សាលារដ្ឋដំបូងគេនៅប្រទេសជប៉ុនបង្រៀនអំពីលំហអាកាស
វិទ្យាល័យមួយនៅទីក្រុង Kushimoto ខេត្ត Wakayama ជាសាលារដ្ឋដំបូងគេក្នុងប្រទេសជប៉ុនផ្តល់វគ្គសិក្សាលើការស្រាវជ្រាវផ្នែកអវកាស។
គោលបំណងវគ្គសិក្សាដើម្បីបណ្តុះទេពកោសល្យ ជាអ្នកដែលមានតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មអវកាសនាពេលអនាគត។
មន្ត្រីខេត្ត Wakayama បាននិយាយថា វគ្គសិក្សានៅវិទ្យាល័យ Kushimoto Koza ដែលគ្រប់គ្រងដោយខេត្តនឹងចាប់ផ្តើមនាខែមេសា ឆ្នាំសិក្សា ២០២៤ ។ ជាពិសេសវគ្គសិក្សានឹងបើកសម្រាប់សិស្សទាំងអស់នៅទូទាំងប្រទេសជប៉ុន។
ការបង្ហាញឧបករណ៍បាញ់គ្រាប់រ៉ុក្កែតដែលកំពុងសាងសង់នៅ Kushimoto ខេត្ត Wakayama
វគ្គបណ្តុះបណ្តាលអវកាសនៅ Kushimoto Koza នឹងត្រូវបានបង្កើតឡើងដូចជាផ្នែកមួយនៃវគ្គសិក្សាទូទៅ។
សាលាក៏កំពុងគ្រោងនឹងអញ្ជើញបុគ្គលិកមកពី Space One ដែលជាក្រុមហ៊ុនគ្រប់គ្រងកន្លែងបាញ់បង្ហោះរ៉ុក្កែត និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ធ្វើជាអ្នកណែនាំសិស្ស ទន្ទឹមនឹងការបង្រៀនអំពីប្រធានបទលំហ ក៏ដូចជាដំណើរការរបស់រ៉ុក្កែត។
មុនពេលចាប់ផ្តើមវគ្គសិក្សា សាលានឹងផ្តល់ការបង្រៀនអំពីលំហដែលជាផ្នែកមួយនៃកម្មវិធី “ការស្រាវជ្រាវរួមបញ្ចូលគ្នា” ចាប់ពីឆ្នាំសិក្សា ២០២២ និងបន្ថែមមុខវិជ្ជាជ្រើសរើសដោយខ្លួនឯងសម្រាប់ឆ្នាំសិក្សា ២០២៣ ។
កម្មវិធីនេះក៏សង្ឃឹមថាសិស្សចូលរួមក្នុងព្រឹត្តិការណ៍ទាក់ទងនឹងលំហអាកាសដែលរៀបចំដោយរដ្ឋាភិបាលមូលដ្ឋាន។
អភិបាលក្រុង Wakayama លោក Yoshinobu Nisaka ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យខេត្តកាលពីថ្ងៃទី ១២ ខែមករា។ ក្នុងកិច្ចប្រជុំនោះលោកបានប្រកាសអំពីវគ្គសិក្សាលំហកម្រិតវិទ្យាល័យ។
ទីក្រុង Kushimoto ជាតំបន់ឯកជនដំបូងគេនៅជប៉ុនសាងសង់កន្លែងបាញ់គ្រាប់រ៉ុក្កែតប្រភេទតូច។ ការដាក់ឱ្យដំណើរការដំបូងគ្រោងធ្វើឡើងនាចុងឆ្នាំនេះ។
ការសាងសង់កន្លែងបាញ់បង្ហោះមានឈ្មោះថា Space Port Kii ជិតរួចរាល់ ដែលរួមមានមជ្ឈមណ្ឌលគ្រប់គ្រងបេសកកម្មហោះហើរ ក៏ដូចជាកន្លែងបាញ់បង្ហោះ និងកន្លែងផ្សេងៗទៀត។
ក្រុមហ៊ុន Space One គ្រោងនឹងបាញ់បង្ហោះរ៉ុក្កែតដំបូងនៅចុងឆ្នាំ ២០២២ ក្រុមហ៊ុនក៏មានបំណងបាញ់រ៉ុក្កែតចំនួន ២០ គ្រាប់ក្នុងមួយឆ្នាំ គ្រាប់រ៉ុក្កែតនីមួយៗមានកម្ពស់ ១៨ ម៉ែត្រ និងអាចផ្ទុកផ្កាយរណបតូចមួយ។
រដ្ឋាភិបាលខេត្ត Wakayama រំពឹងថាទីក្រុង Kushimoto នឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលនៃឧស្សាហកម្មអវកាសនាពេលអនាគត។
ក្នុងសន្និសីទសារព័ត៌មានលោក Yoshinobu Nisaka អភិបាលខេត្ត Wakayama បាននិយាយថា “យើងស្វាគមន៍សិស្សានុសិស្សដែលមានចំណង់ចំណូលចិត្តលើលំហអាកាសទូទាំងប្រទេស យើងសង្ឃឹមថានឹងទាក់ទាញកុមារកាន់តែច្រើនចាប់អារម្មណ៍លើលំហ និងបច្ចេកវិទ្យាវិទ្យាសាស្ត្រទាក់ទងនឹងលំហ ក៏ដូចជាអភិវឌ្ឍចំណេះដឹងក្នុងផ្នែកទាំងនេះ” ។
លោកបានសម្តែងក្តីសង្ឃឹមថាសាលា Kushimoto Koza នឹងបង្កើតកម្លាំងជម្រុញបង្វែរ Kushimoto ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាកន្លែងដែលសិស្សអាចធ្វើការបន្ទាប់ពីប្អូនៗមានសមត្ថភាពគ្រប់គ្រាន់ផ្នែកដែលពួកគេជ្រើសរើស។
Japo Cambodia