ប្តីប្រពន្ធពេទ្យសត្វជនជាតិជប៉ុនជួយក្រៀវឆ្កែ និងឆ្មាអនាថាក្នុងតម្លៃទាប

ពេទ្យសត្វជប៉ុនកំពុងខិតខំប្រឹងប្រែងជួយកាត់បន្ថយការបន្តពូជដែលមិនអាចគ្រប់គ្រងបានរបស់សត្វចិញ្ចឹម​ត្រូវម្ចាស់បោះបង់ចោល ដោយសារមូលហេតុផ្សេងគ្នា។ បញ្ហា​នេះ​កើត​ឡើងច្រើន​ក្នុង​អំឡុង​ពេល​កូវីដ ១៩ រាត​ត្បាត។

ប្តីប្រពន្ធពេទ្យសត្វ Miyuki Daimon អាយុ ៤២ ឆ្នាំ និងប្តី Masaaki អាយុ ៣៨ ឆ្នាំ ដំណើរការគ្លីនិកពេទ្យសត្វចល័តនៅ Ebetsu, Hokkaido ។ ប្តីប្រពន្ធនេះចាប់ផ្តើមក្រៀវសត្វឆ្កែ និងឆ្មាក្នុងតម្លៃទាប។

ក្រៅ​ពី​ម៉ោង​ធ្វើ​ការ ពួកគេក៏ទៅកាន់តំបន់ជាច្រើនផ្សេងទៀត ដើម្បីក្រៀវ​ឆ្កែ និង​ឆ្មាអនាថា ដែលពេលខ្លះត្រូវក្រៀវរហូតដល់ ៤០ ទៅ ៥០ ក្បាល។

ប្តីប្រពន្ធមួយគូនេះបើកមន្ទីរពេទ្យឯកជនក្នុងឆ្នាំ ២០១៧ ដោយធ្វើការ​វះ​កាត់ឆ្កែ ឆ្មាប្រហែល ១,៦០០ ក្បាលក្នុងឆ្នាំ ២០២០ ជាង ២០០០ ក្បាលក្នុងឆ្នាំ ២០២១ រួមទាំងសត្វនៅខាងក្រៅតំបន់ Ebetsu ផងដែរ។

ឆ្កែ ឆ្មាដែលវង្វេងផ្លូវត្រូវបានក្រុមការពារសត្វ ឬអ្នកដែលជួបដោយចែដន្យនាំទៅឱ្យប្រពន្ធនេះ។ បន្ទាប់ពីវះកាត់ក្រៀវ ក្រុម​ការ​ពារ​សត្វ​ជួយ​រកម្ចាស់ថ្មីឱ្យពួកវា។

ការវះកាត់នីមួយៗមានតម្លៃចាប់ពី ៤,៤០០ យ៉េនដល់ ៧,៧០០ យ៉េន ដែលស្មើនឹងតម្លៃមួយភាគបីនៃតម្លៃមន្ទីរពេទ្យ​សត្វ​ធម្មតា។ ដោយសារមិនអាចតាមដានការវះកាត់ មុខរបួស ដូច្នេះជាទូទៅការវះកាត់ធ្វើឡើងត្រឹម​កម្រិត​ ១ សង់ទីម៉ែត្រ ឬតិចជាងនេះ ដើម្បីកាត់បន្ថយការឈឺចាប់សម្រាប់សត្វ។

អ្នកស្រី Miyuki Daimon បាននិយាយថា “ជាមួយនឹងការចំណាយទាប យើងសង្ឃឹមថាអាចជួយកាត់បន្ថយចំនួនសត្វ​ឆ្កែ និងឆ្មាអនាថា” ។

សមាជិកក្រុមការពារសត្វម្នាក់បាននិយាយថា “យើងចង់ពង្រីកការព្យាបាលមនុស្សធម៌សម្រាប់សត្វ ដើម្បីកុំឱ្យមាន​ករណី​អកុសល​កើតឡើងទៀត” ។

យោងទៅតាមនាយកដ្ឋានបរិស្ថាន បញ្ហាកម្ចាត់ឆ្កែ ឆ្មាជាមធ្យោបាយចុងក្រោយដើម្បីការពារបញ្ហាក្នុងសហគមន៍ ដូច​ជា​ការរីករាលដាលនៃជំងឺឆ្លង ឬបញ្ហាកាកសំណល់លាមករបស់ពួកវាជាដើម។

ដោយមានជំនួយពីសហគមន៍មូលដ្ឋាន ចំនួនសត្វឆ្មាដែលត្រូវកម្ចាត់កំពុងធ្លាក់ចុះ ដោយមានចំនួន ២៧,១០៧ ក្បាល​ក្នុង​ឆ្នាំហិរញ្ញវត្ថុ ២០១៩ និងចំនួន ១៩,៧០៥ ក្បាលក្នុងឆ្នាំ ២០២០ ។

នេះ​បើ​តាម​សមាគម​ចំណីសត្វ​ជប៉ុន ចំនួនឆ្មាកើតក្នុងមួយឆ្នាំចាប់ពីខែតុលាឆ្នាំ ២០១៩ កើន ១៦% ធៀបនឹងឆ្នាំមុន ដែល​មួយផ្នែកដោយសារតម្រូវការចិញ្ចឹមសត្វដូចជាដៃគូអំឡុងពេលជំងឺកូវីដ ១៩ រាតត្បាត។

ដូច្នេះនៅខែមិថុនា ឆ្នាំ ២០២២ រដ្ឋាភិបាល​ជប៉ុន​នឹង​ធ្វើ​វិសោធនកម្ម​មួយ​ចំនួន​ទាក់ទង​នឹង​ច្បាប់​ស្តី​ពី​ការប្រព្រឹត្តចំពោះ​សត្វ ដោយតម្រូវឱ្យឆ្កែ ឆ្មាបំពាក់បន្ទះសៀគ្វីដែលមានព័ត៌មានកម្អិតរបស់ម្ចាស់។

មន្ទីរពេទ្យសត្វ Inagaki នៅ Koshigaya ខេត្ត Saitama បានក្រៀវឆ្មាអនាថាប្រមាណ ៤ ម៉ឺនក្បាលក្នុងតម្លៃទាប។ លោក Masaharu Inagaki អាយុ ៣៧ ឆ្នាំ ប្រធានមន្ទីរពេទ្យបានទៅមើលសាខាមន្ទីរពេទ្យនៅ Fukushima, Ibaraki, Gunma និង Chiba ម្តងក្នុងមួយខែដើម្បីធ្វើការវះកាត់។ លោក​បាន​បន្ត​ថា​៖ “នៅ​ឆ្ងាយ​ពី​ទីក្រុង មន្ទីរពេទ្យ​ផ្តល់សេវាកម្មក្រៀវកាន់តែតិច” ។

Inagaki និយាយថា “មនុស្សជាច្រើនចិញ្ចឹម​ឆ្មាមិនដឹងពីលទ្ធភាពបន្តពូជរបស់វា។ ពួកគេ​គួរ​តែ​ត្រៀមចិត្តមើលថែ​ទាំ​ពួក​វាអស់​​មួយ​​ជីវិត ទាំងពេលមានជំងឺ និងកើតកូន” ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: