តើត្រូវធ្វើយ៉ាងណាពេលជួបបាតុភូត whiteout? ជាបាតុភូតដែលបង្កគ្រោះថ្នាក់ក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ
Whiteout ホワイトアウト ជាបាតុភូតដែលធ្វើអោយមើលមិនឃើញដោយសារតែខ្យល់បក់ខ្លាំង និងព្រិល។ នៅពីមុខឃើញតែពណ៌ស ហើយអ្នកមើលមិនឃើញទោះនៅជិតយ៉ាងណា។ អ្នកបាត់បង់ទិសដៅមិនដឹងមុខ ក្រោយ ឆ្វេង ស្តាំ។
កាលពីថ្ងៃទី ២១ នៅ Hokkaido ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយបានកើតឡើង។ ជួបប្រទះ Whiteout ពេលកំពុងបើកបរគ្រោះថ្នាក់ខ្លាំងណាស់។
តើធ្វើយ៉ាងណាទប់ទល់នឹង Whiteout? នេះជាចំណុចមួយចំនួនដែល NHK លើកឡើងគួរចងចាំ។
***បាតុភូត Whiteout ពេលកំពុងបើកបរ
នាយកដ្ឋានប៉ូលីស Hokkaido បង្ហោះវីដេអូមួយមានឈ្មោះថា “គ្រោះថ្នាក់ចរាចរណ៍ព្រោះតែមើលមិនឃើញ ដោយសារព្យុះព្រិល” ។
នៅក្នុងឃ្លីប អ្នកបើកបរបន្តដំណើរក្នុងស្ថានភាពមើលមិនឃើញ ហើយរយៈពេល ២ វិនាទីក្រោយមក ស្រាប់តែមានរថយន្តជាច្រើនគ្រឿងនៅចំពោះមុខ បុគ្គលនេះចាប់ហ្វ្រាំងមិនទាន់ទើបបុកតែម្តង។ រថយន្តជាច្រើនគ្រឿងទៀតក៏ជាប់ក្នុងគ្រោះថ្នាក់នេះផងដែរ។
តើពេលណា និងនៅឯណា Whiteout អាចកើតឡើង?
ក្នុងលក្ខខណ្ឌ និងកន្លែងមួយចំនួន Whiteout អាចនឹងកើតឡើង។
១. នៅពេលដែលសីតុណ្ហភាពទាបត្រូវខ្យល់ខ្លាំង
សីតុណ្ហភាពទាបធ្វើឱ្យព្រិលធ្លាក់រាយប៉ាយ ខ្សល់បក់ខ្លាំងបណ្តាលអោយព្រិលប៉ើងគ្រប់ទីកន្លែងជាហេតុរារាំងអ្នកបើកបរមើលមិនឃើញ។
២. នៅពេលដែលព្រិលធ្លាក់ក្រាស់ផ្លូវសងខាង
ទោះបីជាខ្យល់មិនខ្លាំង ប៉ុន្តែបើព្រិលកកកុញតាមផ្លូវទាំងសងខាង ព្រិលដែលត្រូវខ្យល់បក់ក៏នឹងធ្វើអោយមើលមិនឃើញ។
៣. ក្នុងបរិយាកាបើកចំហ ផ្លូវរាបស្មើ
ក្នុងលក្ខខណ្ឌបែបនេះ ផ្ទះ និងដើមឈើតិចណាស់ដែលអាចរារាំងព្រិលបក់បោក ហើយបរិមាណព្រិលច្រើននឹងបក់បោកតាមខ្យល់។
យោងទៅតាមវិទ្យាស្ថានស្រាវជ្រាវ Kanchidoboku (វិទ្យាស្ថានស្រាវជ្រាវជាតិនៅទីក្រុង Sapporo) នៅលើវាលព្រិលដែលលាតសន្ធឹង ២០០ ម៉ែត្រឬច្រើនជាងនេះ បរិមាណព្រិលដែលបក់ចេញពីព្យុះព្រិលនឹងច្រើនឡើង។ ដូច្នេះអ្នកបើកបរត្រូវយកចិត្តទុកដាក់ពេលធ្វើដំណើរលើដីរាបស្មើ ដូចជាវាលស្រែ វាលស្មៅជាដើម។
នាខែមករា ឆ្នាំ ២០២១ គ្រោះថ្នាក់ជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងយានយន្តចំនួន ១៤០ គ្រឿងនៅលើផ្លូវល្បឿនលឿន Tohoku នៅ Miyagi ដោយសារតែ Whiteout ធ្វើអោយមើលមិនឃើញ ហើយក៏ព្រោះតែផ្លូវល្បឿនលឿននេះស្ថិតនៅក្នុងតំបន់បើកចំហ ភាគច្រើនជុំវិញជាវាលស្រែ។ ក្រៅពីនេះកន្លែងដែលនៅជិតទន្លេ ឬលើស្ពាន គ្មានអ្វីបាំងខ្សល់ គ្រោះថ្នាក់មើលមិនឃើញក៏អាចនឹងកើតឡើងច្រើនផងដែរ។
ធ្វើយ៉ាងណាពេលជួប Whiteout?
មាន ៣ ចំណុចដែលត្រូវកត់សម្គាល់
១. បើកភ្លើងសញ្ញា ហើយឈប់ឡាន
(បើកបរក្នុងតំបន់ Whiteout មានគ្រោះថ្នាក់ខ្លាំងណាស់)
ដើម្បីទប់ស្កាត់ការប៉ះទង្គិចផ្នែកខាងក្រោយ គួរតែធ្វើឱ្យរថយន្តមានភាពលេចធ្លោតាមដែលអាចធ្វើទៅបាន។
២. ចតរថយន្តនៅផ្លូវម្ខាង (ឬប្រសិនបើអាចទៅកាន់កន្លែងចត) ហើយរង់ចាំអាកាសធាតុប្រសើរឡើងវិញ។
ប្រសិនបើមានហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ ឬកន្លែងសម្រាកនៅក្បែរនោះ សូមនៅទីនោះរហូតដល់អាកាសធាតុស្ងប់ស្ងាត់។
៣. ទូរស័ព្ទលេខសង្គ្រោះបន្ទាន់(#9910)
ប្រសិនបើនៅក្នុងស្ថានភាពមិនអាចផ្លាស់ទីបាន សូមទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ #9910
បើនៅពីមុខអ្នកមានគ្រោះថ្នាក់កើតឡើង គ្មានកន្លែងជ្រក ហើយអាកាសធាតុកាន់តែអាក្រក់ទៅ សូមទាក់ទងប៉ូលីស និងនាយកដ្ឋានពន្លត់អគ្គីភ័យ។
ក្រៅពីនេះមានសេវាផ្លូវ #8139 របស់ JAF (សហព័ន្ធរថយន្តជប៉ុន) ផងដែរ។
៤. ការព្យាករណ៍អំពី Whiteout មុនពេលចេញទៅក្រៅ
នៅថ្ងៃដែលមានព្រិលធ្លាក់ និងខ្យល់ខ្លាំង ចូរពិចារណាមើលថាខ្លួនពិតជាត្រូវចេញទៅក្រៅដែរទេ? ប្តូរកាលវិភាគរបស់អ្នក ប្រសិនបើអាកាសធាតុមិនល្អ។
Sacchan