សាលាបឋមសិក្សាជប៉ុនប្រើគំនូររបស់សិស្សធ្វើ Sticker ប្រឆាំងនឹងបញ្ហាសម្លុតធ្វើបាប
សមាគមមាតាបិតា និងគ្រូបង្រៀន (PTA) នៅសាលាបឋមសិក្សាមួយក្នុងទីក្រុងភាគខាងកើតប្រទេសជប៉ុន បានបង្កើត Sticker លើកម្មវិធីផ្ញើសារ Line ដែលមានប្រធានបទប្រឆាំងការគំរាមកំហែង។
Sticker ទាំងនេះត្រូវបានបង្កើតពីគំនូររបស់សិស្សសាលាបឋមសិក្សាទីក្រុង Yokohama Yamauchi សង្កាត់ Aoba ។ អក្សរលើកទឹកចិត្តដែលប្អូនៗគិតឃើញក៏ត្រូវបានបញ្ចូលក្បែរគំនូរផងដែរ។
នាយកសាលា Seijun Sato បាននិយាយថា “ខ្ញុំសង្ឃឹមថាអ្នកដែលប្រើ Sticker នឹងមានអារម្មណ៍កក់ក្តៅ” ។
Sticker មួយចំនួននៃកម្មវិធីផ្ញើសារឥតគិតថ្លៃ Line ត្រូវបានបង្កើតឡើងដោយផ្អែកលើរូបភាពសិស្សសាលាបឋមសិក្សា Yamauchi ។
(រូបភាពនេះបានមកពី dokukinoko)
គំរូ Sticker មានចំនួន ១៧៨ រួមជាមួយនឹងខ្លឹមសារ “អរគុណ” “អ្នកធ្វើបានល្អណាស់” “ខ្ញុំតែងតែនៅក្បែរអ្នក” ជាដើម។ ជាមួយនឹងតួអង្គ mascot របស់សាលា Keyaleaf ត្រូវបានបង្កើតឡើងដោយផ្អែកលើរូបភាពស្លឹកឈើ Zelkova ជប៉ុន។
Sticker ត្រូវបានបង្កើតឡើងក្រោមចំណែករបស់វិចិត្រការិនី Dokukinoko ។ វិចិត្រការិនីរូបនេះក៏មានកូនស្រីម្នាក់កំពុងរៀនបឋមសិក្សាផងដែរ។ នាងបានបង្កើត Sticker ដោយផ្អែកលើ Keyaleaf ជាមួយ PTA ក្នុងឆ្នាំ ២០១៩ ហើយចាប់ផ្តើមគម្រោងមួយផ្សេងទៀតនៅឆ្នាំ ២០២០ ដើម្បីបង្កើត Sticker ដោយផ្អែកលើគំនូររបស់សិស្ស។ គម្រោងនេះទទួលបានគំនូរពីសិស្សប្រមាណ ១០០ នាក់។
Dokukinoko យកឈ្នះរង្វាន់ខ្ពស់បំផុតនៃប្រភេទគំនូរ “yuru-chara” កាលពីខែមករា ឆ្នាំ ២០២១ ក្នុងការប្រកួតក្រោមប្រធានបទប្រឆាំងការធ្វើអត្តឃាតព្រោះជួបបញ្ហាសម្លុតធ្វើបាប ដែលរៀបចំដោយអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅទីក្រុងតូក្យូ។
ក្នុងអំឡុងពេលពិភាក្សាជាមួយថ្នាក់ដឹកនាំសាលា នាងស្នើឱ្យបង្កើត Sticker Line ជាមួយនឹងប្រធានបទការពារការសម្លុតធ្វើបាប។ នៅខែមិថុនា ក្រុមចាប់ផ្តើមប្រមូលរូបភាព និងអក្សរលើកទឹកចិត្តដ៏កក់ក្តៅសម្រាប់មិត្តភក្តិ ហើយទទួលបានស្នាដៃពីសិស្សចំនួន ១៧៨ នាក់។
អ្នករចនាត្រូវចំណាយពេលប្រហែលមួយខែដើម្បីបញ្ចប់ Sticker ដោយស្កែនគំនូរនីមួយៗនៅលើកុំព្យូទ័រ។ កាលនៅរៀន Dokukinoko ក៏ធ្លាប់ត្រូវគេសម្លុតធ្វើបាប នាងបាននិយាយថា៖
“នៅពេលនោះ ការសម្លុតធ្វើបាបមានទាំងការបៀតបៀនផ្លូវកាយ និងពាក្យសំដី ប៉ុន្តែយូរៗទៅកាន់តែពិបាកមើលដឹងតាមសំបកក្រៅ ដូចជាការគំរាមកំហែងតាមបណ្តាញសង្គមជាដើម។ ខ្ញុំសង្ឃឹមថាយើងអាចយល់ និងប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយទំនាក់ទំនងស៊ីវិល័យ មិនមែនធ្វើបាបគ្នាទៅវិញទៅមកទេ” ។
Sticker Line ទាំងនេះត្រូវបានសមាគមមាតាបិតា និងគ្រូបង្រៀនសាលាលក់តាំងពីខែកញ្ញា។ ពួកគេបាននិយាយថានឹងពិចារណារបៀបប្រើប្រាស់ប្រាក់ចំណូលសម្រាប់សិស្ស។
AD