លួនប្រមាណ ២០ ដង។ ព័ត៌មាននេះត្រូវបានក្រុមប្រឹក្សាអប់រំខេត្តប្រកាសកាលពីថ្ងៃទី ១៦ ខែមីនា។
នេះបើតាមក្រុមប្រឹក្សាអប់រំ គ្រូបង្រៀនប្រុសចូលបន្ទប់ពេទ្យរបស់សាលាប្រហែល ៣០ ដងដោយខ្លួនឯង ចាប់ពីដើមខែកញ្ញា ដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៥ ព្រឹក។
គាត់យកច្រាសដុសធ្មេញរបស់គ្រូគិលានុបដ្ឋាយិកាដាក់ចូលមាត់ប្រហែល ២០ ដង កាយរករបស់របរក្នុងថតតុបន្ទប់។
ដោយកត់សម្គាល់ឃើញថាខុសប្រក្រតី គិលានុបដ្ឋាយិកាសាលាបានដំឡើងកាមេរ៉ាក្នុងបន្ទប់ ហើយក្នុងវីដេអូថតបានសកម្មភាពមិនសមរម្យរបស់គ្រូប្រុស។
គ្រូបង្រៀនរូបនេះបាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង ចង់យកច្រាសដុសធ្មេញរបស់នរណាម្នាក់ដាក់ក្នុងមាត់របស់ខ្លួន។ ខ្ញុំមានអារម្មណ៍ថាការធ្វើបែបនេះ ធ្វើឱ្យខ្ញុំកាន់តែជិតស្និទ្ធជាមួយបុគ្គលិកគិលានុបដ្ឋាយិកា” ។
បញ្ជាផ្អាកត្រូវបានដាក់ចេញនៅថ្ងៃទី ១៦ ខែមីនា។
Japo Cambodia