បុគ្គលដែលផ្តួចផ្តើមបង្កើតប្រព័ន្ធរូបិយវត្ថុដែលកំពុងដំណើរការសកល
តើអ្នកមានប្រាក់ប៉ុន្មាន? តើអ្នកធ្លាប់គិតអំពីតម្លៃពិត ហើយពិចារណាថាតើប្រាក់ដែលអ្នកកំពុងមាននោះស្មើនឹងតម្លៃរបស់វាដែរទេ?
ប្រាក់ដែលយើងប្រើសព្វថ្ងៃគឺជា “ច្បាប់ទូទៅ” ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ហើយផលិតដោយវត្ថុធាតុដើមក្រដាស និងប្លាស្ទិក។
កាលពីមុនប្រាក់មើលទៅដូចនេះ។
ប្រាក់កាក់ភ្លឺចែងចាំងធ្វើពីលោហធាតុដូចជាមាស ប្រាក់ និងទង់ដែង។ ត្រូវហើយ ប្រាក់កាក់កាលពីសម័យមុន ទោះដុតយកមកប្រើក៏នៅតែមានតម្លៃរបស់វាដែរ។
តាមពិតទៅអ្នកកំពុងយកប្រាក់ដែលផលិតពីលោហធាតុមានតម្លៃ ១ ម៉ឺនយ៉េនប្តូរវត្ថុមានតម្លៃ ១ ម៉ឺនយ៉េន។ សរុបទៅជាទម្រង់ដោះដូរទំនិញដូចកាលមិនទាន់មានប្រាក់ គ្រាន់តែប្រើប្រភេទទំនិញដូចគ្នាសម្រាប់ដោះដូរ។
មនុស្សមានទេពកោសល្យម្នាក់ជួយសង្គ្រោះប្រទេសជប៉ុនទាំងមូលដោយបែងចែកតម្លៃពិត និងតម្លៃមិនពិត។ បង្កើតទៅជារូបិយប័ណ្ណរួមដែលយើងប្រើសព្វថ្ងៃនេះ។
ម្នាក់នោះមានឈ្មោះថា Ogiwara Shigehide អត្ថបទថ្ងៃនេះនឹងបង្ហាញអំពីការពិសោធន៍ដំបូងលើពិភពលោករបស់បុគ្គលរូបនេះ។
លោក Ogiwara Shigehide រស់នៅសម័យ Edo ដែលជាយុគសម័យចុងក្រោយរបស់សាមូរ៉ៃ។
នៅពេលនោះត្រកូល Tokugawa កំពុងគ្រប់គ្រងប្រទេសជប៉ុន ប៉ុន្តែយូរៗទៅឃ្លាំងស្តុកទុកថយចុះបន្តិចម្តងៗ។ គ្រួសារនៃជំនាន់ទី ៣ ជីវភាពល្អខ្លាំងណាស់ រហូតដល់ជំនាន់ទី ៥ លែងសល់អ្វីទាំងអស់។
មូលហេតុមិនមែនត្រកូល Tokugawa ចាយខ្ជះខ្ជាយពេកទេ ប៉ុន្តែដោយសារការផលិតមាស និងប្រាក់ធ្លាក់ចុះ។ រ៉ែដែលអាចជីកបានដោយដៃសុទ្ធតែត្រូវជីកទាំងអស់ ដូច្នេះបរិមាណមាស និងប្រាក់សម្រាប់ដុតប្រាក់នៅសល់មិនច្រើន។
នៅពេលដែលស្ថានភាពហិរញ្ញវត្ថុកាន់តែយ៉ាប់យ៉ឺន ត្រកូល Tokugawa ជួលមនុស្សចំនួន ៣២ នាក់ដោះស្រាយបញ្ហានេះ។ ម្នាក់ក្នុងចំណោមនោះគឺជាតួអង្គសំខាន់ Ogiwara ។
ទីប្រឹក្សាបានសាកល្បងវិធីសាស្រ្តខុសគ្នាជាច្រើន ប៉ុន្តែស្ទើរតែគ្មានវិធីណាអាចប្រើបានទូលំទូលាយឡើយ។
យុទ្ធសាស្ត្រចុងក្រោយគឺផ្លាស់ប្តូរប្រាក់កាក់។
នៅពេលនោះបរិមាណមាសក្នុងប្រាក់កាក់គឺ ៨៥% ហើយសម្រេចកាត់បន្ថយមកត្រឹម ៥៧,៣៦% ។ ផ្ទុយទៅវិញបរិមាណប្រាក់កើនឡើង ហើយតម្លៃនៃការផលិតប្រាក់កាក់ក៏ថយចុះផងដែរ។
ដោយឡែកតម្លៃប្រាក់កាក់នៅតែរក្សាដដែល។ ពួកគេក៏ពិចារណាប្រមូលប្រាក់កាក់ចាស់ ដើម្បីផលិតប្រាក់កាក់ថ្មី ដូចជាប្រាក់កាក់ចាស់ ២ អាចផលិតបានប្រាក់កាក់ថ្មី ៣ ។
នេះជាផែនការដោះស្រាយវិបត្តិដែល Ogiwara លើកឡើង។
ហើយនេះក៏ជាលើកដំបូងនៅលើពិភពលោកដែលរូបិយប័ណ្ណមានតម្លៃពិត និងតម្លៃមិនពិតត្រូវបានបែងចែកដាច់ដោយឡែក។
Ogiwara ធ្លាប់និយាយបែបនេះ៖
“ទោះវាគ្រាន់តែជាកម្ទេចប្រាក់ ប្រសិនបើត្រូវបានរដ្ឋាភិបាលការពារ និងបោះពុម្ព បន្ទាប់មកអនុញ្ញាតឲ្យប្រើប្រាស់ វានឹងក្លាយទៅជាប្រាក់” ។
នេះគឺជាប្រព័ន្ធរូបិយប័ណ្ណដែលកំពុងដំណើរការនៅជុំវិញពិភពលោក ហើយអ្នកដែលបានផ្តួចផ្តើមគំនិតដំបូងគឺ Ogiwara ។
តើនរណាជាអ្នកខាតបង់ចំពោះយុទ្ធសាស្ត្រនេះ? ចម្លើយគឺវណ្ណៈអភិជន។
សម្រាប់អ្នកមានប្រាក់ចំណូលមធ្យម អ្វីដែលផ្លាស់ប្តូរគ្រាន់តែជាការរចនាប្រាក់កាក់ប៉ុណ្ណោះ។ ប្រសិនបើចាយអស់ស្ទើរតែរាល់ថ្ងៃ គ្មានប្រាក់សន្សំ ដូច្នេះការផ្លាស់ប្តូរនេះគ្មានន័យអ្វីឡើយ។ ប៉ុន្តែសម្រាប់អ្នកមានវិញ ពួកគេមានប្រាក់សន្សំច្រើន បើត្រូវប្តូរប្រាក់កាក់ចាស់យកប្រាកកាក់ថ្មី ប្រៀបដូចជាបរិមាណមាសក្នុងស្តុកត្រូវកាត់បន្ថយ។
ថ្វីត្បិតតែ តម្លៃមិនប្រែប្រួល មិនថាអ្នកមាន ឬអ្នកក្រ ជីវភាពប្រចាំថ្ងៃមិនប៉ះពាល់ច្រើនឡើយ។ រដ្ឋាភិបាលពេលនោះ (ភាគីធានាតម្លៃរូបិយប័ណ្ណ) ដួលរលំ គ្មាននរណាម្នាក់អាចធានាតម្លៃរូបិយប័ណ្ណនោះបន្តទៀត ហើយបន្ទាប់មកមានវិធីតែមួយគត់គឺវាយតម្លៃរូបិយប័ណ្ណដោយផ្អែកលើលោហៈធាតុ។
ក្រោមស្ថានភាពនោះជាការភ្នាល់ដែលខាតបង់។
ពិភពលោកសព្វថ្ងៃក៏ដំណើរការតាមរបៀបដូចគ្នា។
តម្លៃនៃការផលិតក្រដាសប្រាក់ ១ ម៉ឺនយ៉េនចាប់ពី ២២-២៤ យ៉េនប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើក្រដាសនេះប្តូរទំនិញ ១ ម៉ឺនយ៉េនព្រោះតែរដ្ឋាភិបាលធានា។
លើសពីនេះទៅទៀត ១ ម៉ឺនយ៉េនអ្នកអាចប្តូរបានប្រហែល ១០០ ដុល្លារទៅ ១១០ ដុល្លារ ចំណុចនេះក៏អាស្រ័យលើតុល្យភាពទំនាក់ទំនងរវាងបណ្តាប្រទេស។
ប្រព័ន្ធរូបិយវត្ថុដែលបង្កើតឡើងដោយ Ogiwara ក៏ជាមូលដ្ឋានសម្រាប់ប្រព័ន្ធរូបិយវត្ថុសម័យទំនើបផងដែរ។
បច្ចុប្បន្នកំពុងឆ្ពោះទៅមុខ នាពេលអនាគតប្រហែលជាមិនចាំបាច់បោះពុម្ពក្រដាសប្រាក់ទៀតទេ ប៉ុន្តែប្តូរទៅជាទម្រង់ឌីជីថល។
ទោះជាយ៉ាងណា ភាពងាយស្រួលក៏ធ្វើឲ្យខ្ញុំមានការព្រួយបារម្ភបន្តិចដែរ។ ហេតុដូច្នេះហើយបានជាសព្វថ្ងៃមាសត្រូវគេចាត់ទុកដូចជាវត្ថុសម្រាប់សន្សំ ស្តុកទុក។
Kengo Abe