អំពើឃាតកម្មសាហាវឃោរឃៅ និងសាសនាអាថ៌កំបាំងបណ្តេញបិសាច​ដ៏​រន្ធត់

ជប៉ុនជាប្រទេសដែលត្រូវបានគេទទួលស្គាល់ថាមានសុវត្ថិភាពខ្ពស់ ជាមួយនឹងអត្រាឧក្រិដ្ឋកម្មហិង្សាទាបបំផុត​លើ​ពិភព​​លោក។ ទោះជាយ៉ាងណា ករណីឧក្រិដ្ឋកម្មនៅប្រទេសជប៉ុនភាគច្រើនមិនធម្មតា និងឃោរ​ឃៅ។

រឿងនេះចាប់ផ្តើមដោយស្រ្តីម្នាក់ជាប់ពាក់ព័ន្ធនឹងសាសនាអាថ៌កំបាំងមួយ និងករណីបណ្តេញបិសាចដ៏រន្ធត់។

បើតាមឯកសារ ស្រ្តីនោះមានឈ្មោះហៅថា Sachiko Eto ។ បន្ទាប់ពីបញ្ចប់វិទ្យាល័យ នាងរៀបការ និងផ្លាស់​ទៅ​នៅតំបន់ដែលមានទេស​ភាព​ស្អាតតាមដងទន្លេ Abukuma តំបន់ Tohoku ប្រទេសជប៉ុន។

Sachiko Eto លក់គ្រឿងសម្អាង ប្តីរបស់នាងជាជាងលាបថ្នាំ ពួកគេមានជីវិតធម្មតាដូចគូស្វាមីភរិយាផ្សេងទៀត។

ទោះជាយ៉ាងណា ពេលវេលាដ៏ខ្មៅងងឹតកំពុងរង់ចាំនៅខាងមុខ ជីវិតរបស់ Eto ជិតត្រូវបំផ្លាញដោយពិភពរបស់សាសនា បណ្តេញអារក្ស និងសម្លាប់មនុស្ស បានក្លាយជាករណីដ៏រន្ធត់បំផុតទូទាំងប្រទេស។

រឿងទាំងអស់ចាប់ផ្តើមនៅឆ្នាំ ១៩៩០ នៅពេលប្តីរបស់ Sachiko Eto រងរបួសខ្នង បាត់បង់សមត្ថភាពធ្វើការ។ គាត់​ចំណាយ​ពេល​ភាគ​ច្រើនសុីផឹក លេងល្បែង ដែលធ្វើឱ្យគ្រួសារកាន់តែខ្វះខាត។ គ្រួសារបង្ខំលក់ផ្ទះសងបំណុល ក្រោយមកផ្លាស់ទៅនៅខេត្ត Gifu ។

នៅទីនេះ ពួកគេចូលរួមសាសនាមួយ អនុវត្តពិធីដែលហៅថា “Ogamiya-san” ព្យាបាលជំងឺដោយជំនឿខាងព្រលឹងវិញ្ញាណ។ រឿងនេះមិនយូរទេ ដោយសារយកឈ្មោះទីស្នាក់ការសាសនាប្រើក្នុងគោលបំណងផ្ទាល់ខ្លួន ប្តីប្រពន្ធត្រូវបណ្តេញចេញពីសាសនា។

ដោយមូលហេតុ​នេះប្តីរបស់ Sachiko Eto បាត់បង់កម្លាំងចិត្ត ហើយចាកចេញក្នុងឆ្នាំ ១៩៩២ ។ ចាប់ពីពេលនោះទៅ​ជីវិត​របស់ Sachiko Eto ធ្លាក់ចុះ។

គ្មានប្តីនៅក្បែរ Sachiko Eto ត្រូវមើលថែ ចិញ្ចឹម​បីបាច់កូនស្រីម្នាក់ឯង។ នាងបានផ្លាស់ទៅ Sukagawa ខេត្ត Fukushima ។

នាងចាប់ផ្តើមអនុវត្តពិធីព្យាបាលជំងឺខាងព្រលឹងវិញ្ញាណ ដោយចាត់ទុកខ្លួនជាអ្នកព្យាបាលជំងឺ និងចិត្តសាស្ត្រ។ នៅពេលអូសទាញក្រុមអ្នកដើរតាម Sachiko Eto ចាប់ផ្តើមប្រកាសខ្លួនកាន់តែអស្ចារ្យជាងនេះ ដូចជាខ្លួនគឺទេវស្រី មានអំណាចអាចបណ្តេញអារក្ស។

ចំនួន​អ្នក​ជឿ​ និង​តាម​នាង​កើន​ឡើង មនុស្សម្នានាំគ្នាមកសុំនាងព្យាបាលជំងឺ។ អ្នក​ជិតខាង​ចាប់​ផ្តើមយល់​ថា​​រំខាន​ដោយសាររថយន្តចតតាមផ្លូវ និងសម្លេងសូត្រមុន សម្លេងស្គរ taiko ​ទាំង​យប់​ទាំង​ថ្ងៃ។ ប៉ុន្តែពួកគេខ្លាច Sachiko Eto ពេក ដូច្នេះគ្មាននរណាម្នាក់ហ៊ានធ្វើអ្វីទេ។

ក្រោយមក ផ្ទះ​របស់ Sachiko Eto ផ្ទុកមនុស្សរាប់សិបនាក់ និង​សមាជិក​គ្រួសារ​របស់​ពួក​គេ។ ក្នុងអំឡុងពេលនេះ ពិធី​សាសនា​ផ្សេងៗទៀតរបស់ Sachiko Eto កាន់តែ​ប្រើអំពើហិង្សា។

ពិធីសាសនាពិសេសមួយដែល Sachiko Eto អះអាងថាក្នុងគោលបំណងបណ្តេញអារក្ស និង “សម្លាប់រូបកាយកខ្វក់ បន្សុទ្ធព្រលឹងវិញ្ញាណ” បណ្តេញ “បិសាចអាក្រក់” Sachiko Eto និងសមាជិកអ្នកជឿ ក្រៅពីសូត្រមុន ថែមទាំងប្រើស្គរ taiko វាយ​អ្នក​ដែលចាត់ទុកថាត្រូវបិសាចចូល។

Sachiko Eto តែងតែប្រើកូនស្រីរបស់ខ្លួនឈ្មោះ Yuko ដើម្បីជួយនាងក្នុងរឿងនេះ។ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ជាសះស្បើយទេ គ្រាន់តែដឹង​ថា​ពិធី​បណ្តេញប្រើអំពើហឹង្សាប្រភេទនេះកាន់តែច្រើនឡើង។

Sachiko Eto ស្រលាញ់សមាជិកម្នាក់របស់ខ្លួន បុរសម្នាក់ឈ្មោះ Yutaka Nemoto ហើយប្រែជាច្រណែនយ៉ាងខ្លាំងព្រោះ​មាន​នារី​ម្នាក់ទៀតតាមគាត់។ Sachiko Eto ចោទប្រកាន់បុគ្គលនោះថា “ត្រូវបិសាចកញ្ជ្រោងចូលខ្លួន” ហើយប្រើ​ដំបង​ស្គរ​វាយនាងជិតស្លាប់។

នៅខែមិថុនា ឆ្នាំ ១៩៩៥ សមាជិកម្នាក់របស់ Sachiko Eto ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ដោយសាររងរបួសធ្ងន់ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ពិធី​វាយ​ស្គរ taiko ។ ស្រ្តីរងគ្រោះបាន​និយាយ​ថា ប្តី​របស់​នាងបាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង បន្ទាប់​ពី​មក​ដល់​ទី​នេះ។

ប៉ូលិសចាប់ផ្តើមសង្កេតមើលបាតុភូតមិនធម្មតា ក៏ដូចជាពាក្យចចាមអារ៉ាមនៅជុំវិញផ្ទះរបស់ Sachiko Eto ។ នៅពេលចុះឆែកឆេរផ្ទះ សមត្ថកិច្ចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលប្រទះឃើញសាកសពចំនួន ៦ នាក់ នៅជាន់​ទី ១ ប្រើ​ពូក futon និងកន្ទេល Tatami ចំនួន ៨ រុំ ក្នុងនោះមានប្រុស ២ នាក់ ស្រ្តី ៤ នាក់។

សាកសពទាំងអស់បង្ហាញថាពួកគេស្លាប់កាលពីប៉ុន្មានខែមុន ក្នុងស្ថានភាពរលួយ ដោយសារត្រូវវាយដំពេលកំពុងធ្វើពិធី។ Sachiko Eto កូនស្រី និងសមាជិកម្នាក់ឈ្មោះ Mitsuo Sekine ត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្ស​ឃាត។

អ្វីដែលហួសចិត្តនោះ ស្ត្រីដែលរួចផុតពីករណីវាយដំ បានរាយការណ៍រឿងទាំងអស់ក៏ត្រូវឃាត់ខ្លួន ព្រោះតែចូលរួមករណី​​អំពើ​​ហិង្សា​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ដូច​រៀបរាប់​ខាងលើ។

ចំពោះ​មូលហេតុ​ដែល​សាកសព​ត្រូវ​​គេ​ទុក​ចោលនៅទីនោះអោយរលួយ Sachiko Eto បាន​ពន្យល់​ថា “ដោយសារ​ព្រលឹង​​មិន​​ទាន់​​ស្លាប់ ដូច្នេះ​យើង​ទុក​ឱ្យ​ពួក​គេនៅទីនោះ” ។ ជាការពិត នាង និងសមាជិកជឿថាសាកសពទាំងនោះ​គ្រាន់តែដេកលក់ សាកសពនឹងរស់ឡើងវិញនៅពេលដែលក្លិនស្អុយបាត់ទៅ។

ក្នុងអំឡុងពេលកាត់ក្តី Sachiko Eto បានអះអាងថា គ្មានជនរងគ្រោះណាម្នាក់ត្រូវសម្លាប់នោះទេ ប៉ុន្តែនោះជាពិធី​សាសនា​បណ្តេញបិសាច។ Sachiko Eto និយាយថា “ខ្ញុំធ្វើរឿងនេះដូចជាផ្នែកមួយនៃពិធីសាសនា ខ្ញុំមិនដែលគិត​ថា​ពួកគេនឹងស្លាប់ទេ” ។

នៅលើបណ្តាញផ្សព្វផ្សាយ Sachiko Eto ត្រូវគេចាត់ទុកដូចជាបព្វជិតឃាតករ ដែលមានរហស្សនាមថា “ឃាតករសម្លាប់មនុស្សដោយដំបងស្គរ” ។ នៅ​ក្នុង​ប្រទេស​ដែល​ហាក់​ដូច​ជា​មាន​សុវត្ថិភាព​ដូច​ជាជប៉ុន ហេតុការណ៍​នេះ​បាន​​ធ្វើ​​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល។

ក្នុងអំឡុងពេលកាត់ក្តី Sachiko Eto ពេលនោះអាយុ ៥៤ ឆ្នាំ រកមូលហេតុ​ដោះសារថាជនរងគ្រោះពិតជាត្រូវ “អារក្ស​អាក្រក់” ចូលខ្លួន ព្រោះពួកគេទាំងអស់ចូលរួមពិធីសាសនាដោយស្ម័គ្រចិត្ត ទោះដឹងថាហានិភ័យអាចនឹងកើត​ឡើង។

ទោះ​ជា​យ៉ាង​ណា តុលាការ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ។ Sachiko Eto ទទួលការកាត់ទោសប្រហារជីវិត ចំណែកជនសមគំនិតត្រូវកាត់ទោសឱ្យជាប់​ពន្ធនាគារ​ ១៨ ឆ្នាំ ឬអស់មួយជីវិត។ ជន​រង​គ្រោះ​ដែលរួចជីវិត និង​រាយ​ការណ៍​​ប្រាប់​​ប៉ូលិស​​ទទួល​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ៣ ​ឆ្នាំ និង​ព្យួរទោស ​៥ ​ឆ្នាំ។

នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១២ នៅអាយុ ៦៥ ឆ្នាំ Setsuko Eto ត្រូវប្រហារជីវិតដោយព្យួរក បន្ទាប់ពីប្តឹងឧទ្ធរណ៍ជា​ច្រើន​ដង​មិន​សម្រេច។

នៅប្រទេសដែលមានសុវត្ថិភាព និងសន្តិភាពបែបនេះ អំពើឃាតកម្មបានបង្កឱ្យមានការភ្ញាក់ផ្អើលរហូតមកដល់សព្វ​ថ្ងៃ ហើយវានៅតែជាឧក្រិដ្ឋកម្មដ៏សាហាវ និងគួរឱ្យខ្លាចបំផុតនៅជប៉ុន។

រហូតដល់ពេលស្លាប់ Eto នៅតែអះអាងថាខ្លួនគ្មានកំហុស និយាយម្តងហើយម្តងទៀតថាមនុស្សទាំងនេះពិតជាត្រូវ​បិសា​ចូល​ខ្លួន។ Setsuko Eto គ្រាន់តែព្យាយាមជួយពួកគេឱ្យរួចផុតពីកម្លាំងអរូបី។

តើមានរឿងអ្វីកើតឡើងក្នុងផ្ទះមួយនោះ? ហេតុអ្វីបានជាមនុស្សទាំងនេះត្រូវស្លាប់ ហេតុអ្វីសាកសពរបស់ពួកគេត្រូវ​ទុក​ចោល​អោយ​រលួយ​នៅ​ទី​នោះ? ហេតុអ្វីមនុស្សជាច្រើនជឿលើការព្យាបាលដ៏អាក្រក់បែបនេះ? 

ជាងនេះទៅទៀត តើអ្វី​ដែល​ធ្វើ​ឱ្យ​ស្ត្រី​​ធ្លាប់​រស់នៅ​លក្ខណៈ​សាមញ្ញ​ ធ្លាក់ចូលផ្លូវដ៏គួរឱ្យខ្លាចដូចនេះ?

យើងប្រហែលជាមិនដឹងទេ ហើយវានៅតែជាករណីឃាតកម្មដ៏គួរឱ្យខ្លាចបំផុតនៅប្រទេសជប៉ុន។

Yukie

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: