សិស្សស្រីចោទសួរបទបញ្ជាផ្ទៃក្នុងសាលា “ហេតុអ្វីបានជាហាមនារីចងសក់កន្ទុយសេះ?”
សិស្សស្រីជនជាតិជប៉ុន អាយុ ១៦ ឆ្នាំ បានលើកជាសំណួរទាក់ទងនឹងបទបញ្ជាផ្ទៃក្នុងសាលា “ហេតុអ្វីបានជាហាមចងសក់កន្ទុយសេះ?” ហើយទទួលបានចម្លើយពីគ្រូបង្រៀនថា “ព្រោះប្រុសៗចាប់អារម្មណ៍នឹងកញ្ចឹងក” ។
បច្ចុប្បន្នសិស្សស្រីកំពុងរៀនវិទ្យាល័យនៅទីក្រុង Kagoshima ។ នាងបាននិយាយថា “ខ្ញុំមានអារម្មណ៍ថាអ្នកដែលបង្កើតបទបញ្ជានេះចម្លែកណាស់” ។
បទបញ្ជាសាលាក៏ហាមសិស្សប្រុសទុកសក់វែងផងដែរ។
“បុរស និងស្រ្តីមានភាពស្មើគ្នា ចំណុចនេះបង្កការពិបាកសម្រាប់មនុស្សដែលកំណត់អត្តសញ្ញាណយេនឌ័រ និងយេនឌ័រមិនស្របគ្នា” ។
សិស្សស្រីរូបនេះបានស្នើអោយយពិនិត្យមើលបទបញ្ជារបស់សាលាឡើងវិញ។ ក្នុងកិច្ចប្រជុំក្រុមភាគតិច (ឧទាហរណ៍ក្រុម LGBT) ប្អូនៗមានឱកាសស្តាប់យោបល់របស់ភាគី និងពិភាក្សាជាមួយគ្រូ ប៉ុន្តែការកែតម្រូវបទបញ្ជាមិនសម្រេចបាន។
សិស្សស្រីបានបង្ហាញអារម្មណ៍ខកចិត្តនិយាយថា “ខ្ញុំភ្ញាក់ផ្អើលដែលគ្រូដោះសារថានេះគឺ Kagoshima ខណៈដែលបទបញ្ជាសាលាមិនមែនតែងតែសមហេតុផលឡើយ ហើយសិស្សផ្ទាល់ក៏គួរតែគិតអំពីរឿងនេះ” ។
សំណួរទាក់ទងនឹងបទបញ្ជារបស់សាលាត្រូវបានលើកឡើងតាមរយៈការផ្សាយព័ត៌មានជាតិ។ Seiko Yanagi សមាជិកនៃសហព័ន្ធអ្នកស្រុកក្នុងតំបន់បានជំរុញអាជ្ញាធរថា “បទបញ្ញត្តិសាលាដែលកំណត់ខោអាវក្នុងពណ៌សមិនសមហេតុផលទេ ហើយក៏មិនអាចពន្យល់ពីតម្រូវការចាំបាច់ដែរ” ។
Hiromitsu Tojo អ្នកគ្រប់គ្រងផ្នែកអប់រំ បាននិយាយថា “តាមរយៈទស្សនៈមិនបង្កការរំខានដល់មនុស្សជុំវិញ ក៏ដូចជាបទដ្ឋានសង្គមគួរតែកំណត់ពណ៌ខោអាវក្នុង ឬការរចនា ដើម្បីកុំឱ្យមើលឃើញ ទោះមិនមែនពណ៌សក៏អាចទទួលយកបាន” ។
ទីប្រឹក្សា Yanagi បាននិយាយថា “ការកំណត់ពណ៌ខោអាវក្នុង ក៏ដូចជាសួរពណ៌ខោអាវក្នុង គឺជាទង្វើបៀតបៀនផ្លូវភេទក្នុងសង្គមទៅហើយ” ។
ថ្មីៗនេះបញ្ហា “បទបញ្ជាខ្មៅ” នៅសាលាបានក្លាយជាបញ្ហាទូទាំងប្រទេស ហើយគួរតែមានវិធានការណ៍ពិនិត្យឡើងវិញ។
អនុវិទ្យាល័យ Hosoyamada នៅទីក្រុង Kanoya ពណ៌ខោអាវក្នុងពណ៌ស ត្រូវបានបន្ថែមជាមួយនឹងពណ៌ប្រផេះ ខ្មៅ និងទឹកសមុទ្រ។ កម្មាភិបាលសិស្សប្រមាណ ១០ នាក់ ទាំងប្រុស និងស្រីបានសាកល្បងស្លៀកខោអាវក្នុងពណ៌ខុសគ្នា ហើយបានស្ទង់មតិសិស្សក្នុងសាលា។
ក្រុមសិស្សបាននិយាយថា “នោះជាឱកាសសម្រាប់មនុស្សគ្រប់គ្នាលើកកម្ពស់ការយល់ដឹងអំពីបទបញ្ជាផ្ទៃក្នុងរបស់សាលា” ។
គ្រូបង្រៀន Kazuto Kyusaka អ្នកដឹកនាំគ្រូដែលណែនាំសិស្សបាននិយាយថា “ដើម្បីឱ្យប្អូនៗមានពេលវេលាសិក្សាប្រកបដោយសុវត្ថិភាព បទបញ្ជាចាំបាច់ណាស់។ យើងត្រូវកំណត់បទបញ្ជាស្របតាមសម័យកាល និងការយល់ឃើញរបស់ប្អូនៗ” ។
Sacchan