រឿងម្ចាស់បំណុលពិការភ្នែកនៅសម័យអេដូ

កំឡុងសម័យអេដូ (១៦០៣-១៨៦៨) ប្រសិនបើមិនមែនសាមូរ៉ៃ កសិករ សិប្បករ ពាណិជ្ជករ ឬគ្រូ អ្នកមិនត្រូវគេចាត់​ទុក​ជា “ជនជាតិជប៉ុន” ឡើយ។ ភាគច្រើនអ្នកដែលមិនរាប់ក្នុងវណ្ណៈសង្គមខាងលើត្រូវចាត់ទុកជាប្រភេទ “hinin” មានន័យថា “មិនមែនមនុស្ស” ។

វណ្ណៈដែលត្រូវគេបោះបង់មានដូចជាមនុស្សតែលតោល អ្នកសុំទាន អ្នកយាមទ្វារ អ្នកធ្វើការងារកំសាន្ត និងជនពិការ ដោយមានករណីលើកលែងតែ​មួយ​គត់​គឺជនពិការភ្នែកជា “ម្ចាស់បំណុលរបស់សាមូរ៉ៃ” ។

ចាប់ផ្តើមអាជីពជាអ្នកលេងភ្លេង

ជាយូរមកហើយជនពិការភ្នែកមានតួនាទីពិសេសក្នុង​សង្គម​ជប៉ុន។ ត្រលប់ទៅសតវត្សទី ១៤ នៅពេលដែលរឿងរ៉ាវរបស់ Heike រៀបរាប់លើកដំបូង។ ជារឿងវីរភាពនិយាយពីសង្រ្គាម Genpei រវាងត្រកូល Taira និង Minamoto ដែល​ជា​រឿយៗ​ត្រូវបានរៀបរាប់ក្រោមតន្រ្តី Biwa (ប្រភេទពិណជប៉ុន) ។

អ្នកនិទានរឿងធ្វើដំណើរទាំងនេះគេហៅថា “Heike Zato” ។ ពួកគេជាសិល្បករពិការភ្នែកដែលត្រូវយល់ស្របដោយរដ្ឋាភិបាល អនុញ្ញាតឲ្យសម្តែងផ្តាច់មុខ និងជាសាធារណៈ។ ជាទូទៅពួកគេលេងឧបករណ៍ភ្លេង Biwa ឬ Shamisen ។

ពួកគេទទួលឧបត្ថម្ភដោយសមាគមពិការភ្នែក Todoza ជាទូទៅប្រទេសលោកខាងលិចហៅថា “សមាគមជនពិការភ្នែក” ។ ដើម្បីចូលរួមសមាគម សមាជិកត្រូវបង់ថ្លៃសេវាដើម្បីទទួលបានការឧបត្ថម្ភ និងទទួលបានឯកសិទ្ធិ ដូចជាសិទ្ធិក្នុងការសម្តែង “រឿងនិយាយពី Heike” ។

ដើមឡើយ រដ្ឋាភិបាលអនុម័តនេះជាទម្រង់សុខុមាលភាព ដូច្នេះ​ជនពិការ​ភ្នែកជប៉ុនមានមធ្យោបាយសម្រាប់ផ្គត់ផ្គង់ខ្លួនឯង។ សមាគម និងសមាជិកនឹងរកឃើញប្រភពចំណូលផ្សេងទៀត។ ពួកគេកាន់កាប់ផ្តាច់មុខក្នុងអាជីពដូច​ជា​ម៉ាស្សា ចាក់ម្ជុលវេជ្ជសាស្ត្រ និងសម្តែងឧបករណ៍ភ្លេងខុសៗគ្នា។

ក្លាយជា “ម្ចាស់បំណុល”

ជាក់ស្តែងសមាជិកសមាគមពិការភ្នែក Todoza ត្រូវបានអនុញ្ញាតឲ្យក្លាយជាម្ចាស់បំណុល ជារឿងគួរអោយភ្ញាក់ផ្អើលបំផុតនៅសម័យ Edo ។ ជប៉ុននៅតែជាសង្គមសក្តិភូមិ ហើយគោរពតាមប្រព័ន្ធបែងចែកវណ្ណៈ ទោះជាយ៉ាង​ណា ​កំពុង​ទទួល​យក​របៀបប្រតិបត្តិការសង្គមមូលធននិយមបន្តិចម្តងៗ។

ការផ្តល់ប្រាក់កម្ចីបានក្លាយទៅជាអាជីវកម្មដ៏ធំមួយ ប៉ុន្តែសម្រាប់ថ្នាក់ពាណិជ្ជករដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ។ វណ្ណៈ “Hinin” គ្មាន​លក្ខណៈ​គ្រប់គ្រាន់ក្នុង​ការ​អោយអ្នកដទៃខ្ចីប្រាក់ឡើយ។

ទោះជាយ៉ាងណាជន ពិការភ្នែកសម្តែងតាមផ្លូវបែរជាត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មផ្តល់ប្រាក់កម្ចី។

តាំងពីពេលដឹងក្តីមក Heike Zato ចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយគ្រួសាររាជវង្ស និងត្រកូលមានអំណាចផ្សេង​ទៀត។ ដំបូងពួកគេបានទទួលការឧបត្ថម្ភពីត្រកូល Minamoto ដែលជាតួអង្គសំខាន់ក្នុង “រឿង Heike” ។

សមាគម Todoza ក៏មានប្រជាប្រិយភាពដោយសារតំណាលរឿងជនពិការភ្នែកលេង Biwa ដែលចាត់ទុកជាលើកដំបូងទទួលបានការណែនាំឧបករណ៍​ភ្លេង​ដោយ​ព្រះអង្គម្ចាស់ពិការភ្នែកក្នុងសតវត្សទី ៩ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ សមាគម Todoza ភ្ជាប់ទំនាក់ទំនងជាមួយត្រកូលមានអំណាច Koga ដូច្នេះបានជាជនពិការភ្នែកត្រូវបាន​លើក​លែង​បទ​បញ្ជារាជវង្សមួយចំនួន។

អំឡុងសម័យអេដូ មេទ័ពនៃត្រកូល Tokugawa គ្រប់គ្រង​ប្រទេស​ជប៉ុន។ សរុបទៅពួកគេនៅតែគោរពតាមព្រះចៅអធិរាជ។ ដោយផ្អែកលើទំនាក់ទំនងជាមួយរាជការដែលមានអំណាចជាង Bakufu Tokugawa សមាគម Todoza ត្រូវ​ចាត់ទុក​ក្នុង​វណ្ណៈ​ពិសេស។

ជាទូទៅមន្ត្រីសម័យអេដូតែងត្រួតពិនិត្យវិវាទនៅក្នុងទីក្រុង ជាពិសេសទាក់ទងនឹងបញ្ហាប្រាក់ ដូចជាប្រាក់កម្ចីមិនទាន់សង។ ទោះជាយ៉ាងណា នៅសម័យនោះ Edo ជាទីក្រុងមួយក្នុងចំណោមទីក្រុង​រីក​ចម្រើន​បំផុត​លើ​ពិភព​លោក ហើយ​ពេល​ខ្លះ​ប្រព័ន្ធ​តុលាការលើសបន្ទុក។

ដូច្នេះពេលខ្លះតុលាការ​អនុញ្ញាត​ឲ្យ​ម្ចាស់​បំណុល និង​អ្នក​ខ្ចី​ដោះស្រាយ​វិវាទជាមួយគ្នា។ ចំណុចពិសេសគឺថាតុលាការមានការលើកលែងទោសបំណុល មានន័យថាប្រសិនបើសាមូរ៉ៃជំពាក់ប្រាក់ឈ្មួញម្នាក់ច្រើនពេក សាមូរ៉ៃអាច​លុប​បំណុល។ នេះ​ជា​ចំណុច​គួរ​ឲ្យចាប់អារម្មណ៍។

ទោះជាយ៉ាងណា មិនមានវិធីរួចបំណុលសមាជិក Todoza នោះទេ។ ប្រសិនបើអ្នកមិនអាចសងបំណុល សមាជិកសមាគម​នឹង​ឈរពីមុខផ្ទះរបស់អ្នក ហើយប្រើពាក្យប្រមាថធ្វើអោយប៉ះពាល់ដល់ស្មារតីរបស់អ្នក។

កិត្តិយសសំខាន់ក្នុងសង្គមជប៉ុនមិនថានៅសម័យណាក៏ដោយ ដូច្នេះប្រើមធ្យោបាយ “ប្រមាថ” ច្រើនតែមានប្រសិទ្ធ​ភាព និងជួយឲ្យសមាគម Todoza រកប្រាក់បានច្រើន។

ម្ចាស់បំណុលពិការភ្នែកត្រូវគេស្អប់ខ្ពើម

យូរៗទៅសមាគមពិការភ្នែក Todoza រកបានប្រាក់ច្រើន ក្លាយជាអ្នកមានក្នុងសង្គមអេដូ។ គួរអោយស្តាយសង្គម​អេដូ​នៅ​តែ​គោរព​វណ្ណៈ ដោយសារមូលហេតុ​នេះធ្វើ​ឱ្យរាជការបញ្ជាឲ្យ​បង្ក្រាប​អ្នក​ដែល​ក្រោក​ឈរ​ប្រឆាំង​នឹង​សាមូរ៉ៃ។

សមាគមជនពិការភ្នែក Todoza ក៏ធ្លាប់ត្រូវចោទប្រកាន់ពីបទបង្ខូចកិត្តិយសសាមូរ៉ៃ ព្រោះគាត់ជំពាក់បំណុលសមាគម​រួច​រត់​គេចខ្លួនចេញពីទីក្រុង។ ក្នុងពេលជាមួយគ្នានេះ នៅអេដូចាប់ផ្តើមឃើញអត្ថបទជាច្រើននិយាយពី “វេជ្ជសាស្ត្រ” ដែលបង្ហាញថាភាពពិការភ្នែកបណ្តាលមកពីទង្វើគ្មានសីលធម៌។

នៅចុងសតវត្សទី ១៨ សមាជិកសមាគមពិការភ្នែក Todoza ត្រូវបានចាប់ខ្លួន មួយចំនួនត្រូវបណ្តេញចេញ ខ្លះត្រូវពិន័យប្រាក់ និងខ្លះទៀតត្រូវប្រហារជីវិត។ ក្រោយមកសមាគមស្ទើរតែធ្លាក់ចុះ ហើយនៅទីបំផុតរំសាយអំឡុងពេលស្ដារ Meiji Restoration ។

ជនពិការភ្នែកសព្វថ្ងៃ

ទោះបីជាសង្គមពិការភ្នែកលែងមាន ប៉ុន្តែវត្តមានរបស់សមាគមបានក្លាយជាកេរ្តិ៍ដំណែលបន្តក្រោមទម្រង់ Zenshinshikai សមាគមជាតិសម្រាប់អ្នកចាក់ម្ជុលវេជ្ជសាស្ត្រ។

សព្វថ្ងៃនេះមានប្រមាណ ៣០% ក្នុងចំណោម ៩០,០០០ គ្រូពេទ្យចាក់ម្ជុលវិទ្យាសាស្ត្រដែលមានអាជ្ញាប័ណ្ណដំណើរការនៅជប៉ុនគឺជនពិការភ្នែក។

ជាការពិតណាស់ សព្វថ្ងៃនេះជនពិការភ្នែកអាចចូលរួមគ្រប់វិជ្ជាជីវៈ ហើយជាពិសេសសកម្មក្នុងវិស័យកសិកម្ម។ ប៉ុន្តែ​​នៅ​មាន​ជន​ពិការ​ភ្នែក​មួយ​ចំនួន​ដើរតាមគន្លងចាស់ អាជីពដែលមានអាយុកាលរាប់សតវត្ស បង្កើតអត្ថប្រយោជន៍​សម្រាប់សហគមន៍ពិការភ្នែក ទទួលបានអត្ថប្រយោជន៍មួយចំនួននៅក្នុងសង្គមដែលមានទាំងមនុស្សដែល​មិន​ចាត់​ទុក​ជា​មនុស្ស។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: