រកឃើញសពនាងមច្ឆាដែលគេរក្សាទុកមិនអោយរលួយនៅប្រាសាទជប៉ុន
តើអ្នកដឹងទេថា នៅប្រាសាទជប៉ុនមានរក្សាវត្ថុអាថ៌កំបាំងដែរទេ? ឧទាហរណ៍ដូចជាសពដែលគេរក្សាទុកមិនអោយរលួយ Kappa ប្រភេទបិសាច (yokai) រស់នៅក្បែរទន្លេ ចូលចិត្តលេងសើចនឹងកុមារ។ ហើយក៏អាចជាដៃរបស់អារក្ស (Oni) ត្រូវកាត់ដាច់។
រួមទាំងសពនាងមច្ឆាដែលគេរក្សាទុកមិនអោយរលួយផងដែរ។
ទោះជាយ៉ាងណា វត្ថុចម្លែកទាំងនោះសុទ្ធតែជាទ្រព្យសម្បត្តិរបស់ប្រាសាទ អ្នកវិទ្យាសាស្ត្រមិនអាចប៉ះពាល់បានទេ ដូច្នេះមិនដឹងថាវត្ថុទាំងនោះពិតឬមិនពិតឡើយ។
លើកនេះរឿងរ៉ាវសពនាងមច្ឆាដែលគេរក្សាទុកមិនអោយរលួយបង្កការភ្ញាក់យ៉ាងខ្លាំង។
Enju-in ជាប្រាសាទមួយនៅ Okayama កំពុងរក្សាទុកសពនាងមច្ឆាមានប្រវែងសរុបប្រហែល ៣០ សង់ទីម៉ែត្រ ដែលគេជឿថាបន្សល់ទុកតាំងពីបុរាណកាលមក។
ផ្នែករាងកាយខាងលើរួមមានដៃ និងមុខមាត់ជាមនុស្ស ប៉ុន្តែពាក់កណ្តាលខាងក្រោមគឺជាត្រី។
ប្រហែលពីឆ្នាំ ១៧៣៦ – ១៧៤១ សត្វដ៏ចម្លែកនេះជាប់សំណាញ់ទូកនេសាទ ហើយត្រូវយកទៅលក់នៅ Osaka ។ បន្ទាប់មកត្រូវបានគ្រួសារមួយនៅ Hiroshima រក្សាទុកដោយប្រុងប្រយ័ត្ន ហើយនៅទីបំផុតយកទៅបរិច្ចាគអោយប្រាសាទ។
មនុស្សមួយចំនួនគិតថាសាកសពជាការរួមបញ្ចូលគ្នារវាងស្វា និងត្រី។
ទោះជាយ៉ាងណាទ្រព្យសម្បត្តិរបស់ប្រាសាទមិនអាចយកទៅធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្របានទេ ដូច្នេះរហូតមកដល់ពេលនេះ រឿងសាកសពដែលគេរក្សាទុកមិនអោយរលួយដូចជាញញើតណាស់។
ប៉ុន្តែហាក់បីដូចជាដល់ពេលលាតត្រដាងអាថ៌កំបាំង។
នាយកសមាគមប្រជាប្រិយ Okayama ដែលជំនាញក្នុងការស្រាវជ្រាវ Yokai និងទំនៀមទម្លាប់ប្រពៃណី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសពនាងមច្ឆា។ ប្រាសាទក៏បានអនុញ្ញាតឱ្យសាស្ត្រាចារ្យជំនាញខាងបុរាណវិទ្យា សាស្ត្រាចារ្យរងជំនាញខាងរូបរាងត្រី និងពេទ្យសត្វបង្កើតក្រុមស្រាវជ្រាវ។
ប្រសិនបើសាកសពពិតជារួមបញ្ចូលគ្នារវាងស្វា និងត្រី ការធ្វើតេស្ត DNA អាចបង្ហាញពីអត្តសញ្ញាណពិតរបស់វា។
មិនថាពិតឬមិនពិត តើមនុស្សបុរាណគិតបែបណា ឬសង្ឃឹមអ្វីពេលបញ្ជូនបន្តទៅកូនចៅ? ឬអាចជាស្នាដៃរបស់ជនឆបោកដែលមានទេពកោសល្យម្នាក់ បានបោកបញ្ឆោតយើងរាប់រយឆ្នាំ។ ទោះជាយ៉ាងណា លទ្ធផលនៅតែគួរអោយទន្ទឹងរង់ចាំ។
យោងទៅតាមដំណើរការ របាយការណ៍រំពឹងថាចេញនៅខែមីនា ហើយលទ្ធផលស្រាវជ្រាវនឹងប្រកាសនៅខែកញ្ញា។
Kengo Abe