លេណដ្ឋានខ្នាតតូចត្រូវបានរចនាឡើងដើម្បីការពារទឹកជំនន់ ផ្ទុះ រញ្ជួយដី វិទ្យុសកម្ម អាវុធជីវសាស្ត្រ និងគីមី
ក្រុមហ៊ុនជប៉ុនមួយកំពុងដាក់លក់លេណដ្ឋានខ្នាតតូចដែលអាចដំឡើងនៅតាមផ្ទះល្វែង និងផ្ទះតូច ដើម្បីការពារគ្រោះធម្មជាតិ វិទ្យុសកម្ម និងមីស៊ីល។
អ្នកប្រហែលជាធ្លាប់ឮអំពីមហាសេដ្ឋី ឬអ្នកជឿលើថ្ងៃអវសានពិភពលោក បានសាងសង់លេណដ្ឋានប្រណីតផ្ទាល់ខ្លួន ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីគ្រោះមហន្តរាយដែលមិនដឹងមុន។
ក្រុមហ៊ុនជប៉ុនបានប្រកាសថា ទោះបីជាអ្នកមិនមែនមហាសេដ្ឋី ក៏អ្នកនៅតែអាចឆ្លងកាត់ថ្ងៃអវសាននុយក្លេអ៊ែរក្នុងផ្ទះរបស់ខ្លួនដោយប្រើលេនដ្ឋានខ្នាតតូចនេះ។
Kakushelter គឺជាក្រុមហ៊ុនឯកទេសខាងលេនដ្ឋានខ្នាតតូច ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិដូចជារញ្ជួយដី ទឹកជំនន់ ការវាយប្រហារដោយមីស៊ីល និងវិទ្យុសកម្ម។ ដោយភ្ជាប់មកជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ មានគ្រប់ទំហំខុសគ្នា ហើយអាចផ្ទុកមនុស្សពី ១ ទៅ ៧ នាក់ នៅគ្រប់ទីកន្លែង។
ក្រោមស្ថានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន មនុស្សជាច្រើនចោទសួរអំពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែរអាចកើតឡើងគ្រប់ពេល។
Kakushelter បានបង្ហោះលើគេហទំព័រថា “សម្រាប់អ្នកដែលកំពុងព្រួយបារម្ភអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពួកយើងជាក្រុមហ៊ុននាំមុខខាងលេណដ្ឋាននុយក្លេអ៊ែរ។ តើអ្នកអាចធ្វើអ្វីដើម្បីការពារខ្លួនឯង?”
លេណដ្ឋានលោហៈខ្នាតតូចរបស់ Kakushelter មានឈ្មោះថា WNIshelter ការពារផ្ទុះ ការពារការប៉ះទង្គិច និងការពារវិទ្យុសកម្ម ក៏ដូចជាអាវុធជីវសាស្ត្រ និងគីមី។
ក្រុមហ៊ុនជប៉ុនបានអះអាងថា លេណដ្ឋានរបស់ពួកគេអាចទប់ទល់នឹងសម្ពាធខ្យល់រហូតដល់ ១,០៧ atm ក្នុងរយៈពេល ៦,៥ ទៅ ១៧ វិនាទី។ ដូច្នេះអាចការពារ ១០០% សមាសធាតុវិទ្យុសកម្ម និងសារធាតុពុលផ្សេងទៀត។
ប្រព័ន្ធចម្រោះ Rainbow 72R របស់លេណដ្ឋានក៏ត្រូវគេចាត់ទុកថាអាចចម្រោះ ៩៩,៩៩៥% សារធាតុគ្រោះថ្នាក់ខុសគ្នាក្នុងបរិយាកាសខាងក្រៅ។
ដំណោះស្រាយរបស់ WNIshleter អាចផ្គត់ផ្គង់មុខងារការពារសំខាន់ៗចំនួនប្រាំរួមមាន៖ ទឹកជំនន់ ផ្ទុះ រញ្ជួយដី វិទ្យុសកម្ម ក៏ដូចជាអាវុធជីវសាស្ត្រ និងគីមី។
ដោយសារលេណដ្ឋានខ្នាតតូចអាចត្រូវបានដំឡើងនៅតាមផ្ទះរបស់អ្នក ដូច្នេះអ្នកអាចប្រើដូចជាកន្លែងផ្ទាល់ខ្លួន ឬប្រើសម្រាប់គោលបំណងដើម។
yuki