នៅទីក្រុង Minamiboso លក់ជ្រោះទឹកក្តៅតាមស្ថានីយ៍ស្រដៀងនឹងស្ថានីយ៍ប្រេងឥន្ធនៈ
នៅទីក្រុង Minamiboso ភាគខាងកើតប្រទេសជប៉ុន ជ្រោះទឹកក្តៅត្រូវបានលក់ជាលីត្រនៅស្ថានីយ៍ដែលស្រដៀងនឹងស្ថានីយ៍ប្រេងឥន្ធនៈ។
“ស្ថានីយ៍ជ្រោះទឹកក្តៅ” ត្រូវបានដាក់នៅតំបន់កសិកម្មសង្កាត់ Chikuracho នៃទីក្រុង Minamiboso ខេត្ត Chiba កាន់តែល្បីៗទៅ។
អ្នកតំណាងមកពីសមាគមជ្រោះទឹកក្តៅនៅទីក្រុងបាននិយាយថា “យើងសង្ឃឹមថាមនុស្សកាន់តែច្រើនដឹងអំពីភាពអស្ចារ្យនៃជ្រោះទឹកក្តៅនៅ Minamiboso” ។
សមាគមចាប់ផ្តើមស្វែងរកមធ្យោបាយលើកកម្ពស់ទីក្រុង និងទាក់ទាញភ្ញៀវទេសចរណ៍តាំងពី ១០ ឆ្នាំមុន។ ខណៈពេលនោះជ្រោះទឹកក្តៅមានចំនួន ១៧ កន្លែងនៅក្នុងទីក្រុង។ សមាគមសង្ឃឹមថាអាចឃោសនា Minamiboso ដូចជារមណីយដ្ឋាន ដោយទាញយកប្រភពជ្រោះទឹកក្តៅ ហើយចែកចាយប្រភពជ្រោះទឹកក្តៅដែលមានគុណភាពខ្ពស់ទៅកាន់កន្លែងដែលមិនអាចប្រើបាន។
សមាគមបានសម្រេចជ្រើសរើសទីតាំងដែលមានប្រភពជ្រោះទឹកក្តៅល្អជាកម្មសិទ្ធិរបស់ទីក្រុង ជាមួយនឹងការឧបត្ថម្ភពីទីក្រុង Minamiboso ដើម្បីដំណើរការរកជ្រោះទឹកក្តៅ។
នៅពេលទទួលបានការណែនាំពីអ្នកជំនាញ និងអាជីវកម្ម សមាគមបានជ្រើសរើសទីតាំងខួងយកជ្រោះទឹកក្តៅដោយប្រុងប្រយ័ត្ន។ ការងារបានចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០១៨ ។ នៅទីបំផុតពួកគេបានរកឃើញប្រភពជ្រោះទឹកក្តៅក្រោមជម្រៅ ១០០ ម៉ែត្រ។
ក្រៅពីចែកចាយជ្រោះទឹកក្តៅទៅកាន់មូលដ្ឋាន សមាគមបានបង្កើតស្ថានីយជ្រោះទឹកក្តៅគ្មានអ្នកលក់។ ពួកគេបានដំឡើងម៉ាស៊ីនដែលមើលទៅដូចស្ថានីយ៍ប្រេងឥន្ធនៈនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ ដើម្បីឱ្យភ្ញៀវទេសចរណ៍ និងអ្នកស្រុកអាចមកទិញទឹកមានសីតុណ្ហភាព ១៨ អង្សាសេ។
ដូច្នេះអ្នកទិញទឹកក្តៅអាចយកតាមធុងជ័រ បន្ទាប់មកបញ្ចូលកាក់ដែលបានទិញនៅមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍របស់ទីក្រុង និងការិយាល័យទេសចរណ៍ Chikura ជាប់ស្ថានីយ៍ JR Chikura ទៅក្នុងម៉ាស៊ីន។
កាក់នីមួយៗមានតម្លៃ ១០០ យ៉េន ហើយអាចទិញទឹកបាន ២០ លីត្រ។
ជ្រោះទឹកក្តៅមានពណ៌ក្រហមដូចច្រេះ ផ្ទុក natri clorua និង hidro cacbonat មានប្រសិទ្ធិភាពកំដៅរាងកាយពីខាងក្នុង ជួយកាត់បន្ថយការឈឺចាប់សរសៃប្រសាទ ឈឺសាច់ដុំ ឆាប់រងា និងបញ្ហាសុខភាពផ្សេងទៀត។ ហើយក៏មានមតិមួយចំនួននិយាយថាប្រភេទទឹកនេះល្អសម្រាប់ស្បែក។
ភ្ញៀវដែលមកកាន់ស្ថានីយ៍ជ្រោះទឹកក្តៅមានគ្រប់វ័យ ពួកគេមិនត្រឹមតែជាអ្នករស់នៅខេត្ត Chiba ប៉ុណ្ណោះទេ និងមកពីតំបន់ផ្សេងទៀត។ ចំនួនអ្នកមកកាន់ទីនេះក៏កំពុងកើនឡើងផងដែរ។
បច្ចុប្បន្ននេះ ដោយសារឥទ្ធិពលនៃជំងឺកូវីដ ១៩ គម្រោងបង្កើនចំនួនផ្ទះសំណាក់ដែលប្រើជ្រោះទឹកក្តៅរបស់សមាគមត្រូវបានពន្យារពេល។ ទីតាំងជ្រោះទឹកក្តៅផ្សេងទៀតនៅទីនេះរំពឹងថានឹងបើកនាខែមេសាឆ្នាំនេះ។
Shunichiro Suzuki ប្រធានសមាគមជ្រោះទឹកក្តៅបាននិយាយថា “យើងសង្ឃឹមថាអាចរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ទីក្រុង។ ហើយសង្ឃឹមថាមនុស្សជាច្រើននឹងមករីករាយជាមួយប្រភពទឹកក្តៅនៅទីនេះ” ។
ស្ថានីយ៍ទឹកក្តៅបើកពីម៉ោង ៩ៈ៣០ ព្រឹក ដល់ ១៦:៣០ ល្ងាច ជារៀងរាល់ថ្ងៃ។ ប្រសិនបើមានចម្ងល់ សូមទាក់ទងមកកាន់សមាគមទឹកក្ដៅទីក្រុង Minamiboso តាមរយៈលេខទូរស័ព្ទ 0470-44-3581 (ជាភាសាជប៉ុន)។
AD