ទំនាក់ទំនងស្នេហានៅកន្លែងធ្វើការមានទំនោរកើនឡើងដោយសារជំងឺរាតត្បាតកូវីដ ១៩
ជំងឺរាតត្បាតកូវីដ ១៩ បានកាត់បន្ថយឱកាសជួបមនុស្សម្នានៅបារ ភោជនីយដ្ឋាន និងកន្លែងសាធារណៈផ្សេងទៀត។ ឥឡូវនេះ ឱកាសស្វែងរកដៃគូជីវិតភាគច្រើនតាមរយៈបរិយាកាសការងារ ឬតាមការប្រជុំអនឡាញ។
Tameny ដែលជាក្រុមហ៊ុនជំនាញផ្តល់សេវាកម្មអាពាហ៍ពិពាហ៍ ក៏ដូចជាណែនាំគូស្រករ បានធ្វើការស្ទង់មតិមួយនៅនិទាឃរដូវឆ្នាំ ២០២១ លើយុវជន ១៦២ នាក់ដែលទើបតែទៅធ្វើការ។
លទ្ធផលបានបង្ហាញថា ៤៥,៧ % អ្នកស្ទង់មតិឆ្លើយថា “ចង់ណាត់ជួបនៅការិយាល័យ” កើន ៧,៥% បើធៀបទៅនឹងការស្ទង់មតិស្រដៀងគ្នាដែលបានធ្វើឡើងកាលពី ៤ ឆ្នាំមុន។
ហេតុផលចម្បងនៃតម្រូវការស្វែងរកស្នេហានៅកន្លែងធ្វើការអំឡុងពេលជំងឺរាតត្បាតគឺថា “គ្មានឱកាសជួបអ្នករាល់គ្នា កាត់បន្ថយហានិភ័យឆ្លងជំងឺព្រោះអាចជួបគ្នាញឹកញាប់ក្នុងក្រុមហ៊ុន និងការរឹតបន្តឹងតិចដោយសារធ្វើការពីចម្ងាយ” ។
នេះបើតាម Yoshihiro Kawana សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Rissho មានប្រសាសន៍ថា មានឱកាសច្រើនជួបដៃគូជីវិតក្នុងបរិយាកាសការងារ។
“ខ្ញុំគិតថាជំងឺរាតត្បាតកូវីដ ១៩ មានផលប៉ះពាល់យ៉ាងខ្លាំង” ។
ស្ត្រីអាយុ ២៩ ឆ្នាំម្នាក់ដែលជាបុគ្គលិកការិយាល័យ រស់នៅទីក្រុងតូក្យូបានចាប់ផ្តើមណាត់ជួបមិត្តរួមការងារប្រុសអាយុ ២៨ ឆ្នាំកាលពី ៤ ខែមុន។
ជំងឺរាតត្បាតធ្វើអោយពួកគេជួបគ្នា ពេលដែលរលកជំងឺកូវីដ ១៩ លើកទី ៥ នៅប្រទេសថយចុះកាលពីឆ្នាំមុន។ អ្នកទាំងពីរបានចែករំលែកការលំបាកក្នុងជីវិតដែលបណ្តាលមកពីជំងឺរាតត្បាត។
ក្នុងឱកាសបុណ្យចូលឆ្នាំ អ្នកទាំងពីរត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន។ បន្ទាប់មកក៏ជួបគ្នាសំណេះសំណាល និងជូនវត្ថុអនុស្សាវរីយ៍ដែលនាំមកពីស្រុកកំណើត។
គ្រប់យ៉ាងដំណើរការរលូនរហូតដល់ថ្ងៃទី ២១ ខែមករា នៅពេលដែលមិត្តប្រុសប្រាប់ថាធ្វើតេស្តវិជ្ជមាននឹងកូវីដ ១៩ ។ ពេលរាយការណ៍ករណីទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន គាត់ត្រូវបង្ខំរាយការណ៍ឈ្មោះនាង។ ដូច្នេះក្រុមហ៊ុនទាំងមូលដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរ។
ទោះបីជាទំនាក់ទំនងរបស់ពួកគេត្រូវប្រកាសជាសាធារណៈ ប៉ុន្តែជាក់ស្តែងជំងឺរាតត្បាតហាក់ដូចជាមានឥទ្ធិពលវិជ្ជមានផងដែរ ដោយផ្លាស់ប្តូរទស្សនៈរក្សាអាថ៌កំបាំង។
យោងតាមការស្ទង់មតិរបស់ Tamany កាលពី ៤ ឆ្នាំមុន មនុស្សចំនួន ៤១,៣% ដែលត្រូវបានស្ទង់មតិបាននិយាយថា ទំនាក់ទំនងស្នេហានៅកន្លែងធ្វើការគួរតែរក្សាការសម្ងាត់។ ទោះជាយ៉ាងណាចំនួននេះធ្លាក់ចុះមកត្រឹម ១៦,១% ។
កាលពីខែឧសភា ឆ្នាំ ២០២១ លោក Yushun Kido អាយុ ២៩ ឆ្នាំបានប្រកាសទំនាក់ទំនងរបស់គាត់ជាមួយមិត្តរួមការងារ។ ពួកគេស្រលាញ់គ្នាប្រហែលមួយឆ្នាំកន្លះ ហើយសម្រេចចិត្តរៀបការ។
លោក Yushun Kido បានបន្ថែមថា “យើងកាន់តែស្និតស្នាលគ្នា ពេលដែលយើងចំណាយពេលកាន់តែច្រើននៅផ្ទះ” ។
លោក Kido និយាយថា៖ “ប្រកាសទំនាក់ទំនងងាយក្នុងការធ្វើការជាជាងលាក់បាំង (ក្រុមហ៊ុន)” ។
ក្រុមហ៊ុនជប៉ុនតែងតែមានបទប្បញ្ញត្តិច្បាស់លាស់ទាក់ទងនឹងបញ្ហាបំពាន និងទំនាក់ទំនងក្នុងបរិយាកាសការងារ។ សូម្បីតែទំនាក់ទំនងដែលមានការព្រមព្រៀងគ្នាក៏ដោយ នៅតែមានបញ្ហាអាចកើតឡើង ប្រសិនបើអ្នកទាំងពីរមានអាយុខុសគ្នាខ្លាំង ឬពាក់ព័ន្ធថ្នាក់លើ និងថ្នាក់ក្រោម។
សាស្ត្រាចារ្យ Kawana បាននិយាយថា៖ “ទំនាក់ទំនងសេ្នហាក្នុងការិយាល័យតែងតែត្រូវលាក់បាំង ដោយសារតែអាចនឹងត្រូវអ្នកដទៃរិះគន់។ តាមពិតទំនាក់ទំនងទាំងនេះនៅតែអាចរក្សាសម្ងាត់រហូតដល់ជំងឺរាតត្បាតកូវីដ ១៩ ចាប់ផ្តើម” ។
DYM ដែលជាក្រុមហ៊ុនសេវាកម្មធនធានមនុស្ស បានចាប់ផ្តើមលើកទឹកចិត្តទំនាក់ទំនងក្នុងការិយាល័យតាំងពីឆ្នាំ ២០១១ ។
ប្រសិនបើគូស្វាមីភរិយាប្រកាសទំនាក់ទំនងរបស់ពួកគេនៅកន្លែងធ្វើការទៅកាន់ក្រុមហ៊ុន DYM ពួកគេនឹងទទួលបាន ៣ ម៉ឺនយ៉េន។
ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ មានគូស្នេហ៍ចំនួន ១៣ គូបានប្រកាសប្រាប់ក្រុមហ៊ុន រួមទាំងករណីលោក Yushun Kido ខាងលើផងដែរ។
Yuki