នៅប្រទេសជប៉ុនតើការងារអ្វីខ្លះទាមទារថែមម៉ោងច្រើនជាងគេ?

ជាមួយនឹងការងារច្រើននៅជប៉ុន សំណួរដែលត្រូវលើកឡើងមិនមែនថែមម៉ោងអត់ទេ ប៉ុន្តែតើអ្នកត្រូវថែមម៉ោងប៉ុន្មាន?

គេហទំព័រជ្រើសរើសការងារ Doda របស់ជប៉ុនបានធ្វើការស្ទង់មតិមនុស្ស ១៥,០០០ នាក់ក្នុងចំណោម ៩០​ មុខរបរផ្សេងៗគ្នា ដើម្បីរកឃើញអាជីពមួយណាត្រូវធ្វើការថែមម៉ោងច្រើនជាងគេ និងតិចបំផុត។

អាយុអ្នកចូលរួមការស្ទង់មតិចាប់ពី ២០ ទៅ ៥៩ ឆ្នាំ ជាមធ្យមពួកគេធ្វើការ ២០,៨ ម៉ោងក្នុងមួយខែ។ ទោះបីជាតួលេខនេះគ្រាន់តែធ្វើថែម ១ ម៉ោងក្នុងមួយថ្ងៃ (ប្រសិនបើក្នុងមួយខែធ្វើការ ២០ ថ្ងៃ) ប៉ុន្តែម្នាក់ក្នុងចំណោម ៥ នាក់ (២០,១%) អ្នកចូលរួមការស្ទង់មតិបាននិយាយថាពួកគេធ្វើការថែមច្រើនជាង ៤០ ម៉ោងក្នុងមួយ​ខែ (មាន​ន័យ​ថា​ថែម​ម៉ោងពេញមួយសប្តាហ៍សម្រាប់ការងារដែលធ្វើក្នុងម៉ោងធ្វើការ) និងប្រហែល ៥,៥% អ្នក​ចូល​រួម​បាន​និយាយថាពួកគេធ្វើថែម ៦០ ម៉ោងក្នុងមួយខែ។

បើ​អ្នក​មិន​ចូល​ចិត្ត​ធ្វើ​ការ​ថែម​ម៉ោង តើអ្នកគួរជ្រើសរើសការងារមួយណា?

យោងទៅតាមការស្ទង់មតិរបស់ក្រុមហ៊ុន Doda ការងារដែលអ្នកចូលរួមស្ទង់មតិត្រូវធ្វើយ៉ាងហោចណាស់រាល់​ខែ​គឺ៖

១. លេខា/អ្នកទទួលភ្ញៀវ៖ ១០,៥ ម៉ោង។

២. ជំនួយការការិយាល័យពេទ្យ៖ ១០,៥ ម៉ោង។

៣. ជំនួយការការិយាល័យអាជីវកម្ម៖ ១១,១ ម៉ោង។

៤. ភ្នាក់ងារលក់ក្នុងវិស័យហិរញ្ញវត្ថុ៖ ១១,៤ ម៉ោង។

៥. ការិយាល័យទូទៅ៖ ១១,៨ ម៉ោង។

អ្នកនឹងសម្គាល់ឃើញថាពាក្យ “ជំនួយការ” ត្រូវបានលើកឡើងច្រើនក្នុងបញ្ជីខាងលើ។ ក្នុងចំណោមការងារទាំង ១០ ដែល​មាន​រយៈ​ពេល​ថែមម៉ោងតិចបំផុត មានរហូតដល់ ៧ ការងារទាក់ទងនឹងវិជ្ជាជីវៈជំនួយការ។

ចំណាត់ថ្នាក់លេខ ១៣ មានដូចជាអ្នកបកប្រែ មេចុងភៅ អ្នករត់តុ (១៤,៤ ម៉ោង) អ្នកជំនាញកែសម្ផស្ស រួមទាំងអ្នករចនាម៉ូដ បុគ្គលិកម៉ាស្សា (១៦,១ ម៉ោង) ។

ផ្ទុយនឹងបញ្ជីខាងលើ ការស្ទង់មតិរបស់ Doda ក៏បង្ហាញពីមុខរបរត្រូវធ្វើការថែមម៉ោងច្រើនបំផុតផងដែរ៖

១. គ្រប់គ្រងសំណង់៖ ៣៨,៣ ម៉ោង។

២. បោះពុម្ពផ្សាយ ផ្សាយពាណិជ្ជកម្ម គេហទំព័រ ផលិតវីដេអូ អ្នកដឹកនាំរឿង អ្នករៀបចំផែនការ៖ ៣២,៥ ម៉ោង។

៣. គ្រប់គ្រងសំណង់នៅការដ្ឋាន៖ ៣១,៨ ម៉ោង។

៤. រចនាស្ថាបត្យកម្ម ២៩,៨ ម៉ោង។

៥. សម្របសម្រួលបុគ្គលិក៖ ២៩,២ ម៉ោង។

ចំណាត់ថ្នាក់លេខ ១៦ និង ១៧ ជាអ្នកប្រឹក្សាផ្នែកព័ត៌មានវិទ្យា (២៦,១ ម៉ោង) អ្នកផលិតវីដេអូហ្គេម (២៥,៨ ម៉ោង) ក៏ស្ថិតក្នុងចំណោមការងារដែលមានរយៈពេលថែមម៉ោងច្រើនបំផុតផងដែរ។

ការស្ទង់មតិក៏បង្ហាញថាយុវជនធ្វើការថែមម៉ោងតិចជាងមនុស្សចាស់ ជាមួយនឹងរយៈពេលថែមម៉ោងខ្ពស់​គឺ​​កម្មករ​​វ័យ ៤០ ឆ្នាំ។ ចំណុចនេះឆ្លុះបញ្ចាំងអ្នកគ្រប់គ្រងតែងតែធ្វើការថែមម៉ោងច្រើនជាងយុវជនដែលទើបនឹងចូល។

ចំនួនម៉ោងបន្ថែមជាមធ្យមក្នុងមួយខែ (តាមអាយុ)

  • អាយុចន្លោះពី ២០ ទៅ ២៩ ឆ្នាំ៖ ១៦,៨ ម៉ោង។
  • អាយុចន្លោះពី ៣០ ទៅ ៣៩ ឆ្នាំ៖ ២១,៧ ម៉ោង។
  • អាយុចន្លោះពី ៤០ ទៅ ៤៩ ឆ្នាំ៖ ២២,២ ម៉ោង។
  • អាយុចន្លោះពី ៥០ ទៅ ៥៩ ឆ្នាំ៖ ២០,៨ ម៉ោង។

នៅប្រទេសជប៉ុនចំនួនអ្នកគ្រប់គ្រងបុរសច្រើនជាងស្ត្រី ជាកត្តាដែលនាំឱ្យបុរសធ្វើការថែមម៉ោងច្រើនជាងស្ត្រី យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ។

ចំនួនម៉ោងបន្ថែមជាមធ្យមក្នុងមួយខែ (តាមភេទ)

  • បុរសអាយុ ២០-២៩ ឆ្នាំ៖ ១៨,៤ ម៉ោង។
  • ស្រ្តីអាយុ ២០-២៩ ឆ្នាំ៖ ១៥,១ ម៉ោង។
  • បុរសអាយុ ៣០-៣៩ ឆ្នាំ៖ ២៤,៣ ម៉ោង។
  • ស្ត្រីអាយុ ៣០-៣៩ ឆ្នាំ៖ ១៥,៤ ម៉ោង។
  • បុរសអាយុ ៤០-៤៩ ឆ្នាំ៖ ២៤,៧ ម៉ោង។
  • ស្ត្រីអាយុ ៤០-៤៩ ឆ្នាំ៖ ១៦ ម៉ោង។
  • បុរសអាយុ ៥០-៥៩ ឆ្នាំ៖ ២២,៣ ម៉ោង។
  • ស្ត្រីអាយុ ៥០-៥៩ ឆ្នាំ៖ ១៦ ម៉ោង។

បើប្រៀបនឹងការស្ទង់មតិរបស់ Doda មួយឆ្នាំមុន លទ្ធផលឆ្នាំ ២០២១ បង្ហាញថាប្រហែលមួយភាគបួន (២៤%) អ្នកឆ្លើយតបការស្ទង់មតិបាន​និយាយ​ថា​ពួកគេធ្វើការ ៥ ម៉ោងឬតិចជាងនេះក្នុងមួយខែ ហើយកម្រិតជាមធ្យមក្នុងចំណោម​ការ​ងារ​ទាំង ២០ មានរយៈពេលថែមម៉ោងតិចបំផុតគឺ ១៣,៥ ម៉ោងក្នុងមួយខែ ថយចុះ ១,១ ធៀបនឹងឆ្នាំ ២០២០ ។

ដូច្នេះហើយអ្នកអាចស្វែងរកការងារដែលមិនចាំបាច់ថែមម៉ោងច្រើន ប៉ុន្តែ​ត្រូវ​កត់សម្គាល់ពិភាក្សាបញ្ហានេះ​ក្នុង​បទ​សម្ភាសន៍។ ទន្ទឹមនឹងនេះត្រូវប្រាកដ​ថា​តើ​អ្នក​នឹងទទួលបានប្រាក់ខែសមស្រប ប្រសិនបើក្រុមហ៊ុនបង្ខំអ្នកឱ្យធ្វើ​ការ​ថែម​ម៉ោង។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: