រូបសំណាកព្រះម៉ែ Guanyin ដែលមានប្រវត្តិ ៤០ ឆ្នាំត្រូវរុះរើ
កោះ Awaji ស្ថិតនៅខេត្ត Hyogo ។
យន្តហោះជាច្រើនដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Kansai នឹងហោះកាត់កោះនេះ។ ប្រសិនបើអ្នកអង្គុយលើយន្តហោះបែបនេះ អ្នកនឹងអាចមើលឃើញរូបសំណាកដ៏អស្ចារ្យរបស់ព្រះម៉ែ Guanyin នៅលើទីខ្ពស់។
ជាមួយនឹងកម្ពស់សរុបជាង ១០០ ម៉ែត្រ រូបសំណាកព្រះម៉ែ Guanyin ខ្ពស់ជាងកម្ពស់រូបសំណាកសេរីភាពនៅទីក្រុង NewYork ហើយបានក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោកខណៈពេលសាងសង់។ ដោយគួរឱ្យភ្ញាក់ផ្អើល ម្ចាស់គម្រោងរូបសំណាកព្រះម៉ែ Guanyin នេះជាមនុស្សធម្មតាម្នាក់។ ស្រុកកំណើតរបស់ម្នាក់នេះនៅកោះ Awaji គាត់ប្រកបអាជីវកម្មអចលនទ្រព្យ ហើយប្រើថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់រូបសំណាកនេះក្នុងឆ្នាំ ១៩៨២ ។
រូបសំណាកនេះត្រូវបានសាងសង់ឡើងដើម្បីបួងសួងសុំសន្តិភាពពិភពលោក ក៏ដូចជាកប៉ាល់ដែលចេញដំណើរពីឈូងសមុទ្រ Osaka ផុតគ្រោះថ្នាក់។ នៅខាងក្នុងរូបសំណាកជាកន្លែងសង្កេតការណ៍ អ្នកអាចឡើងទៅដល់ករូបសំណាកដោយជណ្តើរយន្ត។ ក្រៅពីនេះផ្នែកជើងទម្ររូបសំណាកមានភោជនីយដ្ឋាន និងសារមន្ទីរសិល្បៈ។ នៅថ្ងៃបុណ្យជាតិកន្លែងនេះទទួលភ្ញៀវមកទស្សនាជាង ៤០០០ នាក់។
ក្រោយមកទាំងម្ចាស់ និងអ្នកស្នងមរតកសុទ្ធតែទទួលមរណភាព គម្រោងទាំងមូលត្រូវបោះបង់ចោល ក្លាយទៅជាកន្លែងបាក់បែក។ នៅទីនេះមានករណីធ្វើអត្តឃាតលោតពីលើកន្លែងសង្កេតការណ៍ចុះមកក្រោម។
ជាងនេះទៅទៀត ស្រទាប់ខាងក្រៅរូបសំណាករបកចេញដោយសារតែសំណង់កាន់តែយ៉ាប់យ៉ឺន ហើយប្រជាជនចាប់ផ្ដើមភ័យស្លន់ស្លោចំពោះការបាក់រលំរបស់រូបសំណាកមិនយូរមិនឆាប់។
នៅទីបំផុតការរុះរើរូបសំណាកនេះត្រូវបានសម្រេច ជាមួយនឹងប្រាក់ពន្ធ ៨០០ លានយ៉េនរបស់ប្រជាជន។
មើលទៅដូចរូបសំណាកកំពុងដណ្តប់ភួយដ៏ធំ។
រូបសំណាកព្រះម៉ែ Guanyin ត្រូវបានសាងសង់ឡើងដើម្បីបួងសួងសុំសន្តិភាពពិភពលោក ប៉ុន្តែក្រោយរយៈពេល ៤០ ឆ្នាំ ទេវតាក៏ត្រូវកោះហៅត្រឡប់ទៅឋានសួគ៌វិញ។ សង្ឃឹមថាព្រះម៉ែ Guanyin នៅតែបន្តឃ្លាំមើលមនុស្សជាតិពីលើទីខ្ពស់។
Kengo Abe