ប៉ូលិស Osaka បានសុំទោស និងសារភាពចាប់មនុស្សច្រឡំក្រោយ​​រយៈ​​ពេល ១០ ឆ្នាំ

នៅថ្ងៃទី ៤ ខែមីនា ប៉ូលិសខេត្ត Osaka បានសារភាពថាពួកគេចាប់ច្រឡំបុរសអាយុ ៣១ ឆ្នាំម្នាក់ ដោយឃុំខ្លួនគាត់​ប្រហែល ១០ ខែមុនពេលត្រូវកាត់ទោសពីបទលួចប្រាក់ ១ ម៉ឺនយ៉េននៅកន្លែងគិតប្រាក់នៃហាងលក់ទំនិញកាល​ពី​ខែមិថុនា ឆ្នាំ ២០១២ ។

ប៉ូលិស​ខេត្ត​​និយាយ​ថា ពួក​គេបានសុំទោសបុរសដែលមិនបញ្ចេញឈ្មោះ។

បុរសរូបនោះត្រូវចាប់ខ្លួននៅខែសីហា ឆ្នាំ ២០១២ ពីបទសង្ស័យប្លន់ ហើយសាខា Kishiwada នៃការិយាល័យព្រះរាជអាជ្ញា Osaka បានចោទប្រកាន់គាត់ពីបទលួច។

កាមេរ៉ាសុវត្ថិភាពចាប់យកទិដ្ឋភាពមនុស្សម្នាក់បើកទ្វារដោយស្វ័យប្រវត្តិ ជិតទ្វារចេញចូលខណៈដែលជនសង្ស័យកំពុង​រត់​គេច ហើយស្នាមម្រាមដៃដែលបន្សល់ទុកលើទ្វារត្រូវបានយកធ្វើជាភស្តុតាង។

កាលពីខែកក្កដា ឆ្នាំ ២០១៤ សាខា Kishiwada នៃតុលាការសង្កាត់ Osaka កត់សម្គាល់ថាគាត់ទៅកាន់ហាង ៥ ថ្ងៃមុននោះ ហើយចង្អុលបង្ហាញ​ថា “ប្រហែលស្នាមម្រាមដៃត្រូវបានបន្សល់ទុកនៅទីនោះមុនថ្ងៃកើតហេតុ​” ។ ដូច្នោះតុលា​ការ​​បាន​ប្រកាស​ថា​គាត់​មិន​មាន​ទោស។

ការស៊ើបអង្កេតថ្មីនៅខែតុលា ឆ្នាំ ២០២១ បានប្រទះឃើញស្នាមម្រាមដៃលើ​ថង់​ប្លា​ស្ទិ​ក​មួយដែលរកបាននៅ​កន្លែង​កើត​ហេតុ ដោយបង្ហាញថាមានបុរសម្នាក់ទៀតវ័យ ៣០ ឆ្នាំមានវត្តមាននៅទីនោះ។

បុរស​ទីពីរ​​បាន​សារភាពថាខ្លួនពិតជាមានទាក់ទងនឹងហេតុការណ៍​នេះ​មែន។ ប៉ូលិស​ខេត្ត​បាន​បញ្ជូន​ឯកសាររបស់គាត់ទៅព្រះរាជអាជ្ញានៅថ្ងៃទី ៤ ខែមីនា ប៉ុន្តែការកំណត់ ៧ ឆ្នាំលើសំណុំរឿងបានផុតកំណត់នៅឆ្នាំ ២០១៩ និងការិយាល័យ​ព្រះ​រាជអាជ្ញាសង្កាត់ Osaka បានសម្រេចមិនកាត់ទោសគាត់នៅថ្ងៃទី ៤ ខែមីនាថ្ងៃដដែល។

Takashi Atsuta នាយកដ្ឋាន​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាននិយាយថា៖ “យើងផ្តោតលើស្នាមម្រាម​ដៃ​នៅ​លើទ្វារ ហើយមិនបានពិចារណាភស្តុតាងផ្សេងទៀត។ នេះ​ជា​ចំណុច​ដែល​ត្រូវពិនិត្យអោយបានហ្មត់​ចត់” ។

ទន្ទឹមនឹងនេះ Masaharu Ueno នៃការិយាល័យព្រះរាជអាជ្ញាសង្កាត់ Osaka បាននិយាយថា៖ “គួរឱ្យសោកស្ដាយដែល​ការ​ពិនិត្យលើភស្តុតាងមិនគ្រប់គ្រាន់។ យើង​នឹង​ពង្រឹង​ការ​ស៊ើបអង្កេត និងសកម្មភាពកាត់ទោសនៅតែគោរព​តាម​ច្បាប់មូលដ្ឋាន” ។

មេធាវី Masakazu Hirayama តំណាងឱ្យបុរសដែលចាត់ទុកថាគ្មានទោស រិះគន់ភ្នាក់ងារស៊ើបអង្កេត៖ “ប៉ូលិស និងព្រះរាជអាជ្ញាមិនបានវាយតម្លៃភស្តុតាងឱ្យបានត្រឹមត្រូវ ហើយឃុំខ្លួនបុរសនោះរយៈពេល ៣០០ ថ្ងៃ។ ពួកគេគួរតែសុំទោសអោយបានឆាប់”។

នៅពេលសម្ភាស បុរសវ័យ ៣១ ឆ្នាំរូបនេះបាននិយាយថា៖ “សមាជិកជាន់ខ្ពស់មួយចំនួនមកពីប៉ូលីសខេត្តបានសុំទោស ប៉ុន្តែខ្ញុំគិតថាមិនគ្រប់គ្រាន់ទេ។ ខ្ញុំ​ចង់​ឱ្យ​អ្នក​ស៊ើបអង្កេត និង​ព្រះរាជអាជ្ញា​ដែល​ចាត់ចែង​ការ​ស៊ើបអង្កេតពេល​នោះ​មក​សុំទោស​ខ្ញុំ​ដោយ​ផ្ទាល់” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: