ករណីក្មេងស្រីអាយុ ៩ ឆ្នាំត្រូវបុរសអ្នកជិតខាងចាប់ខ្លួនធ្វើបាបអស់រយៈពេល ១០ ឆ្នាំទើបទទួលបានការជួយសង្គ្រោះ
នៅថ្ងៃមួយ ខែវិច្ឆិកា ឆ្នាំ ១៩៩០ នៅទីក្រុង Sanjo ខេត្ត Niigata ប្រទេសជប៉ុន ប្អូនស្រីឈ្មោះ Fusako Sano អាយុ ៩ ឆ្នាំ មិនបានត្រឡប់មកផ្ទះក្រោយពេលចេញពីសាលា។
ដំបូងឡើយ ឪពុកម្ដាយមិនចាប់អារម្មណ៍ព្រោះគិតថាកូនស្រីដើរលេង។
ប៉ុន្តែរហូតដល់មេឃងងឹតនៅតែមិនឃើញ Fusako ត្រឡប់មកផ្ទះវិញ ឪពុកម្តាយរបស់ប្អូនមានការព្រួយបារម្ភ។ ពួកគេទៅដល់សាលារកមើលកូន អ្នកគ្រូបានប្រាប់ថាប្អូនត្រឡប់ទៅផ្ទះហើយ។
បន្ទាប់ពីស្វែងរកគ្រប់ទីកន្លែងតែមិនឃើញ ពួកគាត់រាយការណ៍ប្រាប់ប៉ូលិស។ ដំណើរការស្វែងរកត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ប៉ូលីសជាច្រើន ប៉ុន្តែនៅតែរកមិនឃើញប្អូនស្រី Fusako ។ ប្អូនហាក់បីដូចជាបាត់ស្រមោល មិនបន្សល់ទុកដានអ្វីឡើយ។
ជាច្រើនថ្ងៃបានកន្លងផុតទៅ ប៉ូលិសនៅតែមិនអាចរកឃើញតម្រុយដែលមានប្រយោជន៍។ ចម្លែកត្រង់ថា បើត្រូវចាប់ជំរិត ហេតុអ្វីជននោះមិនហៅទូរស័ព្ទ ហើយបើត្រូវសម្លាប់ប្រាកដជារកឃើញសាកសព តើមនុស្សនៅរស់ម្នាក់ធ្វើយ៉ាងណារលាយបាត់ខ្លួន?
ក្រុមគ្រួសារនៅតែសង្ឃឹមថាកូនរបស់ខ្លួននៅរស់ ប្រសិនបើមិនទាន់រកឃើញសាកសព។ ពួកគេបន្តស្វែងរក រង់ចាំទាំងថ្ងៃទាំងយប់ ដោយសង្ឃឹមថាថ្ងៃណាមួយអព្ភូតហេតុនឹងកើតឡើង។
ដប់ឆ្នាំក្រោយមក ករណីនេះហាក់ដូចជាស្ងប់ស្ងាត់ មានតែឪពុកម្តាយប្អូនស្រីតែងតែគិតដល់នាង ប៉ុន្តែក្នុងចិត្តពួកគេក៏សង្ស័យថា កូនស្រីរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។ សង្ឃឹមថាកូនអាចត្រឡប់មកវិញ ប្រហែលគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ។
នៅថ្ងៃមួយស្រ្តីអាយុ ៧៣ ឆ្នាំម្នាក់បានទូរស័ព្ទទៅមណ្ឌលថែទាំសុខភាពដើម្បីសុំជំនួយ។ លោកស្រីបារម្ភអំពើហិង្សារបស់កូនប្រុសមកលើខ្លួន។
ជាក់ស្តែងកូនប្រុសឈ្មោះ Nobuyuki Sato បានប្រព្រឹត្តអំពើហឹង្សាធ្ងន់ធ្ងរ។ មិនដែលគិតថា ករណីនេះទាក់ទងនឹងករណីកាលពី ១០ ឆ្នាំមុនទេ ប៉ុន្តែបានក្លាយទៅជាគន្លឹះដោះស្រាយករណីបាត់ខ្លួនដ៏ចម្លែករបស់ប្អូនស្រី Fusako ។
បុគ្គលិកមណ្ឌលថែទាំសុខភាពបានមកដល់ផ្ទះរបស់ Sato ហើយធុំក្លិនស្អុយយ៉ាងខ្លាំងចេញពីបន្ទប់ជាន់ទី ២ ។ នៅពេលបើកទ្វារ មនុស្សគ្រប់គ្នាដែលមានវត្តមានភ្ញាក់ផ្អើលព្រោះតែភ័យខ្លាច។
បុគ្គលិកមណ្ឌលថែទាំសុខភាពហៅទូរស័ព្ទទៅកាន់ប៉ូលិស បន្ទាប់ពីប៉ូលីសមកដល់ ពួកគេរកឃើញនារីម្នាក់ ស្គមស្គាំង កខ្វក់ រោគសញ្ញាក្រិនសាច់ដុំ ដំបូងមិនដឹងថានាងជាប្រុស ឬស្រីផង។ ស្ត្រីម្ចាស់ផ្ទះតក់ស្លុតយ៉ាងខ្លាំង គាត់មិនដែលដឹងថា មានវត្តមាននារីម្នាក់ក្នុងផ្ទះរបស់ខ្លួនឡើយ។
បន្ទាប់ពីប៉ូលិសស៊ើបអង្កេត នារីម្នាក់នេះគឺ Fusako Sano ជាក្មេងស្រីបាត់ខ្លួនជិត ១០ ឆ្នាំមកហើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គ្រួសាររបស់ Fusako Sano នៅជិតផ្ទះលោកស្រី Sato ដែលឪពុកម្តាយនាងតែងសុខទុក្ខជាប្រចាំ។
ដោយសារតែខ្សែពួររុំជុំវិញរាងកាយរបស់ប្អូនពីមួយឆ្នាំទៅមួយឆ្នាំ ឆ្អឹងសន្លាក់របស់ប្អូនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដូច្នេះប្អូនមិនអាចដើរបានធម្មតាទេ។ ជាច្រើនឆ្នាំមកនេះ ប្អូនស្រីមិននិយាយស្តី ដូច្នេះមិនដឹងពីរបៀបទំនាក់ទំនងជាមួយអ្នកដទៃ។ ព្រោះតែមិនដែលងូតទឹក ខ្លួនប្រាណរបស់ប្អូនឡើងខ្ទុះច្រើនដង។
នៅពេលដែល Fusako Sano មានអាយុ ១៩ ឆ្នាំ ក្រោយពេលជាសះស្បើយអស់រយៈពេលយ៉ាងយូរ នាងព្រមបើកចិត្ត ប្រាប់ប៉ូលិសពីរយៈពេលដ៏អាក្រក់នៃជីវិតរបស់នាង នៅពេលដែលត្រូវអ្នកជិតខាងឃុំខ្លួន ១០ ឆ្នាំ។
នៅថ្ងៃនោះ Fusako Sano តាមផ្លូវត្រឡប់ទៅផ្ទះ។ ពេលជិតមកដល់ផ្ទះ ក្មេងស្រីត្រូវបុរសអាយុ ២៧ ឆ្នាំ ឈ្មោះ Nobuyuki Sato អញ្ជើញចូលផ្ទះផឹកទឹកផ្លែឈើ។ Fusako Sano មិនសង្ស័យក៏យល់ព្រម រីករាយចូលផ្ទះបុរសនោះរួចត្រូវចាប់ខ្លួន។
រយៈពេល ១០ ឆ្នាំមកហើយនាងរស់ក្នុងជីវិតដ៏អាក្រក់។ កន្លែងឃុំខ្លួនរបស់ Fusako Sano គឺបន្ទប់ជាន់ទី ២ ចម្ងាយពីប៉ុស្តិ៍ប៉ូលីសតែពីរបីរយម៉ែត្រប៉ុណ្ណោះ និងនៅទល់មុខផ្ទះរបស់នាង។
Fusako Sano បាននិយាយថា ជនចាប់ខ្លួនចងនាងជាច្រើនខែ ប្រសិនបើព្យាយាមរត់គេចនឹងត្រូវពិន័យ។ Fusako Sano មិនបានប្តូរសម្លៀកបំពាក់ មិនឲ្យទៅបង្គន់ ឬងូតទឹកទៀងទាត់ឡើយ។
ទទួលបានអាហារ ឬមិនបានហូបអាស្រ័យលើអារម្មណ៍របស់ Sato Nobuyuki ។ ប្រសិនបើអារម្មណ៍ល្អ ជននោះនឹងឲ្យហូបមីកញ្ចប់ នំប៉ាវសារ៉ាយសមុទ្រ ហើយប្រសិនបើអារម្មណ៍មិនល្អ Fusako Sano នឹងទុកឲ្យអត់ឃ្លាន។
Fusako Sano ក្លាយជាកន្លែងដែល Nobuyuki បញ្ចេញកំហឹងរាល់ពេលអារម្មណ៍មិនល្អ នៅពេលមិនសប្បាយចិត្ត ជននេះតែងតែវាយ Fusako Sano យ៉ាងព្រៃផ្សៃ។
ដំបូងឡើយ Fusako Sano ព្យាយាមរត់គេចខ្លួន ប៉ុន្តែមិនបានសម្រេច លទ្ធផលត្រូវ Sato វាយធ្វើបាប។ ក្មេងស្រីទើបតែអាយុ ៩ រស់ក្នុងទុក្ខវេទនា យូរទៅ Fusako Sano លែងមានកម្លាំងរត់គេចខ្លួន ហើយលែងតតាំងបន្តទៀត នាងជ្រើសយកការស្តាប់បង្គាប់។
ពេលនាងទទួលបានការជួយសង្គ្រោះ នាងស្ទើរតែមិនអាចកម្រើកដៃជើង។ ដោយសារមិនបានត្រូវពន្លឺថ្ងៃយូរមកហើយ ស្បែករបស់នាងខ្សោយ គ្មានជីវិត។
ខណៈដែលរាងកាយជានារីអាយុ ១៩ ឆ្នាំ ប៉ុន្តែផ្លូវចិត្តរបស់នាងដូចជាកូនក្មេងម្នាក់។ ដើមឡើយ ឪពុកម្តាយរបស់ Fusako មើលមិនស្គាល់កូនស្រីទេ។
ម្តាយរបស់ Nobuyuki នៅជាន់ក្រោម ហើយហាក់ដូចជាមិនដឹងពីទង្វើឃុំឃាំងខុសច្បាប់របស់កូនប្រុសគាត់ទេ ព្រោះជននេះខឹងយ៉ាងខ្លាំងពេលម្តាយចូលបន្ទប់របស់ខ្លួន។
Fusako Sano ត្រូវបានជួយសង្គ្រោះ ចំណែក Sato Nobuyuki ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារស្ថានភាពផ្លូវចិត្តមិននឹងនរ។ ជននេះត្រូវកាត់ទោសឲ្យជាប់គុក ១៥ ឆ្នាំ នាខែមករា ឆ្នាំ ២០០២ ។
គ្រូពេទ្យវិកលចរិតបានបញ្ជាក់ថា Nobuyuki Sato មានសុខភាពគ្រប់គ្រាន់ទទួលយកការចោទប្រកាន់។ ក្រោយមកជននេះបានសារភាពទង្វើរបស់ខ្លួន។
ថ្វីត្បិតតែ Fusako Sano រួចផុតពីកណ្តាប់ដៃរបស់ Nobuyuki Sato ប៉ុន្តែរបួសផ្លូវចិត្តដែលនាងបានរងទុក្ខខណៈពេលជាប់ឃុំឃាំង ១០ ឆ្នាំពិបាកព្យាបាលណាស់។ នាងតែងតែសុបិន្តអាក្រក់ ចំណែកផ្លូវចិត្តមិននឹងនរ។
គ្មាននរណាដឹងថាក្មេងស្រីត្រូវអ្នកជិតខាងចាប់ខ្លួននោះទេ។
Hana