គំនិតចាស់គំរិលរបស់មនុស្សមួយចំនួនដែលចាប់កំហុសរបៀបស្លៀក Kimono
សម្លៀកបំពាក់បែបប្រពៃណីជប៉ុនគឺ Kimono ដែលរចនាឡើងយ៉ាងស្រស់ស្អាត និងពិសេសពីគេ ហើយល្បីលើឆាកអន្តរជាតិផងដែរ។ យ៉ាងណាមិញ Kimono ស្លៀកក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជាពិធីពេញវ័យ ឬរៀបមង្គលការ។
កាលពីមុនប្រជាជនជប៉ុនស្លៀក Kimono ដូចជាសម្លៀកបំពាក់ប្រចាំថ្ងៃ ប៉ុន្តែចាប់តាំងពីពេលនាំចូលសម្លៀកបំពាក់លោកខាងលិច រចនាប័ទ្មរបស់ប្រជាជនជប៉ុនក៏ផ្លាស់ប្តូរបន្តិចម្តងៗ។
ទោះជាយ៉ាងណា មានមូលហេតុមួយឆ្ពោះទៅរកបាតុភូត “ប៉ូលិស Kimono” ។
“ប៉ូលិស Kimono” សំដៅទៅលើអ្នកមីងដែលរំខានចូលចិត្តចាប់កំហុសអ្នកស្លៀក Kimono ។ សរុបទៅពួកគាត់ជាអ្នកស្រលាញ់សម្លៀកបំពាក់បែបប្រពៃណីជប៉ុន មានចំណេះដឹងស៊ីជម្រៅអំពី Kimono ប៉ុន្តែពួកគាត់បង្កើតរនាំងធ្វើឲ្យវប្បធម៌ Kimono ធ្លាក់ចុះ។
តើ “ប៉ូលិស Kimono” នេះបានធ្វើអ្វីខ្លះ?
និយាយ…និយាយ… ហើយនិយាយ…
យុវវ័យដែលមិនធ្លាប់ ឬមិនអាចស្លៀក Kimono ដោយខ្លួនឯងបាន។ នៅជប៉ុនមានសេវាកម្មមួយឈ្មោះថា Kitsuke ប្រែថាជំនួយស្លៀក Kimono ។ សូម្បីតែសាកសួរសេវាកម្មក៏យុវវ័យទាំងនេះមិនអាចប្រាកដថាស្លៀក Kimono តាមស្តង់ដារដែរ។
ទាំងការចង Obi (ខ្សែក្រវ៉ាត់ចង្កេះ Kimono) មានច្រើនរបៀប ដូច្នេះអាចចងតាមការច្នៃប្រឌិត។
ទោះជាយ៉ាងនេះក្តី “ប៉ូលិស Kimono” គ្រាន់តែមើលឃើញចំណុចមិនត្រូវនឹងនិយាយថា៖
“ណ៎ែក្មួយ របៀបស្លៀក Kimono របស់ក្មួយរាងចម្លែកបន្តិច” ឬ “ក្មេងៗសម័យនេះពិតជាមិនដឹងពីរបៀបស្លៀក Kimono ទេ” ។
“ប៉ូលិស Kimono” មួយចំនួនរហូតដល់ថ្នាក់អូសអ្នកចូលបន្ទប់ទឹក ហើយស្រាយ Obi របស់អ្នកចេញ។ ទោះដឹងថាគាត់គ្រាន់តែចង់ជួយចង Obi ប៉ុន្តែមកពីណាអ្នកមីងម្នាក់ដែលមិនស្គាល់ សុំដោះ Obi របស់អ្នក ចម្លែកណាស់មែនទេ?
អ្នកខ្លះថែមទាំងស្ទាបគូទអ្នកដទៃទៀត…
មានមនុស្សម្នាក់ស្លៀក Kimono ដើរលេងក្នុងហាងទំនិញ ស្រាប់តែមានអ្នកមីងម្នាក់មកនិយាយថា “Obi មើលទៅចម្លែកបន្តិច” ហើយស្ទាបគូទ។ ប្រហែលគាត់គ្រាន់តែចង់កែ Obi ប៉ុណ្ណោះ ប៉ុន្តែស្រាប់តែមានអ្នកមកប៉ះកន្លែងសំខាន់ មនុស្សគ្រប់គ្នាប្រាកដជាមានអារម្មណ៍មិនស្រួល។
ខ្ញុំយល់ ព្រោះតែស្រលាញ់ Kimono ទើបពួកគាត់ធ្វើបែបនេះ ប៉ុន្តែ Kimono ទោះបីជាសម្លៀកបំពាក់ប្រពៃណី ក៏មានការប្រែប្រួលទៅតាមសម័យកាលដែរ។ កាលពីមុន Kimono មិនស្អាតដូចសព្វថ្ងៃទេ ទាំងសាច់ក្រណាត់ និងរបៀបស្លៀក រួមទាំងរបៀបចង Obi ក៏ផ្លាស់ប្តូរច្រើនដែរ។ នៅពេលដែលរបៀបរស់នៅផ្លាស់ប្តូរ រចនាប័ទ្មក៏ត្រូវតែផ្លាស់ប្តូរផងដែរ។
ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងគំនិត “ច្នៃប្រឌិត” Kimono ក៏ដូចជាការផ្លាស់ប្តូររបៀបស្លៀក Kimono យ៉ាងណាឲ្យសមនឹងសម័យកាល។ ជាការពិតណាស់ អ្នកដែលចង់រក្សារចនាប័ទ្មបុរាណក៏មានហេតុផលរបស់ពួកគេដែរ។ ហើយអ្នកដែលចង់បង្កើតវប្បធម៌ថ្មីគ្រាន់តែចង់ឲ្យប្រសើរឡើង។
ដោយទទួលយកការផ្លាស់ប្តូរថ្មី ប៉ុន្តែយល់ពីតម្លៃប្រពៃណី នោះហើយជាវិធីថែរក្សាវប្បធម៌។ ការបង្ខំតែម្ខាងក៏ជាទង្វើបំផ្លាញវប្បធម៌ Kimono ដែរ។ សង្ឃឹមថា “ប៉ូលិស Kimono” អាចយល់ពីរឿងនេះ។
Abe Kengo