ជីវិតមនុស្សខ្លីប្រៀបដូចជាសុបិន និងវាសនារបស់ Bishonen

រឿងនិយាយពី Bishonen (ជាបុរសសង្ហា) នៅលើពិភពលោក។ តួអង្គសំខាន់លើកនេះគឺ យុវជនម្នាក់មានឈ្មោះ​​ថា Tairano Atsumori ។ គាត់ជាប្រុសសង្ហាដែលគ្រប់គ្នាដើរឆ្លងកាត់សុទ្ធតែត្រូវងាកក្រោយមើល។

ប៉ុន្តែរឿងថ្ងៃនេះប្រាកដជាក្រៀមក្រំ ព្រោះវាទាក់ទងនឹងអំឡុងពេលចុងក្រោយនៃជីវិតរបស់យុវជនម្នាក់។

ដោយសារនេះជារឿងបុរាណ ដូច្នេះខ្ញុំមិនមានរូបថតស្អាតនោះទេ។ កំឡុងពេលអានរឿង សង្ឃឹមថាអ្នកអាចស្រមៃគិតដល់យុវជនសង្ហាម្នាក់ដែលគួរឲ្យ​អាណិត។ រូបភាពក្នុងអត្តបទគ្រាន់តែជាឯកសារយោងប៉ុណ្ណោះ។

យុវជនមានសម្បុរស គ្រាន់តែអាចនិយាយថាស្អាតសង្ហា មិនដឹងថាត្រូវបរិយាយ​បែបណាឡើយ។

រឿងរបស់ Atsumori ជាផ្នែកមួយនៃ Heike monogatari ។ គាត់នៅក្នុងត្រកូលជាមួយនឹង Tairano Kiyomori ដែលធ្លាប់កាន់អំណាចនៅជប៉ុន។ Atsumori ជាចៅប្រុសរបស់ Kiyomori ក្នុងរឿងនេះគាត់មានអាយុ ១៧ ឆ្នាំ។

បន្ទាប់មកយើងនឹងត្រឡប់ទៅកាន់ចំណុចសំខាន់ រៀបរាប់ការស្លាប់របស់ Atsumori ។

Minamoto no Yoritoto គឺជាអ្នកបង្កើត Bakufu Kamakura បង្ខិតបង្ខំគ្រួសារ Heike ។ Naozane Kumagai ជាសមាជិក​សំខាន់ម្នាក់របស់ Kamakura ។ នៅ Saitama មានទីក្រុងមួយឈ្មោះថា Kumagai ជាតំបន់ដែលគ្រប់គ្រងដោយត្រកូលនេះ។

Naozane មើលឃើញទិដ្ឋភាពគ្រួសារ Heikei ឲ្យ​សេះឡើងកប៉ាល់រត់គេចខ្លួនបាននិយាយថា៖

“ខ្ញុំចង់រកមនុស្សពូកែដើម្បីប្រយុទ្ធ បង្កើតកេរ្តិ៍ឈ្មោះ” 

ម្នាក់នេះគិត​ដូច្នេះ​ ហើយឆ្ពោះទៅកាន់ឆ្នេរសមុទ្រ។

រំពេចនោះគាត់មើលឃើញសាមូរ៉ៃសង្ហាម្នាក់ ស្លៀកពាក់បែបខ្ពង់ខ្ពស់ ពាក់អាវក្រោះ ជិះសេះល្អ កំពុងឆ្ពោះទៅកាន់ឆ្នេរ​ឡើង​កប៉ាល់ ស្រាប់តែស្រែកខ្លាំងៗថា៖

“ម្នាក់នៅទីនោះជាមេទ័ពនៃសមរភូមិនេះ

ម្នាក់នោះបែរ​ខ្នង​ដាក់​សត្រូវ ហើយ​រត់​ចេញ​យ៉ាង​កំសាកឬ?

សូម​ត្រឡប់​មក​វិញ” ។

សាមូរ៉ៃរូបនោះត្រឡប់មកវិញ Naozane ប្រញាប់ចាប់យកសាមូរ៉ៃ ហើយបង្ខំគាត់ចុះពីសេះ។ ពេលយកមួកដែកចេញទើប​​ដឹង​​ថា​ជាយុវជន​អាយុ​ប្រហែល ​១៦ ឬ ១៧ ​ឆ្នាំ។

មិនត្រឹម​តែប៉ុណ្ណឹង ជននេះស្អាតសង្ហារហូតដល់ថ្នាក់ស្មានតែផាត់មុខផង ស្អាត​ដល់ថ្នាក់ធ្វើ​ឲ្យ​ Naozane ស្រឡាំង​កាំង មិន​ដឹងថាលើក​ដាវ​ប្រយុទ្ធ​បែប​ណា។

ស្អាតសង្ហាដល់ថ្នាក់ Naozane ដែលកាចសាហាវនិយាយថា៖

“អ្នក​ជា​នរណា? សូមប្រាប់ឈ្មោះរបស់អ្នក ខ្ញុំនឹងសង្គ្រោះអ្នក”

យុវជន​នោះ​មិន​បាន​ឆ្លើយ​ទេ ថែមទាំងសួរទៅវិញថា “​តើ​អ្នក​ជា​នរណា​?”

បន្ទាប់ពី Naozane ណែនាំខ្លួនឯង រីឯ Atsumori បាននិយាយថា៖

“បើដូច្នេះខ្ញុំមិនចាំបាច់ប្រាប់ឈ្មោះឲ្យ​អ្នកដឹងទេ ព្រោះសម្រាប់អ្នក ខ្ញុំ​ជា​សត្រូវ។ លោកគ្រាន់តែកាត់ក្បាលខ្ញុំ​យក​​ទៅ​​ផ្ទះ​រួច​សួរគេ ប្រាកដជាមានមនុស្សច្រើនស្គាល់ខ្ញុំ” ។

Naozane រំភើបចិត្តណាស់ ហើយចាប់អារម្មណ៍នឹងយុវជនសង្ហាក្លាហានរូបនេះ ជិតស្លាប់ហើយក៏មិនព្រមសុំឲ្យ​លើកលែង​ជីវិត ថែមទាំងនិយាយពាក្យសម្តីបែបនេះទៀត។

ទោះឈ្នះ ឬចាញ់ក៏បញ្ចប់ទៅហើយ សម្លាប់ម្នាក់នេះក៏មិនអាច​ផ្លាស់​ប្តូរ​អ្វី​ឡើយ ដូច្នេះ Naozane សម្រេច​ចិត្ត​សង្គ្រោះ​​បុគ្គល​នេះ​ដោយប្រើគ្រប់​មធ្យោបាយ។

នៅពេលងាកមកវិញ មិនដឹងតាំងពីពេលណាកងទ័ពរបស់ Kamakura កំពុងខិតមកជិត។ ទោះបីជាចង់ជួយ ប៉ុន្តែ​មិន​អាច​ជួយបានទៀតទេ បុរសម្នាក់នេះលែងមានផ្លូវចេញហើយ។

“បើទុកឲ្យ​បុរសម្នាក់នេះ​ធ្លាក់ក្នុង​កណ្ដាប់​ដៃអ្នកផ្សេង យល់ល្អយើងសម្លាប់អ្នក បន្ទាប់មករៀបចំធ្វើបុណ្យ” ។

Atsumori ទទួលយកការបញ្ចប់ជីវិតរបស់ខ្លួន ដោយទុកឲ្យ​ Naozane កាត់ក្បាល។

Naozane ដោះសម្លៀកបំពាក់របស់ Atsumori សម្រាប់រុំក្បាលដែលទើបតែកាត់ ប្រទះឃើញមានខ្លុយដែលបុរសម្នាក់នេះទុកដាក់យ៉ាងប្រុងប្រយ័ត្ន។ មនុស្សមិនច្រើនទេយកខ្លុយចេញទៅសមរភូមិ ដូច្នេះ Naozane ដឹងថា Atsumori ជា​សុភាព​បុរស។

Naozane យកទាំងក្បាល និងខ្លុយទៅឲ្យ​លោកមេទ័ព Minamoto Yoshitsune ។ មេទ័ពមើលឃើញស្រែកហៅឈ្មោះ Atsumori ទាំងទឹកភ្នែក។ ក្រោយ​ពេលប្រយុទ្ធ Naozane ទៅបួស រស់នៅក្នុងភាព​ស្ងៀម​ស្ងាត់ ចាកចេញ​ពី​សមរភូមិ។

ក្នុងរឿងនេះក៏រៀបរាប់ដែលថា វិញ្ញាណរបស់ Atsumori បានទៅលេង Naozane ខណៈពេលបួសជាព្រះសង្ឃ។

ថ្វីត្បិតតែ ពួកគេមិនមានសម្ព័ន្ធមិត្ត ប៉ុន្តែទំនាក់ទំនងរបស់ពួកគេមិនមែនជាការស្អប់ខ្ពើមឡើយ។

រឿង Atsumori ត្រូវបានកែសម្រួលទៅជាទម្រង់សិល្បៈប្រជាប្រិយដែលគេហៅថារបាំ Kowaka-mai ហើយត្រូវបាន Oda Nobunaga ដែលក្រោយមកបានបង្រួបបង្រួមប្រទេសជប៉ុនចូលចិត្ត។ មានតំណាលរឿងថា Nobunaga រាំរបាំនេះ​មុន​ពេល​ធ្វើអត្តឃាត។

កំណាព្យមួយឃ្លារបស់ Atsumori ដែល Nobunaga ចូលចិត្តយ៉ាងខ្លាំងដូចខាងក្រោម៖

人間(じんかん)50年 下天(げてん)のうちをくらぶれば 夢幻の如くなり

បកប្រែទៅជាភាសាសម័យនេះមានន័យថា

ជីវិតមនុស្សត្រឹមតែ​ ៥០ ឆ្នាំ

ជីវិតក្នុងពិភពមនុស្សប្រៀប​ដូច​ជា​សុបិន ងាយរលាយបាត់

នៅពេលដែលទទួលយកកំណើត គ្មានអ្វីអមតៈទេ។

អត្តន័យ​កំណាព្យ​នេះ​និយាយពីជីវិតមនុស្សខ្លី ទោះសុំអង្វរឲ្យ​លើកលែងជីវិតក៏​រស់​បាន​តែ ៥០ ឆ្នាំ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា ​ក៏​ត្រូវ​តែ​ស្លាប់ ដែលជាទស្សនៈសំដៅលើសេចក្តីស្លាប់ និងជីវិតរបស់ជនជាតិជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: