សង្គ្រាមលោកលើកទី ២ វាយឆ្មក់តាមអាកាសនៅទីក្រុងតូក្យូ
មនុស្សគ្រប់គ្នានិយាយថាស្អប់សង្គ្រាម មិនត្រូវលះបង់ប្រជាជនធម្មតាជាដើម ប៉ុន្តែក្រោយរយៈពេល ៧៧ ឆ្នាំមកហើយ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បញ្ចប់ មនុស្សជាតិនៅតែមិនអាចជៀសផុតសង្រ្គាមប្រដាប់អាវុធ។
បច្ចុប្បន្ននេះ ប្រជាជនធម្មតាជាច្រើនកំពុងជាប់ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងសង្រ្គាមស៊ីវិលនៅ Myanmar នៅតែបន្ត។
តើយើងអាចលុបបំបាត់សង្គ្រាមបានទេ? មុននឹងធ្វើការសន្មត់ទូទៅថាសង្រ្គាមគឺជារឿងអាក្រក់បំផុត ខ្ញុំចង់ឱ្យយើងដឹងអំពីផលវិបាកដែលបណ្តាលមកពីសង្រ្គាម។
ថ្ងៃនេះ ចូរក្រឡេកមើលការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ដំណាក់កាលចុងក្រោយនៃសង្គ្រាមលោកលើកទី ២ ជប៉ុនបាត់បង់ការការពារផ្លូវអាកាស ហើយត្រូវវាយឆ្មក់ញឹកញាប់។ ក្នុងនោះការវាយឆ្មក់តាមអាកាសនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ១៩៤៥ ឬគេហៅថាការវាយឆ្មក់តាមអាកាសទីក្រុងតូក្យូ ធ្វើឡើងនៅពេលយប់បណ្តាលឱ្យប្រទេសនេះខូចខាតធ្ងន់ធ្ងរ។
ការទម្លាក់គ្រាប់បែកត្រូវបានធ្វើឡើងនៅទីប្រជុំជន Koto, Sumida, Taito, រួមទាំង Chiyoda, Edogawa ។
ប្រមាណ ៣០០ យន្តហោះទម្លាក់គ្រាប់បែក B29 ទម្លាក់ជាង ៣៣០,០០០ គ្រាប់បែកភ្លើងក្នុងរយៈពេលប្រហែល ២ ម៉ោង។
គ្រាប់បែកភ្លើង គឺជាគ្រាប់បែកបញ្ឆេះដែលមានផ្ទុកឥន្ធនៈ មានប្រសិទ្ធភាពខ្ពស់បើប្រើក្នុងតំបន់លំនៅដ្ឋានជប៉ុន ព្រោះនៅទីនោះមានសំណង់ឈើច្រើន។
ក្នុងអំឡុងពេលទម្លាក់គ្រាប់បែករយៈពេល ២ ម៉ោងនេះ មនុស្សជាង ១០ ម៉ឺននាក់ស្លាប់ និងរបួសប្រមាណ ១ លាននាក់។ ថ្វីត្បិតតែទ្រង់ទ្រាយតូចធំខុសគ្នា ប៉ុន្តែការវាយឆ្មក់តាមអាកាសបានវាយប្រហារជប៉ុនចំនួន ១០៦ ដងពេលបញ្ចប់សង្គ្រាម។ ចំនួនខូចខាតឡើងរហូតដល់ ៣,១ លាននាក់។
នេះជាទិដ្ឋភាពទីក្រុងតូក្យូស្ទើរតែឆេះអស់ទៅហើយ។
អគាររាងមូលផ្នែកខាងស្តាំគឺទឹកដីស័ក្ដសិទ្ធ Sumo, Ryogoku Kokugikan ដែលសព្វថ្ងៃនៅតំបន់ Sumida ។ ចំពោះគ្រាប់បែកភ្លើង វាមិនបំផ្លាញរចនាសម្ព័ន្ធដោយការបំផ្ទុះទេ តែនឹងដុតបំផ្លាញ។
ដូច្នេះសំណង់ធំៗអាចរក្សារូបរាងដើម ប៉ុន្តែសំណង់តូចៗនឹងឆេះទាំងអស់ ដូចជាត្រូវលុបចោល។
ហើយនេះគឺជា Asakusa ។
ក្រៅពីនេះ កងកម្លាំងសម្ព័ន្ធមិត្តក៏បានធ្វើការស្រាវជ្រាវប្រសិទ្ធភាពនៃការបាញ់ឧស្ម័នពុលនៅទីក្រុងតូក្យូផងដែរ។ ទីក្រុងតូក្យូហ៊ុំព័ទ្ធដោយផ្សែង និងភ្លើង ជីដូនរបស់ខ្ញុំនាំកូនប្រុសទាំង ២ នាក់រត់។ មនុស្សជាច្រើនព្យាយាមជម្លៀសទៅកាន់ទន្លេដើម្បីជៀសវាងកម្តៅភ្លើង។ ហ្វូងមនុស្សសម្រុកមកពីក្រោយភ័យស្លន់ស្លោយ៉ាងខ្លាំង រុញច្រានមនុស្សនៅខាងមុខ ហើយសង្កត់ពួកគេ។
នៅព្រឹកបន្ទាប់សាកសពលង់ទឹកអណ្តែតលើទន្លេ។
នៅពេលនោះផ្ទះយាយខ្ញុំត្រូវភ្លើងឆេះអស់ គាត់នៅតែព្យាយាមយកឈុតសម្លៀកបំពាក់ Kimono ដ៏មានតម្លៃរត់គេចខ្លួន។ ក្រោយសង្គ្រាម គាត់ត្រូវលក់ Kimono យកអង្ករចិញ្ចឹមកូនព្រោះតែក្រពេក ប៉ុន្តែដោយសារតម្លៃកសិផលឡើងថ្លៃ Kimono ដ៏មានតម្លៃ ដូរបានតែអង្ករមួយក្តាប់ប៉ុណ្ណោះ។ ជីដូនរបស់ខ្ញុំនៅតែចងចាំរឿងនោះ គាត់ទទួលមរណភាពទាំងអារម្មណ៍មិនចូលចិត្តកសិកររស់នៅតំបន់ជាយក្រុងតូក្យូ។
សង្គ្រាមកើតឡើងនៅពេលដែលផលប្រយោជន៍ជាតិប៉ះទង្គិចគ្នា ប៉ុន្តែជនរងគ្រោះតែងតែជាប្រជាជនធម្មតា។ ដីធ្លីត្រូវគ្រាប់បែកបំផ្លាញ គ្មានជីជាតិ ទោះចង់យកដីមកហូបក៏មិនបានដែរ។
អ្នកដែលត្រូវដុតសម្លាប់ប្រាកដជាសំណាងអាក្រក់ណាស់ ប៉ុន្តែអ្នកដែលនៅមានជីវិត មិនអាចនិយាយថាសំណាងទេ ព្រោះក្រោយមកជីវិតរបស់ពួកគេមិនខុសពីនរកឡើយ។
ដោយសារបំណងចង់រស់រានមានជីវិត ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងឡើងវិញ។
សង្គ្រាមផ្ទុះឡើងព្រោះអ្នកណា ដើម្បីអ្នកណា? តើការឈ្លានពានប្រទេសដទៃជារឿងត្រឹមត្រូវដែរទេ?
ការឈ្លានពាន និងការវាយប្រហារដោយប្រដាប់អាវុធគ្រាន់តែធ្វើឱ្យចងគំនុំ ហើយគំនុំធ្វើឱ្យមានការសងសឹក។
នេះជាកំណាព្យរបស់អ្នកនិពន្ធដែលខ្ញុំគោរពយ៉ាងខ្លាំងគឺ Mitsuo Aida ។
奪い合えば足らぬ
わけ合えばあまる。
ប្រែថា
ដណ្តើមគ្នាមិនគ្រប់គ្រាន់ទេ
ចែករំលែកគ្នាទើបនៅសល់
ដីនៅលើភពផែនដីនេះគ្រប់គ្រាន់ហើយ ប្រសិនបើមនុស្សគ្រប់គ្នាសហការ។ ដើម្បីចែករំលែកគ្នាបាន ចាំបាច់ត្រូវលុបចោលគំនិតបែងចែកព្រំដែន សាសនា ឬមនោគមវិជ្ជា។ ជាការពិតណាស់ ដើម្បីធ្វើបានដូច្នេះត្រូវចំណាយពេលយូរ ឬមិនអាចទៅរួច។
Kengo Abe