ជប៉ុនត្រូវការពលករបរទេសចំនួន ៦,៧៤ លាននាក់នៅឆ្នាំ ២០៤០ លើសបច្ចុប្បន្នដល់ទៅ ៤ ដង
ការស្រាវជ្រាវមួយបានបង្ហាញថាជប៉ុនត្រូវការពលករបរទេសចំនួន ៦,៧៤ លាននាក់នៅឆ្នាំ ២០៤០ បើប្រៀបទៅនឹងបច្ចុប្បន្នច្រើនដល់ទៅ ៤ ដង ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
នេះបើតាមគោលការណ៍ទិដ្ឋាការការងារបច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនត្រូវប្រឈមនឹងស្ថានភាពកង្វះពលករបរទេស ជាក់ស្តែងមនុស្សចំនួន ៦៣០,០០០ នាក់នៅឆ្នាំ ២០៣០ (តាមការស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈកន្លងទៅ) ។
ការស្រាវជ្រាវត្រូវបានប្រកាសដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) វិទ្យាស្ថានគ្រប់គ្រងតម្លៃនៃធនាគារអភិវឌ្ឍន៍ជប៉ុន និងភ្នាក់ងារផ្សេងទៀត។ នេះជាការព្យាកររយៈពេលវែងដំបូងនៃប្រភពផ្គត់ផ្គង់ និងតម្រូវការពលករបរទេសនៅប្រទេសជប៉ុន។
ដោយផ្អែកលើកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជប៉ុន ក្រុមស្រាវជ្រាវបានគណនាគោលដៅសម្មតិកម្មសម្រាប់ GDP របស់ជប៉ុនចំនួន ៧០៤,០០០ លានយ៉េនក្នុងឆ្នាំ ២០៤០ កើន ៣៦% ធៀបនឹងតួលេខនៅឆ្នាំ ២០១៥។
អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាជប៉ុនត្រូវការពលករបរទេសចំនួន ៤,១៩លាននាក់នៅឆ្នាំ ២០៣០ និង ៦,៧៤ លានពលករបរទេសនៅឆ្នាំ ២០៤០ ។ ដើម្បីសម្រេចគោលដៅ GDP ការប៉ាន់ប្រមាណទាំងនេះក៏គិតទៅលើការថយចុះចំនួនប្រជាជនដែលបានព្យាករណ៍របស់ជប៉ុនផងដែរ ការកើនឡើងនៃការវិនិយោគលើស្វ័យប្រវត្តិកម្ម និងកត្តាផ្សេងៗទៀត។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន គិតត្រឹមចុងខែតុលា ឆ្នាំ ២០២១ មានពលករបរទេសប្រមាណ ១,៧២៧,០០០ នាក់កំពុងធ្វើការនៅប្រទេសជប៉ុន។ ក្នុងនោះមានប្រមាណ ៣៥០,០០០ សិក្ខាកាមបច្ចេកទេសក្រោមកម្មវិធីសិក្ខាកាមរបស់រដ្ឋាភិបាល និងចំនួន ៣៣០,០០០ នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតក្រោម “Shikaku gai katsudo kyoka” (អាជ្ញាប័ណ្ណប្រតិបត្តិការមិនមែនទិដ្ឋាការ) ។
ឧទាហរណ៍និស្សិតបរទេសអាចទទួលបានអាជ្ញាប័ណ្ណក្រោមកម្មវិធីនេះដើម្បីធ្វើការក្រៅម៉ោង។
ក្រុមស្រាវជ្រាវក៏បានវិភាគប្រជាសាស្រ្ត និងអត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសអាសុីទាំង ១៣ ប្រទេស រួមទាំងប្រទេសចិន និងវៀតណាម ដែលជាប្រភពពលករបរទេសសំខាន់ពីរនៅក្នុងប្រទេសជប៉ុន ក៏ដូចជារយៈពេលជាមធ្យមដែលកម្មករទាំងនេះស្នាក់នៅជប៉ុន។
ក្រុមស្រាវជ្រាវសន្និដ្ឋានថាកំណើនសេដ្ឋកិច្ច ឬអត្រាកំណើតនៅបណ្តាប្រទេសទាំងនេះថយចុះ អាចបង្កើនការប្រកួតប្រជែងអន្តរជាតិសម្រាប់ពលករបរទេសនាពេលអនាគត។
Hana