នៅជប៉ុនអ្នកដែល​មានសុជីវធម៌តែង​តែ​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ តើ​មាន​​លក្ខណៈ​​សម្បត្តិ​​អ្វី​ខ្លះ?

ជប៉ុន​ជា​ប្រទេស​ដែល​គោរព​សីលធម៌ ដូច្នេះហើយ អ្នកដែលមានសុជីវធម៌​នឹងទទួលបានការស្រលាញ់រាប់អានក្នុងប្រទេសនេះ។ ក្នុងភាសាជប៉ុនមានពាក្យមួយឃ្លាថា 礼儀正しい (Reigi tadashii) បង្ហាញពីសុជីវធម៌ អាកប្បកិរិយាត្រឹមត្រូវ។ នេះជាការសរសើរដំបូងដែលមនុស្សគ្រប់គ្នាចង់ទទួលបាន ហើយក៏ជាកត្តាសំខាន់ក្នុងការវាយ​តម្លៃ​មនុស្សម្នាក់ ជា​ជាង​រូប​រាង​ខាង​ក្រៅដែរ។

យើងគ្រប់គ្នាចង់ក្លាយជាមនុស្សមានសុជីវធម៌ ប៉ុន្តែតើ “សុជីវធម៌” ជាអ្វី? ហើយប្រព្រឹត្ត​យ៉ាងណាទើបគេចាត់ទុក​ថា​មាន​​សុជីវធម៌។

ប្រសិនបើបកប្រែ Reigi ទៅជាភាសាអង់គ្លេស យើង​មាន​ពាក្យ​ស្រដៀង​គ្នា​ដូច​ជា Manners, Courtesy ឬ Etiquette ។ ប៉ុន្តែ​ប្រសិន​បើ​យើងយល់អំពី Reigi ទាំងស្រុង ន័យចំជាងគេប្រហែលពាក្យ Polite (គួរសម) ។

Reigi ជាកត្តាសំខាន់ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការងារ ប្រសិនបើអ្នកយល់ពាក្យនេះ ហើយប្រព្រឹត្តតាម អ្នកប្រាកដ​ជា​ទទួលបានការកោតសរសើរពីមនុស្សនៅជុំវិញ។

មិន​ត្រឹម​តែ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ខ្ញុំគិតថា Reigi គឺជារង្វាស់វាយតម្លៃនៅលើពិភពលោក ដូច្នេះហើយយើងគួរតែសិក្សា និងស្វែងយល់។

១. ជំរាបសួរ និងអរគុណ

នៅពេលដែលនរណា​ម្នាក់​ជួយ អ្នក​ដែល​យល់​អំពី​ភាព​គួរ​សម​នឹង​និយាយ​ថា “អរគុណ” ។

ឧទាហរណ៍ពេលបុគ្គលិកសណ្ឋាគារយកអីវ៉ាន់ឡើងបន្ទប់ឲ្យ​អ្នក អ្នកត្រូវនិយាយអរគុណពួកគេ។ ទោះដឹង​ថា​នេះ​ជា​ការ​ងារ ហើយជាអ្វីដែលពួក​គេ​ត្រូវ​ធ្វើ ប៉ុន្តែពួកគេកំពុងជួយអ្នក ដូច្នេះត្រូវអរគុណ បើអាចឲ្យ​ tip កាន់​តែ​ល្អ។ ប្រសិន​បើ​អ្នក​ជា​ពួកគេ ខ្លួនយើងជួបភ្ញៀវបែបនេះក៏សប្បាយចិត្តដែរ។

លើសពីនេះពេលទទួលបានការ​អញ្ជើញ​ទៅ​ទទួលទាន​អាហារ បន្ទាប់ពីពិធីជប់លៀង អ្នកគួរតែផ្ញើសារអរគុណទៅកាន់​ម្នាក់​នោះ។ ឧទាហរណ៍អរគុណថ្នាក់លើដែលបាននាំអ្នកទៅទទួលទានអាហារជាមួយ ទោះបីជាអ្នកមិនចង់ទៅក៏​ដោយ ប៉ុន្តែត្រូវបង្ហាញការដឹងគុណចំពោះការគិតគូរដល់អ្នក។ បន្ទាប់​ពី​ត្រឡប់​ទៅ​ផ្ទះ ឬនៅព្រឹកបន្ទាប់បើជួបអ្នក​អញ្ជើញ​នៅកន្លែងធ្វើការ គ្រាន់តែផ្ញើសារ ឬពាក្យដែលមានខ្លឹមសារ Gochisousamadeshita (អរគុណសម្រាប់អាហារ) ការ​វាយ​តម្លៃចំពោះអ្នកនឹងកើនឡើងភ្លាមៗ។

២. ប្រើពាក្យគួរសមឲ្យបានត្រឹមត្រូវ

ប្រសិនបើអ្នកជាជនបរទេស អ្នកមិនចាំបាច់ផ្តោតលើចំណុចនេះពេកទេ។ ទោះជាយ៉ាងណា ក្នុងនាមជាជនជាតិជប៉ុន ការប្រើប្រាស់ភាសាដែលបង្ហាញការគោរព បន្ទាបខ្លួនសំខាន់ណាស់។ មិនថាម្នាក់នោះអាយុតិចជាងអ្នក ប៉ុន្តែឋានៈសង្គមរបស់ពួកគេខ្ពស់ជាង អ្នកនៅតែត្រូវឆ្លើយតបឲ្យ​បានសមរម្យ។

៣. រក្សាគម្លាតដែលត្រឹមត្រូវ

នេះជាចំណុចដែលខ្ញុំគិតថាពិបាកបំផុត។

គម្លាតរវាងមនុស្ស និងមនុស្សមិនថាក្នុងជីវិតបុគ្គល ឬការងារសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើនៅជិតនរណាម្នាក់ពេកនឹងរំខានគេ ឬត្រូវចាត់ទុកថាមិនគួរសម។ ក្នុងករណីភេទខុសគ្នា បើស្និទ្ធស្នាល​ពេក​អាច​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ។ ហើយបើនៅឆ្ងាយពេក អ្នកនឹងមានការលំបាកពេល​ដែលមិន​អាចយល់​គំនិត​ពិត​របស់​ភាគី។

“ចម្ងាយ” ត្រង់ចំណុចនេះរួមទាំងគម្លាតរាងកាយ ក៏ដូចជារបៀបនិយាយទៅកាន់នរណាម្នាក់។ លើសពីនេះអ្វីដែលពិបាកអាស្រ័យលើបុគ្គលម្នាក់ៗ ចំណែកគម្លាតក៏ខុសគ្នាដែរ។

និយាយអញ្ចឹងក្រុមហ៊ុនរបស់ខ្ញុំឈ្មោះ DISTANCE ដែលមានន័យថាចម្ងាយ។ “ចម្ងាយ” របស់យើងមិនមែនជាចម្ងាយភូមិសាស្ត្ររវាងប្រទេសកម្ពុជា និង​ជប៉ុន​នោះទេ ជា “ចម្ងាយ” សមស្របដែលក្រុមហ៊ុនចង់បង្កើតជាមួយអតិថិជន និងបុគ្គលិកម្នាក់ៗ។

៤. រក្សាភាពស្ងប់ស្ងាត់

និយាយ​តាម​ត្រង់នេះ​ជា​ចំណុចដែលខ្ញុំអន់​ជាង​គេ។

“រក្សាភាពស្ងប់ស្ងាត់” មិនត្រូវអនុញ្ញាតឲ្យ​អារម្មណ៍ផ្ទាល់ខ្លួនគ្រប់គ្រង។ ទោះ​បី​ជាជួបបញ្ហា​លំបាក​ក្នុង​ការ​ងារក៏មិនត្រូវ​ភ័យ​ខ្លាច​ដែរ ត្រូវដោះស្រាយការងារនីមួយៗ។ នេះជាគំរូបុគ្គលិកដែលទទួលបានការកោតសរសើរ។

៥. គិតលើមុខតំណែង គោលជំហររបស់អ្នកដទៃ

ចំពោះអ្នករឿងមួយអាចនឹងល្អ ប៉ុន្តែសម្រាប់អ្នកដទៃមិនប្រាកដនោះទេ។

ឧទាហរណ៍ជំនឿសាសនា ប្រវត្តិសាស្រ្តបានបង្ហាញថាសង្រ្គាមសាសនាកើតឡើងម្តងហើយម្តងទៀត ដែលបណ្តាល​មក​ពីជម្លោះ​រវាង​សាសនា​ផ្សេងៗ​គ្នា។

ជំនឿរបស់អ្នក ហើយមិនអាចបង្ខំអ្នកផ្សេងបានទេ។

ស្រដៀងគ្នាដែរ ពេលធ្វើការជាមួយគ្នាក្នុងក្រុមហ៊ុនមួយ អ្នកត្រូវតែដាក់ខ្លួនឯងក្នុងតួនាទីរបស់ម្នាក់នោះហើយគិត ដូច្នេះ​ធ្វើ​ការ​សម្រេច និងសកម្មភាពសមស្រប។

ក្នុង​ជីវិត​ផ្ទាល់ខ្លួន ជម្លោះ​រវាងគូស្វាមីភរិយា​កើតឡើង​ដោយសារអ្នកទាំងពីរមិន​យោគយល់គ្នា។

ប្រសិនបើអ្នកក្លាយជាមនុស្សម្នាក់ដែលបំពេញនូវចំណុចទាំង ៥ ខាងលើ មិនថាមនុស្សប្រុស ឬស្រីនោះទេ នឹងទទួល​បាន​ការ​កោត​សរសើរ។ ប្រសិនបើមនុស្សចេះគួរសមកាន់ច្រើនឡើង ខ្ញុំជឿថាពិភពលោកក៏នឹងមានសន្តិភាព​​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: