គ្រូបង្រៀនជនជាតិជប៉ុនលក់ព័ត៌មានសិស្សនៅលើ Twitter ព្រោះតែជួបបញ្ហាហិរញ្ញវត្ថុ
គ្រូបង្រៀនបឋមសិក្សាម្នាក់នៅទីក្រុង Ichikawa Misato, Yamanashi ធ្វើអោយបែកធ្លាយព័ត៌មានបុគ្គល ដែលរួមមានឈ្មោះ និងអាសយដ្ឋានសិស្សចំនួន ២៩ នាក់នៅសាលារបស់ខ្លួនលើ Twitter ។ ព័ត៌មានត្រូវបានប្រកាសដោយក្រុមប្រឹក្សាអប់រំមូលដ្ឋាននៅថ្ងៃទី ២៩ ខែមករា។
យោងទៅតាមក្រុមប្រឹក្សាអប់រំទីក្រុង Ichikawamisato គ្រូបង្រៀនវ័យ ២០ ឆ្នាំសរសេរលើ Tweet ថា “កំពុងជួបបញ្ហាហិរញ្ញវត្ថុ” កាលពីថ្ងៃទី ២៤ ខែមករា។
លោក Yumi Aikawa អគ្គនាយកក្រុមប្រឹក្សាអប់រំទីក្រុង Ichikawamisato (ខាងឆ្វេង) និងនាយិកាអប់រំ Wataru Watai កំពុងឱនក្បាលសុំទោស ព្រោះគ្រូម្នាក់ដែលស្ថិតក្រោមការគ្រប់គ្រងធ្វើអោយបែកធ្លាយព័ត៌មាន (រូបភាពនៅសាលាក្រុង Ichikawamisato ខេត្ត Yamanashi នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២) ។
បន្ទាប់មកគ្រូម្នាក់នេះត្រូវគណនីមួយដែលអះអាងថាកំពុងដំណើរការ “អាជីវកម្មប្រាក់កម្ចីបុគ្គល” ទាក់ទងមក។ ម្ចាស់គណនីបាននិយាយថា “នឹងទិញព័ត៌មានបុគ្គលរបស់សិស្ស” ។ គ្រូបង្រៀនទាញយកបញ្ជីឈ្មោះដាក់ក្នុងកុំព្យូទ័រ បោះពុម្ព ថតរូប ហើយផ្ញើទៅអោយបុគ្គលនោះតាមរយៈសារផ្ទាល់នៅលើ Twitter ។
នៅថ្ងៃទី ២៧ ខែមករា អ្នកដែលអះអាងថាកំពុងដំណើរការអាជីវកម្មប្រាក់កម្ចីបុគ្គលនោះបង្ហោះរូបភាពបិទបាំងខ្មៅ លើកលែងតែចំនួនសិស្សដែលព័ត៌មានត្រូវបែកធ្លាយ និង Caption “គ្រូបង្រៀនលក់ព័ត៌មានសិស្ស” ។
Tweet ក៏មានរូបថត និងឈ្មោះរបស់គ្រូម្នាក់នោះផងដែរ។ បុគ្គលិកមូលដ្ឋានម្នាក់រកឃើញ Tweet នៅព្រឹកថ្ងៃបន្ទាប់។
បញ្ជីឈ្មោះដែលបែកធ្លាយរួមមានព័ត៌មានផ្ទាល់ខ្លួនរបស់សិស្សចំនួន ២៩ នាក់ ថ្នាក់ទី ៣ និងទី ៤ ។ បញ្ជីនេះក៏បង្ហាញអំពីភេទ ឈ្មោះឪពុកម្តាយ ឬអាណាព្យាបាល ក៏ដូចជាអាស័យដ្ឋានទំនាក់ទំនងបន្ទាន់ផងដែរ។
គ្រូបានសារភាពចំពោះក្រុមប្រឹក្សាអប់រំថា “ខ្ញុំជួបបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយចាញ់បោកអ្នកដទៃ។ ខ្ញុំមានអារម្មណ៍ថាមានកំហុសនឹងប្អូនៗ និងអាណាព្យាបាលរបស់ពួកគេ” ។
គាត់ក៏បានបកស្រាយបន្ថែមថាមិនទាន់ទទួលបានប្រាក់តាមរយៈការលក់ព័ត៌មាននេះទេ។ អាជ្ញាធរមិនទាន់បញ្ជាក់ការប្រើប្រាស់ខុសច្បាប់ណាមួយនៃទិន្នន័យលេចធ្លាយនោះទេ។
ប្រធានផ្នែកអប់រំទីក្រុង Ichikawamisato បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៩ ខែមករាថា “នេះជាអ្វីដែលមិនគួរកើតឡើង យើងសុំទោសដោយស្មោះចំពោះប្អូនៗ និងអាណាព្យាបាល ក៏ដូចជាអ្នករងផលប៉ះពាល់ដោយាសារករណីនេះ” ។
គណនី Twitter ដែលបង្ហាញព័ត៌មានត្រូវបានលុបចោល ក្រុមប្រឹក្សាអប់រំបានពិគ្រោះយោបល់ជាមួយនាយកដ្ឋានប៉ូលីស Kajikazawa ខេត្ត Yamanashi ចំពោះករណីនេះ ហើយដាក់ពាក្យប្តឹងគ្រូបង្រៀនម្នាក់នោះ ក៏ដូចជាអ្នកនៅពីក្រោយគណនី Twitter អនាមិកនោះ (ដែលឥឡូវត្រូវបានលុបចោល) ។
AD