ការព្យាបាលបញ្ហាពិបាកមានកូននឹងត្រូវបានធានារ៉ាប់រងសុខភាព​សាធារណៈ​ជប៉ុនទូទាត់ចាប់ពីខែមេសា

ការព្យាបាលបញ្ហាពិបាកមានកូននឹងទទួលបានប្រព័ន្ធធានារ៉ាប់រងសុខភាពសាធារណៈជប៉ុនទូទាត់ចាប់ពីខែមេសា នេះបើយោងទៅតាម Mainichi Shimbun ។

វិធីសាស្រ្តព្យាបាលរួមមានការបង្កាត់សិប្បនិម្មិត បូមមេជីវិតឈ្មោលចូលទៅក្នុងស្បូនអំឡុងពេលបញ្ចេញអូវុល និងការបង្កកំណើតក្នុង Vitro ដោយអូវុលអាចបង្កកំណើតជាមួយមេជីវិតឈ្មោលនៅមន្ទីរពិសោធន៍។

រូបភាពអគារក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុននៅទីក្រុងតូក្យូ។

ទោះជាយ៉ាងណារដ្ឋាភិបាលជប៉ុននឹងច្រានចោលការវិភាគក្រូម៉ូសូមមុនពេលដាក់បញ្ចូល ឬពិនិត្យអំប្រ៊ីយ៉ុងដែលមាន​ភាព​មិន​ប្រក្រតីនៃហ្សែន បន្ទាប់ពីបង្កកំណើតក្នុង Vitro និងមុនពេលដាក់បញ្ចូលទៅក្នុងស្បូនរបស់ស្ត្រី។

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានដាក់សំណើកែប្រែការចំណាយថែទាំសុខភាព រួមទាំងការព្យាបាល​បញ្ហាមានកូនដែលត្រូវបានធានារ៉ាប់រងទូទាត់អោយក្រុមប្រឹក្សាធានារ៉ាប់រងសុខភាពកណ្តាល ទីភ្នាក់ងារប្រឹក្សា​យោបល់​ថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី ២៦ ខែមករា។

លើកលែងតែករណីប្រើថ្នាំរំញោចការបញ្ចេញអូវុល ចំណែកវិធីសាស្រ្តព្យាបាលបញ្ហាពិបាកមានកូនផ្សេងទៀតបច្ចុប្បន្នមិនត្រូវបានធានារ៉ាប់រងសុខភាពសាធារណៈទូទាត់ឡើយ មាន​ន័យ​ថា​អ្នក​ដែល​ចង់​មាន​កូន​ត្រូវ​បង់​ថ្លៃ ១០០% សម្រាប់ដំណើរការព្យាបាល។ ការទទួលយកសំណើនេះនឹងកាត់បន្ថយការចំណាយសរុបចំនួន ៣០% ។

ការប្រើប្រាស់បច្ចេកវិទ្យាបន្តពូជផ្សេងទៀតរួមមានបូមមេជីវិតឈ្មោលចូលទៅក្នុងសុីតូប្លាស បូមមេជីវិតឈ្មោលដោយផ្ទាល់ទៅក្នុងអូវុលក្រោមមីក្រូទស្សន៍ យកអូវុលក្នុងដំណាក់កាលដំបូង ទាញយកមេជីវិតឈ្មោល បង្កាត់ និងផ្ទេរ​អំប្រ៊ីយ៉ុង ក៏ដូចជាការបង្កក និងរក្សាទុកអំប្រ៊ីយ៉ុងសម្រាប់ប្រើនៅពេលក្រោយ។

អ្នកដែលមានអាយុក្រោម ៤៣ ឆ្នាំនៅពេលចាប់ផ្តើមព្យាបាលគ្រប់លក្ខខណ្ឌមានសិទ្ធិទទួលបានធានារ៉ាប់រងសាធារណៈ​ទូទាត់​យ៉ាង​ច្រើន ៦ ដង។

ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុននឹងបង្កើត “ថ្លៃគ្រប់គ្រងការព្យាបាលមានកូនទូទៅ” សម្រាប់ការបង្កាត់សិប្បនិម្មិត និងការព្យាបាលផ្សេងទៀត ព្រមទាំង “តម្លៃគ្រប់គ្រងបច្ចេកវិទ្យាជំនួយបន្តពូជ” ដើម្បីធ្វើការព្យាបាលកម្រិត​ខ្ពស់​បន្ថែម​ទៀត រួមមាន IVF និងការបូមបញ្ចូលមេជីវិតឈ្មោលទៅក្នុងសុីតូប្លាស។

ដោយសារការព្យាបាលបញ្ហាពិបាកមានកូនតម្រូវឱ្យតាមដានជាប្រចាំ ដូច្នេះ​ត្រូវ​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះថ្លៃ​ឧបត្ថម្ភ។ គម្រោងថ្លៃសេវានឹងត្រូវបានពិនិត្យរៀងរាល់ ៦ ខែម្តងពេលចាំបាច់ ដោយមានការយល់ព្រម​ពី​គូស្វាមី​ភរិយា។

ក្រសួងសុខាភិបាលក៏នឹងពិចារណាលើជំនួយផ្លូវចិត្ត និងសង្គមសម្រាប់អ្នកជំងឺដែលប្រើការព្យាបាលដោយបច្ចេក​វិទ្យា​ជំនួយ​បន្ត​ពូជ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: