រឿងអ្នកទោសប្រហារជីវិត និងសោកនាដកម្មកើតឡើងចំពោះក្រុមគ្រួសារ
មិនថានៅប្រទេសណាក៏ដោយ ប្រព្រឹត្តខុសត្រូវទទួលទោស។
ថ្វីត្បិតតែមានភាពមិនស្របគ្នាចំពោះការផ្តន្ទាទោសឧក្រិដ្ឋជនណាមួយធ្ងន់ពេក ឬស្រាលពេក ខ្ញុំគិតថាមនុស្សតិចណាស់ដែលជំទាស់នឹងការដាក់ទោសឧក្រិដ្ឋជន។ ចុះករណីមនុស្សម្នាក់ត្រូវមូលបង្កាច់វិញ?
ហើយបើទោះជាបានប្រព្រឹត្តបទល្មើស តើអ្នកគិតយ៉ាងណាចំពោះគ្រួសាររបស់ពួកគេត្រូវសង្គមដាក់ទោស?
មុននឹងឆ្លើយសំណួរ សូមអានរឿងខាងក្រោមនេះ។
រឿងនេះក៏ទើបតែកើតឡើងដែរ កាលពីខែមិថុនា ឆ្នាំ ២០២១ ។
នៅអាកាសយានដ្ឋានអន្តរជាតិ Kansai នៅ Osaka ស្រ្តីអាយុ ៣៧ ឆ្នាំម្នាក់ឳបក្មេងស្រីអាយុ ៤ ឆ្នាំ លោតពីលើស្ពាន Sky Gate Bridge R ធ្វើអត្តឃាត។
ស្ត្រីនោះជាកូនស្រីរបស់អ្នកទោសប្រហារជីវិត Hayashi Masumi ចំណែកក្មេងស្រីជាកូនរបស់នាង។
នៅមុនពេលកើតហេតុ នាយកដ្ឋានពន្លត់អគ្គីភ័យទទួលបានរបាយការណ៍ពីស្ត្រីអាយុ ៣៧ ឆ្នាំ (នៅជប៉ុនការផ្តល់រថយន្តសង្គ្រោះបន្ទាន់ស្ថិតក្រោមសមត្ថកិច្ចរបស់នាយកដ្ឋានពន្លត់អគ្គីភ័យ) ។ មូលហេតុមកពីកូនស្រីច្បងបាត់បង់ស្មារតី ពេលរថយន្តពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុបានបញ្ជាក់ថា កូនស្រីអាយុ ១៦ ឆ្នាំស្លាប់បាត់ទៅហើយ។ មូលហេតុស្លាប់ដោយសាររងរបួសធ្ងន់ ទំនងជានាងត្រូវគេធ្វើបាបរាងកាយរាល់ថ្ងៃ។ ប៉ុន្តែភាគីប្រើអំពើហិង្សាជាក្រុមគ្រួសារ ឬជាសាលាមិនទាន់ដឹងច្បាស់ទេ។
ឥឡូវនេះងាកមកមើលរឿងអ្នកទោសប្រហារជីវិត Masumi Hayashi (ម្តាយរបស់តួអង្គខាងលើ)។
នៅឆ្នាំ ១៩៩៨ ក្នុងព្រឹត្តិការណ៍សមាគមសង្កាត់ ជនរងគ្រោះ ៤ នាក់ រួមមានសិស្សបឋមសិក្សា និងសិស្សវិទ្យាល័យស្លាប់ដោយសារបរិភោគការីដែលមានជាតិពុល។ រហូតដល់ឆ្នាំ ២០១៩ តុលាការកំពូលកំណត់ទោសប្រហារជីវិតចំពោះ Masumi Hayashi ដែលចាត់ទុកជាមេក្លោង។ នៅពេលនោះអ្នកទោសត្រូវឃុំខ្លួននៅមណ្ឌលឃុំឃាំង Osaka ។
Masumi Hayashi មានកូនបួននាក់។ អ្នកដែលឱបកូនធ្វើអត្តឃាតជាកូនច្បង នៅពេលដែលករណីរបស់ម្តាយនាងបានកើតឡើង នាងគ្រាន់តែជាសិស្សវិទ្យាល័យម្នាក់។ ករណីនេះគឺជានរកនៃគ្រួសារមួយ។
កូនស្រីច្បងសួរម្តាយដែលត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំង Osaka ថា៖
“តើម៉ែពិតជាបានធ្វើដូច្នេះមែនទេ? សូមប្រាប់អោយកូនដឹងការពិត” ។
នៅចំពោះមុខកូនដែលមិនអាចទប់ចិត្តបាន Masumi Hayashi ឆ្លើយថា “ម៉ែមិនបានធ្វើដូច្នេះទេ” ។
ទោះបីជានាងបន្តរៀនវិទ្យាល័យក៏ពិតមែន ប៉ុន្តែក្រោយពេល ១ ឆ្នាំនាងឈប់រៀន ហើយទៅធ្វើការនៅ Osaka ។ ដោយគ្មានសាច់ញាតិពឹងផ្អែក ប្រហែលមួយសប្តាហ៍នាងក្លាយជាមនុស្សគ្មានផ្ទះសម្បែង។ ក្រុមហ៊ុន និងហាងក្រៅម៉ោងដឹងរឿងនេះក៏បានបណ្តេញនាង ហើយរឿងនេះបន្តកើតឡើងម្តងហើយម្តងទៀតមិនចេះចប់។
កូនទាំង ៤ នាក់ក្នុងគ្រួសារជឿថា ម្តាយរបស់គេគ្មានកំហុស ទោះជាយ៉ាងណា ការដែលម្តាយរបស់ពួកគេ (នៅពេលនោះ) ស្ថិតក្រោមការកាត់ទោសប្រហារជីវិត ក្នុងក្រសែភ្នែកសង្គមច្បាស់ណាស់ទៅហើយ។ ក្នុងនាមជាពាណិជ្ជករ ក៏មិនអាចបន្ទោសអាជីវកម្មមិនព្រមជួលកូនអ្នកទោសដែរ។
ទោះបីជាសង្គមទាំងមូលមិនអើពើ កូនស្រីច្បងនៅតែស៊ូទ្រាំរស់នៅ។ ថ្វីត្បិតតែជួបទុក្ខលំបាក នាងនៅតែអាចរកបានដៃគូជីវិត ថែមទាំងនាំកូនរបស់ខ្លួន (ចៅរបស់ Masumi Hayashi) ទៅសួរសុខទុក្ខយាយ។ កូនស្រីតែងជឿថា ម្ដាយគ្មានកំហុស ហើយតាំងចិត្តតស៊ូដល់ទីបញ្ចប់។
ទោះជាយ៉ាងណា តុលាការកំពូលបានសម្រេចដាក់ទោសប្រហារជីវិត។ លុះត្រាតែមានករណីពិសេស បើមិនដូច្នេះសាលក្រមមិនអាចលុបចោលបានទេ
ចាប់ពីពេលកាត់សេចក្តីមក កូនស្រីមិនបានបង្ហាញខ្លួនក្នុងការប្រជុំអ្នកគាំទ្រម្តងណាឡើយ។ ហើយលទ្ធផលរបស់នាងដូចដែលបានឃើញនៅដើមអត្តបទ។
Masumi Hayashi តែងតែបដិសេធកំហុសរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ភស្តុតាងដោយប្រយោល (ភស្តុតាងផ្អែកលើការប៉ាន់ស្មាន ឧទាហរណ៍ស្នាមម្រាមដៃ ផ្ទុយនឹងភស្តុតាងផ្ទាល់បញ្ជាក់ពីការពិត ដែលមិនចាំបាច់សន្និដ្ឋាន ឬភស្តុតាងផ្សេងទៀតទេ) សុទ្ធតែប្រឆាំងនឹងគាត់ ហើយឈានដល់ការកាត់ទោសប្រហារជីវិត។
សាលក្រមត្រូវបានធ្វើឡើង ប៉ុន្តែ Masumi Hayashi ពិតជាមេក្លោងមែនឬ ហើយតើគាត់គួរទទួលទោសប្រហារជីវិតដែរទេ?
ជាងនេះទៅទៀត មិនថាអ្នកគិតយ៉ាងណានោះទេ សមាជិកគ្រួសាររបស់ Masumi Hayashi មិនបានប្រព្រឹត្តខុសអ្វីឡើយ។ ដូច្នេះ តើត្រឹមត្រូវទេដែលពួកគេត្រូវរស់នៅយ៉ាងវេទនា ហើយរងទុក្ខបែបនេះ?
អ្នកដែលកំពុងទទួលទោសប្រហារជីវិតទទួលបានដំណឹងកូនស្រីធ្វើអត្តឃាត នឹងមានអារម្មណ៍បែបណា? នៅពេលនោះកំហុសស្ថិតនៅលើប្រព័ន្ធច្បាប់ ឬប្រព័ន្ធផ្សព្វផ្សាយ?
ចម្លើយមិនងាយនោះទេ ប៉ុន្តែចូរសួរខ្លួនឯង តើអ្នកមានអារម្មណ៍យ៉ាងណាពេលអានព័ត៌មានបែបនេះ?
Kengo Abe