អ្នកដឹកនាំរឿង Hayao Miyazaki ស្រក់ទឹកភ្នែកពេលធ្វើបទ​បង្ហាញ​និយាយ​ពីជំងឺ Hansen (ជំងឺឃ្លង់)

អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ Hayao Miyazaki ធ្វើបទបង្ហាញលើកដំបូងនៅសារមន្ទីរជាតិនិយាយពីជំងឺ Hansen (ជំងឺ​ឃ្លង់) នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៩ ។ លោកបាននិយាយថាខ្លួនពណ៌នាអំពីជំងឺនេះក្នុង Mononoke Hime ដែលជាស្នាដៃ​ជោគជ័យ​មួយ​របស់គាត់។ អំឡុងពេលបញ្ចេញ​មិតផ្ទាល់​ខ្លួន អ្នកដឹកនាំរឿងស្រក់​ទឹក​ភ្នែក។

“ខ្ញុំសប្បាយចិត្តណាស់ដែលបានមកដល់ទីនេះ ពិតណាស់ ជាកន្លែងមួយដែលខ្ញុំបានជួបមនុស្សជាច្រើន” ។

ទីកន្លែងដែលអ្នកដឹកនាំរឿងកំពុងនិយាយគឺវិទ្យាស្ថានថែទាំជាតិ Tama Zenshōen មានឯកទេសក្នុងការព្យា​បាល​ជំងឺ Hansen នៅ Higashimurayama ទីក្រុងតូក្យូ។

ទាក់ទងនឹងជំងឺ Hansen ជប៉ុនធ្លាប់ញែកអ្នកជំងឺ Hansen ចេញពីសង្គមទាំងស្រុងដោយផ្អែកលើបទបញ្ញត្តិ “វិធីសាស្រ្តការពារជំងឺ Hansen” រហូត​ដល់​ឆ្នាំ ១៩៩៦ ។ មនុស្សជាច្រើនត្រូវនៅដាច់ដោយឡែកពីគ្រួសារ ហើយស្នាក់នៅមណ្ឌលដែលព័ទ្ធជុំវិញដោយជញ្ជាំង បន្ទាប់មកស្លាប់ម្នាក់ឯងនៅទីនោះ។ ដោយសារតែជំងឺនេះ ប្តីប្រពន្ធមួយចំនួន​ត្រូវ​​បង្ខំ​​រំលូត​​កូន ឬលែងមានកូន។

ស្នាដៃ Mononoke Hime 

អ្នកជំងឺ Hansen ជាង ១៥០ នាក់នៅតែរស់នៅ Tama Zenshōen ដែលមានអាយុជាមធ្យមប្រហែល ៨៥ ឆ្នាំ។ អ្នកដឹកនាំរឿង Miyazaki ក៏តែងតែមកទីនេះដែរ។

“ខ្ញុំដឹងអំពី Zenshōen កាលសម័យជូនកូនទៅសាលារៀន យូរណាស់ហើយ ប្រហែលជាជាង ៣០ ឆ្នាំមកហើយដែលខ្ញុំមិនបានមកទីនេះ។ ខ្ញុំមិន​ដឹង​ថា​ខ្លួន​ត្រូវធ្វើយ៉ាងណាចំពោះ​កន្លែង​នេះឡើយ” ។

ដោយផ្អែកលើ Mononoke Hime ទើបលោក Miyazaki មានឱកាសប្រឈមមុខនឹងជំងឺនេះ។ ក្នុងខ្សែភាពយន្ត តួអង្គ Tatara ជា​អ្នក​ដែលចូលរួមដំណើរការផលិតដែកត្រូវបានពណ៌នាថាកើតជំងឺ Hansen ។

“ខ្ញុំបានព្យាយាមបង្ហាញតួអង្គខុសប្លែកពីគេម្នាក់ក្នុងសម័យរបស់សាមូរ៉ៃ និងកសិករ។ ខ្ញុំគិតថាមិនល្អទេ បើគ្រាន់​តែ​រៀប​រាប់​រឿង​របស់សាមូរ៉ៃ និង​កសិករ ខណៈដែលមានមនុស្សជាច្រើនរស់នៅប្រទេសនេះ” ។

“ភស្តុតាង” គឺថាពួកគេរស់នៅទីនេះ

អ្នកដឹកនាំរឿង Miyazaki បានលើកឡើងរមូររូប “Ippen Shonin Eden” ដែលពណ៌នាអំពី Ippen ស្ថាបនិក Ji-shu ដើម្បីបង្កើត Mononoke Hime ។

“តួអង្គដែលបង្ហាញខ្លួនក្នុង Ippen Shonin Eden ។ ពួកគេ​ជា​មនុស្ស​​មាន​ជំងឺ Hansen ដែលមិនត្រូវចាត់ទុកជាមនុស្ស។ ខ្ញុំមកដល់ Zenshōen ជាមួយស្មារតី ប្រសិនបើមិនប្រឈមមុខនឹងអ្នកជំងឺ Hansen ខ្ញុំនឹងមិនដឹងអ្វីទាំងអស់​ពី​ពួក​គេ” ។

ក្នុង​សារមន្ទីរ​ដាក់តាំងសម្ភារៈឯកទេសប្រើសម្រាប់អ្នកជំងឺ Hansen ។

“នៅថ្ងៃនោះភ្លៀងធ្លាក់ អាកាសធាតុត្រជាក់។ ខ្ញុំ​នឹង​មិន​ភ្លេច​​អារម្មណ៍​ពេល​នោះ​ឡើយ។ មានភស្តុតាងជាច្រើនបង្ហាញថាពួកគេធ្លាប់​រស់​នៅ​ទី​នេះ” ។

ការជួបជុំ

ក្នុងបទបង្ហាញលើកនេះ អ្នកដឹកនាំរឿង Miyazaki រំលឹកដល់ Osamu Sagawa ជាមនុស្សម្នាក់រស់នៅ Zenshōen ទើបតែទទួលមរណភាពកាលពីឆ្នាំមុន។ Sagawa ធ្លាប់ជាអ្នកនិទានរឿងរបស់លោកអស់រយៈពេលច្រើនឆ្នាំ ហើយ​អ្នកទាំងពីរស្និទ្ធស្នាលគ្នាណាស់។ លោក Miyazaki បានព្យាយាមថែរក្សា Yamabukisha ពីមុនធ្លាប់ប្រើជាអន្តេវាសិកដ្ឋាន​បុរស​ក្នុង​វិទ្យាស្ថាន។

“មិនដឹងថាគាត់ធ្លាប់ប្រាប់ខ្ញុំប៉ុន្មានដងទេថា ទោះលាបជញ្ជាំង ឬបិទបង្អួចក៏កន្លែងនេះមើលទៅមិនប្រសើរឡើងដែរ។ បុរស ១០ នាក់ស្នាក់នៅជាមួយគ្នាប្រាកដជាកខ្វក់ គាត់នៅតែនិយាយមុនពេលទទួលមរណភាព។ ពិតជារឹង​រូស​ណាស់” ។

Sagawa បានទទួលមរណភាពនៅថ្ងៃទី ២៤ ខែមករាឆ្នាំមុន។ អ្នកដឹកនាំរឿង Miyazaki ស្រក់ទឹកភ្នែកនៅក្បែរគ្រែមិត្តស្និទ្ធស្នាលម្នាក់នេះ។

“នៅទីបំផុតពេលខ្ញុំទទួលបានដំណឹងព្រិលកំពុងធ្លាក់។ ទាំងយប់ ខ្ញុំបើកឡានពីស្ទូឌីយោទៅកាន់ទីនោះ ហើយពេលចូលទៅដល់ Sagawa បានចាកចេញទៅ។ ខ្ញុំឈរនៅក្បែរគ្រែ ដៃរបស់គាត់ទន់សល់តែឆ្អឹងប៉ុណ្ណោះ ខ្ញុំកាន់ដៃគាត់ថ្នមៗ ហើយ​និយាយ​អរគុណ។ បានជួបគាត់ពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ” ។

គំនូរ “ពន្លឺនៃ Promin”

ក្នុងបទបង្ហាញលើកនេះរួមជាមួយនឹងនាយកសិល្បៈនៃ Studio Ghibli, Noboru Yoshida អ្នកដឹកនាំរឿងបានបង្ហាញគំនូរដែលរំលឹកដល់លោក Sagawa ។ គំនូរ​នោះ​មាន​ឈ្មោះ​ថា “ពន្លឺ​នៃ​ Promin” ។ Promin ជាឈ្មោះថ្នាំសម្រាប់​ព្យាបាលជំងឺ Hansen ។ ឱសថនេះពេញនិយមខ្លាំងនៅប្រទេសជប៉ុនបន្ទាប់ពីសង្គ្រាម បានក្លាយជាក្តីសង្ឃឹម​របស់​អ្នក​ជំងឺជាច្រើនដែលធ្លាប់ត្រូវគេចាត់ទុកថាមិនអាចព្យាបាល។

“នៅពេលមាន Promin លោក Sagawa និយាយថាវាហាក់ដូចជាពន្លឺទម្លុះ” ។

ដៃដែលបង្ហាញក្នុងរូបភាពគឺជាដៃរបស់លោក Sagawa ។ ទេសភាពទីក្រុងនៅផ្ទៃខាងក្រោយបង្ហាញពីស្រុកកំណើតរបស់អ្នកជំងឺ Hansen ត្រូវដាក់​ឱ្យ​នៅ​ដាច់​ឡែក។

កន្លែងសំខាន់មួយ

មិនថាអាចព្យាបាលដោយ Promin ឬស្លាប់ ទោះនៅសល់តែឆ្អឹង ចំនួនអ្នកជំងឺ Hansen មិនអាចត្រឡប់ទៅផ្ទះច្រើន​ណាស់។ មនុស្សទាំងនេះកំពុងចាកចេញទៅដោយស្ងប់ស្ងាត់ក្នុងបរិវេណវិទ្យាស្ថាន។ លោក Sagawa ជាម្នាក់ក្នុងចំណោម​នោះ។

“ក្នុងអំឡុងពេលផលិត Mononoke Hime ខ្ញុំតែងតែទៅមើលផ្នូរ។ ផ្នូរនេះ​ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​ខ្ញុំ និងមនុស្សជា​ច្រើន​ទៀត អ្នកដែលអាចឈានដល់ពេលនេះ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: