សំណើពង្រីកទម្រង់កន្លែងជ្រោះទឹកក្តៅដែលអនុញ្ញាតឱ្យបុរស និងស្ត្រីងូតទឹករួមគ្នាតែត្រូវស្លៀកបំពាក់
នៅកន្លែងងូតទឹកក្ដៅដែលអនុញ្ញាតឱ្យបុរស និងស្ត្រីងូតទឹករួមគ្នា អនុវត្តទម្រង់ស្លៀកពាក់ឈុតងូតទឹក ដើម្បីកំណត់ការមើលឃើញរាងកាយកំពុងត្រូវបានលើកឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ កន្លែងងូតទឹកចម្រុះត្រូវគេងាកចេញដោយសារអាកប្បកិរិយាមិនល្អ ចំនួនភ្ញៀវមានទំនោរថយចុះ។ អ្នកគ្រប់គ្រងកន្លែងទាំងនេះបាននិយាយថា៖ “តាមរយៈការស្លៀកពាក់ អ្នករាល់គ្នាអាចកាត់បន្ថយភាពខ្មាសអៀន អារម្មណ៍មិនស្រួល រីករាយជាមួយនឹងវប្បធម៌ងូតទឹករួមគ្នា មិនបែងចែកភេទ ឬជំនាន់” ។
ជ្រោះទឹកក្តៅ Sukayu នៅទីក្រុង Aomori ស្ថិតនៅតំបន់ដែលមានព្រិលធ្លាក់ខ្លាំងបំផុតក្នុងប្រទេសជប៉ុន។ នៅថ្ងៃទី ២៦ ខែមករា បុរស និងស្ត្រីគ្រប់វ័យងូតក្នុងអាងទឹកចម្រុះមួយដែលមានឈ្មោះថា “Hiba Sennin Furo” ។ បុរសស្លៀកខោខ្លី ស្ត្រីស្លៀកអាវ និងខោខ្លី។ នារីម្នាក់វ័យប្រហែល ២០ ឆ្នាំមកពីខេត្ត Chiba ញញឹមហើយនិយាយថា៖ “អ្នកមិនចាំបាច់បារម្ភពីក្រសែភ្នែក ហើយក៏មិនចាំបាច់បិទបាំងរាងកាយ។ គ្រាន់តែរីករាយដូចធម្មតា” ។
រូបភាព https://www.yomiuri.co.jp/pluralphoto/20220216-OYT1I50091/
នៅ Sukayu Onsen កាលពីមុនពេលព្រឹក និងពេលល្ងាច កន្លែងងូតទឹកសម្រាប់តែស្ត្រីប៉ុណ្ណោះ។ ទោះជាយ៉ាងណា ដោយសារតែគំនិត “មិនបែងចែកពេលវេលា បង្កើតបរិយាកាសដែលមនុស្សគ្រប់គ្នាអាចរីករាយ” ។ អ្នកគ្រប់គ្រងបានចាប់ផ្តើមសាកល្បងវិធីសាស្រ្តងូតទឹកចម្រុះបុរស និងស្ត្រីដែលមានស្លៀកពាក់។ បច្ចុប្បន្នពួកគេកំពុងសម្លឹងមើលចេញជាទម្រង់ពេញលេញនាពេលខាងមុខ ខណៈពេលដែលតាមដានការឆ្លើយតបរបស់អតិថិជន។
នៅឆ្នាំ ២០១៩ Jigoku Onsen Seifuso នៅភូមិ Minamiaso ខេត្ត Kumamoto ដាក់ចេញបទបញ្ជាឱ្យស្លៀកពាក់នៅពេលចូលងូតទឹករួមគ្នាបុរស និងស្ត្រី។ អ្នកគ្រប់គ្រង Kenji Kawazu អាយុ ៥៨ ឆ្នាំបាននិយាយថា “ដោយហេតុនេះយើងបានធ្វើឱ្យយុវជនជាច្រើន ក៏ដូចជាអ្នកដែលខ្លាចងូតទឹករួមគ្នាបុរស និងស្ត្រី កាន់តែមានអារម្មណ៍ស្រួលខ្លួន” ។
នេះបើតាម Kyoko Kitade ដែលជា “អ្នកជំនាញ Onsen” បំផុសភាពទាក់ទាញនៃជ្រោះទឹកក្តៅតាមរយៈការបង្រៀន និងអត្ថបទ កន្លែងងូតទឹកចម្រុះមានប្រមាណ ១២០០ កន្លែងនៅទូទាំងប្រទេសក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែរហូតដល់ឆ្នាំ ២០២១ នៅសល់តែ ៥០០ កន្លែងប៉ុណ្ណោះ។ លោក Kitade បាននិយាយថា “ទន្ទឹមនឹងរឿងយុវជនជំនាន់ក្រោយមិនព្រមងូតទឹកអាក្រាត ក៏មានករណីគ្មានសីលធម៌ដូចបុរសសម្លឹងមើលរាងកាយរបស់ស្ត្រី ដែលជាមូលហេតុកន្លែងងូតទឹករួមត្រូវគេជៀសវាង” ។
ផ្ទុយទៅវិញកន្លែងខ្លះឱ្យតម្លៃលើការងូតទឹកអាក្រាតកាយ ភ្ញៀវជាច្រើនគិតថា “ស្លៀកឈុតងូតទឹកលែងជាស្ទីល Onsen ទៀតហើយ” ។ ក្នុងឆ្នាំ ២០១៦ នៅ Yubara Onsen Sandyu ទីក្រុង Maniwa ខេត្ត Okayama ផ្លាកសញ្ញាដែលសរសេរថា “បាំងផ្នែកខាងក្រោម” ត្រូវបានដាក់ឡើងនៅបន្ទប់ប្តូរសម្លៀកបំពាក់ ដើម្បីលើកទឹកចិត្តអតិថិជនប្រុសឱ្យរុំកន្សែង ហើយស្លៀកឈុតហែលទឹក។ ទោះជាយ៉ាងណានៅតែមានអតិថិជនមួយចំនួនចូលងូតទឹកមិនស្លៀកពាក់អ្វីឡើយ ពួកគេនិយាយថា “ខ្ញុំចង់អាក្រាតកាយ” ។
ដូចដែល Aya Uchida សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យ Toyo ជំនាញផ្នែកទេសចរណ៍បានចង្អុលបង្ហាញថា “អ្វីដែលសំខាន់ត្រូវគិតធ្វើយ៉ាងណាថែរក្សាវប្បធម៌ងូតទឹករួមសម្រាប់តំបន់ និងកន្លែងនីមួយៗ” ។ Michio Ishikawa ប្រធានសមាគមតំបន់ទឹកក្តៅនៃប្រទេសជប៉ុនបាននិយាយថា “ដើម្បីឱ្យកន្លែងជ្រោះទឹកក្តៅអាចបំពេញតម្រូវការចម្រុះនាពេលសព្វថ្ងៃនេះ ដូចជាមិនបែងចែកភេទ ការដាក់ចេញកន្លែងងូតទឹកក្តៅដែលស្លៀកពាក់ក៏ជាអនុសាសន៍មួយដែរ” ។
Sacchan