កន្លែងផលិតស្រោមដៃលេខមួយនៅជប៉ុន និងរឿងរ៉ាវស្នេហាដ៏កំសត់
តើអ្នកធ្លាប់ស្គាល់ខេត្ត Kagawa ដែរទេ? ដែលល្បីជាកន្លែងធ្វើមី Udon ប្រជាជន Kagawa ហៅស្រុកកំណើតរបស់ខ្លួនថា “ខេត្ត Udon” ។ នៅទីនេះមានភោជនីយដ្ឋាន Udon ល្បីៗជាច្រើន។ ដោយផ្ទាល់ខ្ញុំធ្លាប់មានឱកាសទៅលេង ឃើញថានៅគ្រប់ទីកន្លែងសុទ្ធតែ Udon ។
ដោយសារតែពេលខ្លះខ្ញុំចង់ហូប Ramen ដូច្នេះខ្ញុំសាកសួរបុគ្គលិកសណ្ឋាគារកន្លែងលក់ Ramen ហើយទទួលបានចម្លើយថា “មកដល់ Kagawa ត្រូវតែហូប Udon” ។
យ៉ាងណាមិញ មនុស្សមិនច្រើនទេដែលស្គាល់ “ឯកទេស” ផលិតផ្សេងទៀតគឺ “ស្រោមដៃ” ។ ប្រវត្តិនៃការផលិតស្រោមដៃនៅ Kagawa ទាក់ទងនឹងរឿងស្នេហាកំសត់របស់ព្រះសង្ឃ និងនារីទីក្រុងម្នាក់។
ទីក្រុង Higashigawa ស្ថិតនៅភាគខាងកើតខេត្ត Kagawa គឺជា “ទីក្រុងស្រោមដៃ” ពួកគេផលិតស្រោមដៃក្នុងគោលបំណងខុសៗគ្នាដូចជាការពាររងា ម៉ូដ កីឡា ជាដើម។ ស្រោមដៃនៅទីនេះត្រូវបានផលិតដោយសិប្បករជំនាញ គុណភាពលេខមួយនៅជប៉ុន ហើយត្រូវបានលក់ក្នុងតម្លៃសមរម្យ។
តាមពិតទៅមិនសូវមានអ្នកដឹងរឿងស្នេហាកំសត់ ដែលបានក្លាយជាកន្លែងចាក់ឫសផលិតស្រោមដៃនោះទេ។
ចូរយើងត្រលប់ទៅអំឡុងពេល ១៣០ ឆ្នាំមុន ដើម្បីស្តាប់រឿងនេះ។
នៅពេលដែលយុគសម័យសាមូរ៉ៃបញ្ចប់ ជាការចាប់ផ្តើមនៃសម័យ Meiji ដែលជាយុគសម័យជប៉ុនឈានទៅមុខយ៉ាងលឿនឆ្ពោះទៅរកផ្លូវទំនើបកម្ម។ រឿងនេះកើតឡើងក្នុងភូមិ Shiratori ទីក្រុង Higashikagawa ។
ក្នុងភូមិមានប្រាសាទមួយឈ្មោះថា Senkou ជាកន្លែងដែលព្រះសង្ឃ Futago Shunrei បួស ចំណែកនារីនោះមានឈ្មោះថា Miyoshi Takeno អាយុ ១៩ ឆ្នាំ។
ទោះបីជាសម័យសាមូរ៉ៃ ច្បាប់ទម្លាប់តឹងរ៉ឹងចងភ្ជាប់ស្នេហាបានបញ្ចប់ អំឡុងពេលយូរក្រោយមកទើបមនុស្សអាចស្រលាញ់គ្នាដោយសេរី។ មិនត្រឹមតែប៉ុណ្ណឹង Shunrei ពេលនោះអាយុ ៣៤ ឆ្នាំចាស់ជាង Takeno ១៥ ឆ្នាំ។ ស្នេហារបស់ពួកគេទាំងពីរត្រូវអ្នកភូមិប្រឆាំងយ៉ាងខ្លាំង ប៉ុន្តែគូស្នេហ៍មួយគូនេះសម្រេចចិត្តធ្វើគ្រប់យ៉ាងដើម្បីស្នេហា ដោយកាន់ដៃគ្នារត់ទៅ Osaka សង្ឃឹមថាអាចស្វែងរកដែនដីសន្យា កន្លែងចាប់ផ្តើមស្នេហារបស់ពួកគេ។
យ៉ាងណាមិញ ជីវិតនៅកន្លែងដែលគ្មានអ្នកណាស្គាល់មិនងាយនោះទេ Shunrei បានតែដើរជុំវិញទីក្រុងសុំអាហារ ទទួលការបរិច្ចាគរបស់ប្រជាជនដើម្បីរស់នៅប្រចាំថ្ងៃ។ ចំណែក Takeno នាងរកបានការងារមួយចំនួន ទទួលបានកម្រៃបន្តិចបន្តួច។ ក្នុងចំណោមការងាររបស់ Takeno គឺធ្វើស្រោមដៃគ្មានម្រាម (ហៅថា Tegutsu) ។ Shunrei មើលឃើញ ហើយគិតថាអាចលក់ Tegutsu ដូច្នេះបានបបួលក្រុមយុវជន រួមទាំងបងប្អូនជីដូនមួយរបស់ Takeno មកពីស្រុកកំណើត Kagawa រួមគ្នាផលិត និងលក់ក្នុងទ្រង់ទ្រាយធំ។
ឆ្លងកាត់ការលំបាកជាច្រើន ដោយគិតថាអាចរស់នៅ និងរីករាយជាមួយសុភមង្គល ស្រាប់តែ Shunrei ស្លាប់ព្រោះតែជំងឺ។ សេចក្តីស្លាប់កើតឡើងភ្លាមៗ ត្រឹមរយៈពេល ៥ ឆ្នាំចាប់តាំងពីពេលពួកគេមកដល់ Osaka ។
ក្រោយមក Takeno និងបងប្អូនជីដូនមួយត្រលប់ទៅ Kagawa ហើយចាប់ផ្តើមធ្វើស្រោមដៃនៅស្រុកកំណើត។ នេះក៏ជាការចាប់ផ្តើមអាជីពផលិតស្រោមដៃនៅ Kagawa ផងដែរ។ កាលពីមុន ប្រជាជននៅ Higashikagawa រកប្រាក់ចំណូលតាមរយៈការផលិតស្ករ និងអំបិល ប៉ុន្តែដោយសារផលិតផលថោកនាំចូលពីបរទេស ទីក្រុងទាំងមូលធ្លាក់ចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងណា នេះជាឱកាសដ៏ល្អសម្រាប់វិស័យផលិតស្រោមដៃ។
តាមការស្រាវជ្រាវស្រោមដៃរបស់អាឡឺម៉ង់ សិប្បករមិនចង់ចាញ់បានបង្កើតម៉ាស៊ីនដេរឯកទេស។ ការផលិតស្រោមដៃបានក្លាយទៅជាឧស្សាហកម្មមានសក្ដានុពល ដូចជាអ្នកសង្គ្រោះទីក្រុងទាំងមូល។
សម័យកាលផ្លាស់ប្តូរ សង្គ្រាមលោកលើកទី ១ ផ្ទុះឡើង។ អាឡឺម៉ង់ដែលជាកន្លែងផលិតស្រោមដៃធំជាងគេនៅលោកខាងលិច ប៉ុន្តែទាំងប្រទេសអង់គ្លេស និងអាឡឺម៉ង់សុទ្ធតែផ្តោតលើសង្គ្រាម។ អង់គ្លេសមិនអាចនាំចូលស្រោមដៃពីអាល្លឺម៉ង់តទៅទៀត ដូច្នេះពួកគេជ្រើសប្តូរប្រភពផ្គត់ផ្គង់ផ្សេងគឺជប៉ុន។ Higashikagawa ទទួលខុសត្រូវការបញ្ជាទិញពីបរទេស។
ដើម្បីគ្រប់គ្រងការបញ្ជាទិញច្រើនពីអង់គ្លេស រោងចក្រត្រូវបានពង្រីកយ៉ាងឆាប់រហ័ស។ Higashikagawa ស្រាប់តែកកកុញ អភិវឌ្ឍទៅជាទឹកដីអ៊ូអរ និងរីកចម្រើន។
រូបភាព https://intojapanwaraku.com/culture/185287/
នៅក្នុងយុគសម័យមាស Higashikagawa កាន់កាប់ចំណែក ៩០% នៃទីផ្សារស្រោមដៃទូទាំងប្រទេស។ បើគ្មាន Shunrei និង Takeno នឹងមិនមានឧស្សាហកម្មផលិតស្រោមដៃនៅ Higashikagawa នោះទេ។ មិននឹកស្មានអាជីពដែលអ្នកទាំងពីរបានជួយសង្គ្រោះទឹកដី កន្លែងដែលពួកគេទាំងពីរហៅថាស្រុកកំណើត ប៉ុន្តែបង្ខំពួកគេឲ្យចាកចេញ។
មិនដឹងថាគូរស្នេហ៍ដែលរងទុក្ខយ៉ាងខ្លាំង សូម្បីតែពាក់កណ្តាលជីវិតចុងក្រោយក៏មិនទាន់ទទួលបានសុភមង្គលនឹងមានអារម្មណ៍យ៉ាងណាចំពោះការអភិវឌ្ឍន៍ទីក្រុងនេះ។
រហូតមកដល់ពេលនេះ សិប្បករដែលមានជំនាញនៅតែបន្តប្រពៃណីផលិតស្រោមដៃ ដោយរក្សាទីក្រុងផលិតស្រោមដៃដែលល្បីទូទាំងប្រទេស និងនៅលើពិភពលោក។
ធ្វើក្រចកកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសជប៉ុន រួមជាមួយនឹងការបញ្ជាទិញស្រោមដៃគ្មានម្រាមកាន់តែច្រើនឡើង ដើម្បីបង្ហាញក្រចកដ៏ស្រស់ស្អាតរបស់ពួកគេ ដូច្នេះហើយឧស្សាហកម្មផលិតស្រោមដៃនៅ Higashikagawa នៅតែរីកចម្រើនយ៉ាងពេញទំហឹង។ ខ្ញុំសង្ឃឹមថាពេលប្រើស្រោមដៃគុណភាពដែលផលិតនៅទីនេះ យើងនឹងចងចាំរឿងស្នេហាកំសត់របស់ Shunrei និង Takeno ក៏ដូចជាការខិតខំប្រឹងប្រែងព្រោះស្នេហារបស់ពួកគេ។
Kengo Abe