សត្វឆ្មាទឹកជួយដល់អ្នកស្រាវជ្រាវជប៉ុនប្រមូលទិន្នន័យក្រោមផ្ទាំងទឹកកកនៅប៉ូលខាងត្បូង
សត្វឆ្មាទឹក Weddell ដែលបំពាក់ឧបករណ៍តាមដានទម្ងន់ ៥៨០ ក្រាមលើក្បាល ជួយដល់ក្រុមអ្នកស្រាវជ្រាវជប៉ុនស្ទាបស្ទង់ទឹកក្រោមផ្ទាំងទឹកកកក្រាស់នៅប៉ូលខាងត្បូង។
គម្រោងស្រាវជ្រាវចាប់ពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ ២០១៧ ជាអំឡុងពេលរដូវរងានៅអង់តាក់ទិក សត្វឆ្មាទឹក Weddell ត្រូវបានបំពាក់ឧបករណ៍ចាប់សញ្ញាជម្រៅ សីតុណ្ហភាព និងចរន្តកំដៅលើក្បាល ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រប្រមូលទិន្នន័យសង្កេតបានដូចជាកម្រិតទឹក និងកំហាប់អំបិលនៅតំបន់ដែលមានលក្ខខណ្ឌបរិស្ថានអាក្រក់។
Nobuo Kokubun បានអោយដឹងថាការស្រាវជ្រាវបែបនេះជួយអ្នកវិទ្យាសាស្ត្រតាមដានដំណើរការ និងប្រព័ន្ធបរិស្ថានរបស់សត្វ។
Nobuo Kokubun បាននិយាយក្នុងបទសម្ភាសន៍មួយថា “នៅរដូវក្តៅ យើងអាចទៅដល់អង់តាក់ទិកដោយនាវាបំបែកទឹកកក ដើម្បីធ្វើការស្រាវជ្រាវជាក់ស្តែង និងប្រមូលទិន្នន័យនៅទីនោះ។ ប៉ុន្តែនៅរដូវរងា មានកន្លែងជាច្រើនដែលមិនអាចបំពេញការងារបែបនេះបាន” ។
Nobuo Kokubun បានបន្ថែមថា “ទោះនៅក្រោមស្ថានភាពអាក្រក់ សត្វជាច្រើនដូចជាឆ្មាទឹកនៅតែរស់នៅតំបន់អង់តាក់ទិក ដូច្នេះខ្ញុំគិតថាយើងគួរតែទុកឱ្យវាប្រមូលទិន្នន័យ” ។
ការប្រមូលទិន្នន័យដោយជោគជ័យតាមរយៈឆ្មាទឹកចំនួន ៧ ក្បាលបានបង្ហាញថា មួយក្បាលក្នុងចំណោមពួកវាទៅឆ្ងាយរហូតដល់ ៦៣៣ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃស្ថានីយ៍ស្រាវជ្រាវ Showa របស់ជប៉ុននៅប៉ូលខាងត្បូង រីឯមួយក្បាលទៀតទៅដល់ជម្រៅ ៧០០ ម៉ែត្រ។
ក្រុមអ្នកវិទ្យាសាស្ត្រក៏ដឹងដែរថា ទឹកក្តៅនៅស្រទាប់ខាងលើនៃតំបន់ឈូងសមុទ្រហូរទៅកាន់ប៉ូលខាងត្បូងតាំងពីខែមីនា ពេញមួយរដូវរងាក្នុងឆ្នាំដដែល។ ទឹកហូរក្រោមផ្ទាំងទឹកកក នាំយកសត្វសមុទ្រដូចជាប្រភេទសត្វមានសំបករឹង ហើយក៏ជាប្រភពអាហារចម្បងសម្រាប់ឆ្មាទឹកផងដែរ។
ជាមួយនឹងគោលដៅស្វែងយល់អំពីផលប៉ះពាល់នៃការឡើងកំដៅផែនដីនៅតំបន់ឆ្នេរប៉ូលខាងត្បូង Nobuo Kokubun សង្ឃឹមថាអាចកែលម្អឧបករណ៍តូចសមនឹងប្រភេទសត្វផ្សេងទៀត ដូចជាសត្វស្លាបភេនឃ្វីនជាដើម។
“អត្ថប្រយោជន៍របស់សត្វភេនឃ្វីនគឺថាពួកវាត្រឡប់មកកន្លែងដើមវិញ ហើយយើងអាចប្រមូលទិន្នន័យបានភ្លាមៗ។ ក្រៅពីនេះយើងក៏អាចប្រើឧបករណ៍លើសត្វភេនឃ្វីនមួយចំនួនធំផងដែរ ដើម្បីគ្របដណ្តប់តំបន់ធំ” ។
AD