Toyota បង្កើតយានជំនិះជួយមនុស្សរុករក និងតាំងលំនៅលើឋានព្រះច័ន្ទ

ក្រុមហ៊ុនផលិតរថយន្ត Toyota បានអោយដឹងថាខ្លួននឹងសហការជាមួយទីភ្នាក់ងារអវកាសជប៉ុន ដើម្បីអភិវឌ្ឍ​យាន​ជំនិះ​រុក​រក​ឋាន​ព្រះច័ន្ទ។

យានជំនិះមានឈ្មោះថា Lunar Cruiser ដែលជាឈ្មោះបានមកពីរថយន្តពេញនិយមរបស់ក្រុមហ៊ុន Toyota Land Cruiser ។

Toyota គ្រោងនឹងដាក់បង្ហាញរថយន្តនេះនៅចុងឆ្នាំ ២០២០ ។ បន្ទាប់មក Lunar Cruise នឹងបង្ហោះទៅកាន់អវកាសដើម្បីរុករកព្រះច័ន្ទ។  លើស​ពី​នេះ​ជួយ​មនុស្សឱ្យតាំងលំនៅលើផ្កាយរណបរបស់ផែនដីនៅឆ្នាំ ២០៤០ ផង​ដែរ។

លោក Takao Sato ប្រធានគម្រោងបាននិយាយថា យានជំនិះនេះផ្អែកលើគំនិតមនុស្សអាចបរិភោគ ធ្វើការ គេង និងទំនាក់ទំនងជាមួយអ្នកដទៃដោយសុវត្ថិភាពក្នុងរថយន្ត។ លោកសង្ឃឹមថាយានរុករកឋានព្រះច័ន្ទនេះអាច​បម្រើ​គោល​បំណងស្រដៀងគ្នាក្នុងលំហ។

លោក Takao Sato មានប្រសាសន៍ថា “យើងចាត់ទុកលំហ​ជា​តំបន់​សម្រាប់អភិវឌ្ឍ​ក្នុង​សតវត្ស​បន្ទាប់។ ដោយចូលទៅក្នុងលំហ យើងអាចអភិវឌ្ឍទូរគមនាគមន៍ និងបច្ចេកវិទ្យាជាច្រើនទៀតដែលនាំមកនូវតម្លៃដល់ជីវិតរបស់មនុស្ស” ។

ក្រុមហ៊ុនមួយទៀត Gitai Japan ដែលកំពុងសហការជាមួយ Toyota ដើម្បីអភិវឌ្ឍដៃមនុស្សយន្តសម្រាប់ Lunar Cruiser ។ ដៃនេះត្រូវបានរចនាឡើងដើម្បីអនុវត្តការងារដូចជាត្រួតពិនិត្យ ថែទាំយានយន្ត និងបញ្ចូលដំណើរជា​មួយ​ឧបករណ៍​ផ្សេងៗ។ ឧបករណ៍ទាំងនេះអាចប្រើសម្រាប់ស្រាវ​ជ្រាវ​ផ្ទៃព្រះច័ន្ទបន្ថែម។

វិស្វកររបស់ Toyota លោក Shinichiro Noda គិតថាគម្រោងព្រះច័ន្ទអាចពង្រីកវិសាលភាពសេវាកម្មបម្រើអតិថិជន​ទៅ​កាន់​កន្លែង​មួយក្រៅផែន​ដី។

លោក Shinichiro Noda បាននិយាយថា “រថយន្ត Toyota មានលក់ស្ទើរតែគ្រប់ទីកន្លែង ប៉ុន្តែ​គម្រោង​នេះដើម្បី​នាំយក​ផលិតផល Toyota ទៅដល់កន្លែងមួយដែល​យើង​មិន​ធ្លាប់​ទៅ” ។

ការចាប់អារម្មណ៍ចំពោះលំហអាកាសរបស់ជប៉ុនកាន់តែច្រើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្រុមហ៊ុនរុករកអវកាសជប៉ុន iSpace កាលពីខែមេសាឆ្នាំមុន បានប្រកាសថាខ្លួននឹងបញ្ជូនអ្នករុករកដែលមកពីប្រទេស​អារ៉ាប់​រួម (UAE) ទៅកាន់ឋានព្រះច័ន្ទក្នុងឆ្នាំ ២០២២ ។

iSpace របស់ជប៉ុននឹងផ្គត់ផ្គង់យានចុះចតដើម្បីដឹកឧបករណ៍រុករក UAE ។ ក្រុមហ៊ុនគ្រោងនឹងបាញ់បង្ហោះយានចុះចតនៅលើរ៉ុក្កែត Falcon 9 ដែលផលិតដោយក្រុមហ៊ុនអាមេរិក SpaceX ។

ពលរដ្ឋ​ជប៉ុន​ដំបូង​គេ​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​អវកាសគឺលោក​មហាសេដ្ឋី Yusaku Maezawa ។ គាត់បានចំណាយ​ពេល ១២ ថ្ងៃនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) កាលពីខែធ្នូឆ្នាំមុន។

បន្ទាប់ពីធ្វើដំណើរលោក Yusaku Maezawa គ្រោងនឹងចូលរួមដំណើរកម្សាន្តជុំវិញព្រះច័ន្ទដែលរៀបចំដោយ Starship របស់ SpaceX ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: