រឿងសត្វឆ្កែនៅមណ្ឌលថែទាំមនុស្សចាស់ជូនដំណើរអ្នកស្លាប់ទៅដោយសុខសាន្ត
នៅមណ្ឌលថែទាំមនុស្សចាស់ដែលមានឈ្មោះថា “Sakura no Satoyamashina” មនុស្សចាស់នឹងរស់នៅជាមួយឆ្កែ ឆ្មាដ៏គួរឱ្យស្រឡាញ់។ Bunpuku ពីមុនជាឆ្កែការពារ មានអាយុប្រមាណពី ១២-១៣ ឆ្នាំ បច្ចុប្បន្នកំពុងធ្វើជាអ្នក “ថែទាំ” នៅទីនេះ។
“Sakura no Satoyamashina” ជាមណ្ឌលថែទាំមនុស្សចាស់ពិសេស។ អគារនីមួយៗចែកជាតំបន់មាន ១០ កន្លែង (ដាច់ដោយឡែកពីគ្នា) រួមមានបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ បន្ទប់ទឹកចំនួន ៣ បន្ទប់ងូតទឹក និងបន្ទប់ផ្លាស់សម្លៀកបំពាក់។ ក្រៅពីនេះមានមានទ្វារខាងមុខ ដូច្នេះមើលទៅដូចជាខុនដូ។ មណ្ឌលថែទាំមនុស្សចាស់អាចផ្ទុកមនុស្ស ១២០ នាក់ សរុប ១២ ល្វែង និង ៤ ល្វែងដាក់នៅជាន់នីមួយៗ ចាប់ពីជាន់ទី ២ ដល់ជាន់ទី ៤ នៃអគារ។ ក្នុងចំណោមនោះ ពីរល្វែងនៅជាន់ទី ២ គឺល្វែងដែលអនុញ្ញាតឱ្យរស់នៅជាមួយឆ្កែ និងល្វែងពីរទៀតសម្រាប់ឆ្មា។
ឆ្កែ ឆ្មាដើរដោយសេរីក្នុងបរិវេណ ដូចជាសត្វចិញ្ចឹមក្នុងគ្រួសារ។ មណ្ឌលថែទាំមនុស្សចាស់ត្រូវបានរចនាឡើងដោយគ្មានរនាំង ទ្វារបន្ទប់ក៏ជាទ្វាររអិល ដូច្នេះឆ្កែ Bunpuku អាចបើកទ្វារបន្ទប់ដោយសេរី ឬចូលបន្ទប់ផ្សេងទៀតទាំងមិនទាន់មានការអនុញ្ញាត។ យ៉ាងណាមិញ អ្នកដែលរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់សុទ្ធតែស្រលាញ់ឆ្កែ មិនត្រឹមតែមិនមានបញ្ហា ផ្ទុយទៅវិញ ពួកគាត់សប្បាយចិត្តខ្លាំងណាស់។
ប្រសិនបើមាននរណាម្នាក់មិនចូលចិត្តសត្វ ឬអាឡែស៊ី នឹងបញ្ជូនទៅជាន់ទី ៣ និង ៤ ។ ជាន់ទាំងនេះមិនអនុញ្ញាតអោយនាំសត្វចិញ្ចឹមតាមនោះទេ។
ទោះបីជា Bunpuku រស់នៅដោយសេរីក្នុងមណ្ឌលថែទាំមនុស្សចាស់ ឆ្កែមិនទទូចចូលបន្ទប់ណាមួយឡើយ បើមិនមែនជាករណីពិសេស។ ជាពេលដែលវាដឹងថាអ្នករស់នៅក្នុងបន្ទប់នោះជិតស្លាប់។
មនុស្សចាស់ជិត ៤០ នាក់ទទួលមរណភាពនៅ “Sakura no Satoyamashina” ជារៀងរាល់ឆ្នាំ។ នេះជាតួលេខធម្មតានៅមណ្ឌលថែទាំមនុស្សចាស់ ជាកន្លែងប្រមូលផ្តុំមនុស្សចាស់ជរា ឬឈឺធ្ងន់មិនចង់រំខានគ្រួសារ។
ជាទូទៅមនុស្សចាស់ទៅសមត្ថភាពស្រូបយកអាហារ និងទឹកថយចុះជាលំដាប់ ហើយក្រៀមស្វិតដូចជាមែកឈើតាមច្បាប់ធម្មជាតិ។ ក្នុងដំណាក់កាលនេះបើស្នាក់នៅមណ្ឌល ហើយព្យួរសឺរ៉ូមអាចពន្យារអាយុជីវិត។ ប៉ុន្តែនៅ “Sakura no Satoyamashina” ភាគច្រើនអ្នកស្រុកគ្មានបំណងរស់នៅយូរនោះទេ។ ពួកគាត់ចង់ទទួលយកសេចក្តីស្លាប់ដោយស្ងប់ស្ងាត់ ដូច្នេះការថែទាំដោយយកចិត្តទុកដាក់ (ថែទាំដំណាក់កាលចុងក្រោយ) នឹងចាប់ផ្តើមក្នុងរយៈពេលខ្លីមុនពេលពួកគាត់ទទួលមរណភាព។
លោកយាយ Takako Yasui ចាប់ផ្តើមទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ក្នុងខែនេះ។ ៣ ថ្ងៃក្រោយបន្ទាប់ពីទទួលការថែទាំ Bunpuku មកអង្គុយមុខបន្ទប់របស់លោកយាយ។ លោកយាយ Yasui មិនអាចបរិភោគ ឬផឹកអ្វីបានទៀតឡើយ ប៉ុន្តែស្ថានភាពនៅតែនឹងនរ ដូច្នេះអ្នកថែទាំមើលរំលងសកម្មភាពនេះ។
ប៉ុន្មានម៉ោងក្រោយមក Bunpuku ចូលបន្ទប់រួចដេកនៅជិតលោកយាយ Yasui ដែលកំពុងគេងលើគ្រែ។ ថ្វីត្បិតតែ Bunpuku តែងតែចូលបន្ទប់អ្នកស្នាក់នៅទីនេះដេកជាមួយពួកគេ ប៉ុន្តែបរិយាកាសពេលនេះខុសគ្នា។ ជាទូទៅ Bunpuku មើលទៅធម្មតា ប៉ុន្តែម្តងនេះវាស្ងាត់ជាងមុន។ នៅពេលនេះអ្នកថែទាំបានកត់សម្គាល់ឃើញថាលោកយាយ Yasui មានទឹកមុខចម្លែក។
លោកយាយ Yasui ស្ទើរតែមិនដឹងខ្លួនពីរបីថ្ងៃមកហើយ ប៉ុន្តែនៅពេលដែល Bunpuku ចូលទៅជិត គាត់បានរំកិលដៃ ហើយអង្អែលក្បាលរបស់វា។ អ្នកថែទាំបាននិយាយថា “មើលទៅដូចជាគាត់កំពុងញញឹម” ។
អ្នកថែទាំភ្លាមៗបានទាក់ទងទៅគ្រួសាររបស់លោកយាយ Yasui ដើម្បីរាយការណ៍ពីសកម្មភាពរបស់សត្វឆ្កែ។ ទោះជាយ៉ាងនេះក្តី គាត់មិនបានប្រាប់ថាលោកយាយ Yasui ជិតចាកចេញនោះទេ គ្រាន់តែថាលោកយាយស្និទ្ធស្នាលនឹង Bunpuku ណាស់ ហើយទុកឱ្យគ្រួសារសម្រេចចិត្តដោយខ្លួនឯង។
លោកយាយ Takako Yasui ស្នាក់នៅមណ្ឌលថែទាំមនុស្សរយៈពេល ៣ ឆ្នាំ ហើយក្រុមគ្រួសារក៏ដឹងពីសកម្មភាពរបស់ Bunpuku បន្តិចបន្តួចដែរ។ ភ្លាមៗនោះក្រុមគ្រួសារហៅទូរស័ព្ទកាន់អ្នកស្គាល់គ្នា ហើយទៅកាន់មណ្ឌលថែទាំមនុស្សចាស់។ នៅព្រឹកបន្ទាប់ លោកយាយ Yasui ទទួលមរណភាព ក្រុមគ្រួសារបានមកជួបគាត់ទាន់ពេល។
មិនប្រាកដទេថា Bunpuku អាចដឹងមុនការស្លាប់របស់អ្នកស្នាក់នៅមណ្ឌលថែទាំមែនឬអត់ទេ ប្រហែលជាវាអាចហិតក្លិន អ្វីដែលវិទ្យាសាស្ត្រមិនទាន់បញ្ជាក់បាន។ ទោះជាយ៉ាងណាសាច់ញាតិរបស់លោកយាយអាចមកជូនដំណើរទាន់ពេលវេលាដោយសារទង្វើនេះ ហើយសម្រាប់លោកយាយ Yasui ផ្ទាល់ ដែលជាអ្នកស្រឡាញ់សត្វកាលនៅរស់ អាចចាកចេញទៅដោយសុខសាន្ត ជាមួយនឹងការឱបដោយក្តីស្រលាញ់ពីសត្វឆ្កែនៅមណ្ឌលថែទាំមនុស្ស។
ជាចុងក្រោយនេះជាការងារដែល Bunpuku ជ្រើសយកដោយស្ម័គ្រចិត្ត មិនមានអ្នកបង្វឹកឡើយ។ អ្នកថែទាំនៅមណ្ឌលជឿថាឆ្កែក៏មានមោទនភាពចំពោះអ្វីដែលវាបានធ្វើ។
Sacchan