ដំណើរ​ការ​ផលិត​ខ្សែឧបករណ៍​ភ្លេង​បុរាណជប៉ុន

សិប្បករ​​រោងចក្រផលិតខ្សែឧបករណ៍ភ្លេងនៅទីក្រុង Nagahama ខេត្ត Shiga ភាគ​ខាងលិច​ប្រទេស​ជប៉ុន កំពុង​មមាញឹក​​ផលិត​ខ្សែឧបករណ៍ភ្លេងពី​សរសៃ​សូត្រ​ពណ៌​មាស​ពិសេស ដោយពឹងលើអាកាសធាតុ​រដូវរងា​ត្រជាក់។

ខ្សែ Kan no Ito ប្រើធ្វើជាខ្សែឧបករណ៍ភ្លេង Shamisen, Koto

នៅរោងចក្រផលិតរបស់ក្រុមហ៊ុន Marusan Hashimoto នៅទីក្រុង Nagahama សិប្បករ​សម្ងួត​សរសៃ​សូត្រ​ជាច្រើន​ដែលជ្រលក់ពណ៌រមៀត។ វាត្រូវបានគេទាញបន្តឹងដោយទំពក់លើបង្គោលដែលមានចម្ងាយប្រហែល ១៥ ម៉ែត្រ។

សរសៃ​សូត្រដែលត្រូវបានទាញបន្តឹងលើបង្គោលក្រោមអាកាសធាតុត្រជាក់ បន្ទាប់មកប្រើក្រណាត់ជូតកាវដែលនៅ​សល់។ នេះជាផ្នែកមួយនៃដំណើរការផលិតខ្សែឧបករណ៍ភ្លេង​បុរាណ​ជប៉ុន​ដូច​ជា Koto ឬ Shamisen។

សរសៃ​សូត្រត្រូវបានទាញបន្តឹង និងសម្អាតកាវដែលជាប់ជុំវិញដោយប្រើក្រណាត់

រោងចក្រ Marusan Hashimoto បង្កើតឡើងក្នុងឆ្នាំ ១៩៨០ ដោយប្រើវិធីសាស្រ្តបុរាណផលិតខ្សែឧបករណ៍តន្ត្រីជប៉ុន ៤០០ ប្រភេទ រូមមាន Shamisen និង Koto ។

ខ្សែឧបករណ៍តន្ត្រីដែលផលិតក្រោមអាកាសធាតុ​ត្រជាក់ ត្រូវបានគេហៅថា “Kan no Ito” មាន​ន័យ​ថា (ខ្សែ​ត្រជាក់)​។ ភាគ​ច្រើន​សិល្បករ​អាជីពប្រើខ្សែទាំងនេះ ព្រោះវាបង្កើតបានសំឡេងច្បាស់ល្អ។

ដំណើរការផលិតខ្សែទាំងនេះមាន ១២ ជំហាន ដែលរួមមានជំហានថ្លឹងខ្សែនីមួយៗ បង្វិលដោយឧបករណ៍ ហើយប្រើបច្ចេក​ទេស​ត្រាំស្រោបកាវលើសរសៃសូត្រ។

សរសៃសូត្រ​​រមួល​រុំដោយកាវ

សរសៃសូត្រស្ងោរ​ជាមួយ​នំ​អង្ករស្តើងៗ ប្រើជាកាវសម្រាប់បិទ បង្កើនកម្រិតជាប់ស្អិត។

បច្ចុប្បន្នមាន ៤ ភ្នាក់ងារ ជាមួយនឹងបុគ្គលមួយចំនួនផលិតខ្សែឧបករណ៍ភ្លេងបុរាណជប៉ុន និង Marusan Hashimoto ដែល​ជា​ក្រុមហ៊ុន​ផលិត​តែមួយគត់ក្នុងប្រទេសជប៉ុននៅរក្សាវិធីសាស្រ្តបង្វិលខ្សែ។

ខ្សែឧបករណ៍ភ្លេងដែលផលិតរួច

ប្រធាន Hidekazu Hashimoto អាយុ ៤៧ ឆ្នាំ នៃរោងចក្រ Marusan Hashimoto បាននិយាយថា “ថ្វីត្បិតតែជំងឺ​កូវីដ ១៩ រាតត្បាត ការប្រគុំតន្ត្រីកំពុងត្រលប់មកវិញបន្តិចម្តងៗ។ យើង​ចង់​បន្ត​អាជីវកម្ម​នេះ ដើម្បី​ផ្ទេរ​បន្ត​ស្នាដៃ​ប្រពៃណី​នេះដល់កូនចៅជំនាន់ក្រោយ” ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: