ល្បែង Toribami ជាទម្រង់ដាក់ទានប្រជាជនធម្មតារបស់ពួកអភិជនជប៉ុន

មុនពេលលេចវត្តមានរបស់សាមូរ៉ៃ ជប៉ុនជាប្រទេសមានសន្តិភាពគ្រប់គ្រងដោយពួកអភិជន។ ពាក្យ “សន្តិភាព” ត្រង់ចំណុចនេះសម្រាប់​ពួកអភិជន មិន​មែន​សម្រាប់​ប្រជាជនធម្មតាទេ។ ពួកអភិជនរស់នៅក្នុងភាពប្រណីត ខណៈដែលភាគច្រើនប្រជាជននៅសម័យ Heian ក្រីក្រយ៉ាងខ្លាំង។

កាលនោះមានល្បែងពេញនិយមមួយហៅថា Toribami សម្រាប់ពួកអភិជន។ ជាល្បែងអភិជន ប៉ុន្តែដូចជា​គ្មានមនុស្សធម៌​នោះ​ទេ អាក្រក់រហូតដល់ថ្នាក់មើលទៅ​អ្នក​ចូលរួម​លែង​ជា​មនុស្ស​ទៀត​ហើយ។ ល្បែងនេះឆ្កួតមែនទែន មាន​តែ​អ្នកមានប្រាក់ទើបគិតឃើញ។

តើ Toirbami ជាអ្វី? មុន​នឹង​ពន្យល់ ខ្ញុំ​នឹង​លើក​ឡើង​អំពី​ចំណូល​ចិត្ត​​របស់​កុមារ​ជប៉ុន។

កាលពីក្មេង ​កុមារ​ជា​ច្រើន​មាន​ចេតនា​កំពប់​បាយ ហើយធ្វើឲ្យ​ឪពុក​ម្ដាយ​ខឹង។ គោលបំណងរបស់ពួកគេចង់​យក​បាយកំពប់ទៅបាចនៅលើទីធ្លាឲ្យបក្សី​ចឹក។ ក្មេងៗចូលចិត្តមើលរូបរាងដ៏គួរឲ្យ​ស្រលាញ់របស់បក្សីពេលវាប្រើចំពុះ​ចឹក​ចំណី។

ត្រលប់ទៅរឿង Toribami ត្រូវបានសរសេរថា 鳥喰 អាចប្រែថាចឹកដូចបក្សី។ ជាក់ស្តែងយកអាហារដែលនៅ​សល់​បាច​លើ​​ទីធ្លា មិនប្រើដៃយកអាហារទេ តែប្រើមាត់។ ត្រង់ចំណុចនេះមនុស្សជាច្រើនប្រាកដជាយល់អំពីល្បែងដ៏ឆ្កួតនេះ មិន​ត្រឹម​តែ​ខ្ជះខ្ជាយអាហារប៉ុណ្ណោះទេ។

នេះជាល្បែងពេញនិយមរបស់ពួកអភិជននៅសម័យ Heian ។ ជាការពិតណាស់ សំណល់អាហារដែលប្រើក្នុងល្បែងជារបស់ឆ្ងាញ់ៗ។

អាស្រ័យលើចំនួនភ្ញៀវមកចូលរួមពិធីជប់លៀង បរិមាណអាហារនឹងប្តូរតាមនឹង។ ជាក់ស្តែងមុខម្ហូបមានចំនួន ២៨ មុខសម្រាប់ភ្ញៀវថ្នាក់ខ្ពស់ ២០ មុខសម្រាប់ភ្ញៀវកិត្តិយស អភិជន យ៉ាងហោចណាស់មាន ៨ មុខជាម្ហូបពិសេស។

ពិធីជប់លៀងដ៏ប្រណិតនេះមានអត្តន័យទទួលស្វាគមន៍ សូម្បីតែមនុស្សពេញវ័យមានសុខភាពល្អក៏មិនអាចញ៉ាំបានទាំងអស់ដែរ។ សំណល់អាហារត្រូវបានគេយកទៅលេងល្បែង Toribami ។ ម៉្យាងវិញទៀត ប្រជាជនធម្មតាកំពុងរស់​នៅ​ក្នុងភាពក្រីក្រ ឬអត់ឃ្លានព្រោះតែដំណាំមិនបានផល។

ត្រូវហើយ ក្នុងល្បែងនេះពួកអភិជនជាទស្សនិកជន ចំណែក “បក្សី” ជាប្រជាជនធម្មតា។ នៅពេលដែលទទួលបានសញ្ញា ប្រជា​ជន​នឹងចូលទីលាន ប្រាកដ​ណាស់​ពួក​គេ​កំពុង​ឃ្លាន។ បន្ទាប់​មក ភ្ញៀវ​ប្រើ​ចង្កឹះចាប់អាហារបោះទៅលើទីលាន ដើម្បីឲ្យអ្នក​​អត់ឃ្លានទាំង​នោះដណ្តើមគ្នា។ ពួក​អភិជន​មិន​ត្រឹម​តែ​បោះ​អាហារនៅមួយកន្លែងប៉ុណ្ណោះទេ ថែមទាំង​បោះ​ទៅ​គ្រប់​ទីកន្លែង ដើម្បីបញ្ជាពួកបក្សីតាមចំណូលចិត្តរបស់ខ្លួន មើលឃើញទិដ្ឋភាពនេះពួកគេ​ផ្ទុះ​សំណើច។

បើតាម “សីលធម៌” របស់ពួកអភិជននាសម័យនោះ ទង្វើនេះគេហៅថា Segaki (បិសាចអត់ឃ្លាន) ជាទម្រង់ដាក់ទានឲ្យប្រជាជន។

ជាមនុស្សដូចគ្នា ប៉ុន្តែអំណាចបង្កើតជាគម្លាតដល់ថ្នាក់នេះ ឬអាចនិយាយបានថា ពួកអភិជនទាំងនោះបរិភោគអាហារដែលប្រជាជនប្រមូលផលបាន ដណ្តើម​យក ហើយផ្តល់សិទ្ធិឲ្យ​ខ្លួនឯងចែកចាយតាមរយៈការមើលងាយ បន្ទាប​កិត្តិ​យស​អ្នកដទៃ។

ច្បាស់ណាស់សម័យបែបនេះត្រូវឈានដល់ទីបញ្ចប់។ មិនថានៅសម័យកាលណា ទោះយើងដឹងថាអំណាចគួរតែស្របនឹង​ទំនួល​ខុស​ត្រូវ ប៉ុន្តែតាមពិតទៅអំណាចភ្ជាប់មកជាមួយនឹង​អំពើ​ពុករលួយ បុគ្គលិកលក្ខណៈបាត់បង់។ មិន​ថានៅ​​ប្រទេស​​ណា មិន​​ថា​នៅ​​សម័យ​​ណា​ក៏តែងតែមានរឿងបែបនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: